(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងលោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោក-លោកស្រី អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ-លោកប្រធានអង្គភាពចំណុះនាយកដ្ឋាន និងមន្រ្តីជំនាញ សរុបប្រមាណ ៤០រូបផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក យឹម លាង បានកោតសរសើរដល់ថ្នាក់ដឹកនាំនាយកដ្ឋានអង្គរក្សគ្រប់ជាន់ថ្នាក់ ដែលបានបំពេញភារកិច្ចប្រកបដោយឆន្ទៈខ្ពស់ ខិតខំអស់ពីកម្លាំងកាយចិត្តរហូតទទួលបានជោគជ័យ គ្រប់ភារកិច្ចកន្លងមក។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានណែនាំដល់ថ្នាក់ដឹកនាំនាយកដ្ឋាន នូវកិច្ចការដែលត្រូវបន្តពង្រឹងបន្តទៀត ដូចខាងក្រោម៖

*ទី១៖ បន្តពង្រឹងនូវកិច្ចការងារការពារព្រះរាជសុវត្ថិភាពថ្វាយ ព្រះករុណា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ជូនឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ និងកម្មវិធីផ្សេងៗ

*ទី២៖ ពង្រឹងវេនប្រចាំការ ២៤/២៤ម៉ោង ត្រៀមកម្លាំងសហការ និងចេញអន្តរាគមន៍ឲ្យបានទាន់ពេលវេលា នៅពេលទទួលបានបទបញ្ជាពីថ្នាក់លើ

*ទី៣៖ សូមបន្តសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវចេះសហការគ្នា អនុវត្តការងារ និងរាយការណ៍ទៅតាមឋានានុក្រម និងត្រូវសហការល្អជាមួយបណ្តាស្ថាប័នពាក់ព័ន្ធផងដែរ

*ទី៤៖ តាមបណ្ដាលការិយល័យ-អង្គភាពចំណុះនាយកដ្ឋាន ត្រូវរៀបចំរបបប្រជុំប្រចាំខែឲ្យបានទៀតទាត់

*ទី៥៖ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង និងបញ្ហាចរារណ៍៕