(ភ្នំពេញ)៖ វេទិកាពិភាក្សាស្តីពី «នយោបាយការទូតសភា» របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបើកឡើងនៅថ្ងៃទី១៩ មិថុនា ២០២៥ ខណៈការចូលមកដឹកនាំស្ថាប័នព្រឹទ្ធសភារបស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន បានជំរុញឱ្យសកម្មភាពការទូតសភា កាន់តែសកម្មនិងលេចធ្លោលើឆាកអន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន បានក្លាយជាប្រធានព្រឹទ្ធសភា នៃព្រះ រាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

វេទិកាពិភាក្សា ស្តីពីនយោបាយការទូតសភារបស់កម្ពុជា ដែលបានប្រព្រឹត្តទៅក្នុងបរិវេណវិមានព្រឹទ្ធសភា គឺជាវេទិកា ដែលរៀបចំឡើយដោយ «ក្លឹបកាសែតកម្ពុជា» ដោយមានកិច្ចសហការជាមួយគណៈកម្មការទី៥ ព្រឹទ្ធសភា។ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាអ្នកនាំពាក្យ ព្រឹទ្ធសភា គឺជាវាគ្មិន នៅក្នុងវេទិកាពិភាក្សាលើកទីមួយ ជាមួយនឹងអ្នកសារព័ត៌មានខ្មែរចំនួនជាង៧០រូប។

នយោបាយការទូតសភា គឺសំដៅលើទម្រង់នៃទំនាក់ទំនងអន្តរជាតិ ដែលសមាជិកសភា ឬស្ថាប័ននីតិប្បញ្ញត្តិ ធ្វើកិច្ចសហប្រតិបត្តិការជាមួយសភា ឬស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសដទៃ ក្នុងគោលបំណង លើកកម្ពស់មិត្តភាព សន្តិភាព និងការយល់ដឹងគ្នាទៅវិញទៅមក។ នយោបាយការទូតសភារបស់កម្ពុជា គឺជាវិធីសាស្ត្រនៃការជួយបំពេញបន្ថែមគោលនយោបាយការបរទេសផ្លូវការរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យនយោបាយការទូតរបស់កម្ពុជាកាន់តែលេចធ្លោ និងមានការគាំទ្រជាអន្តរជាតិ។

ឯកឧត្តម ចែម វិឌ្យ៉ា ក្នុងវេទិកាពិភាក្សា បានពន្យល់នូវអ្វី ដែលជានយោបាយការទូតរបស់រដ្ឋ និងអ្វីដែលជានយោបាយការទូតសភា។ លោកបានថ្លែងបញ្ជាក់ថា «នយោបាយការទូតរបស់រដ្ឋ មានលក្ខណៈចង Binding រីឯនយោបាយការទូតសភា មានលក្ខណៈមិនចងឡើយ Non-Binding មានន័យថា នយោបាយការទូតសភា មានអំណាចនយោបាយ ដើម្បីជួយលើវិស័យការទូតរបស់រដ្ឋ គឺការធ្វើទំនាក់ទំនងជាមួយនឹងសភាបរទេសនានា ដើម្បីបង្កលក្ខណៈសម្បត្តិឱ្យមានភាពងាយស្រួល ជួយនយោបាយការទូតរបស់រាជរដ្ឋាភិបាលកាន់តែមានដំណើរការលេចធ្លោនិងល្អប្រសើរ»។

ការទូតសភានៅកម្ពុជា ត្រូវបានគេកត់សម្គាល់ថា កាន់តែមានសកម្មភាពច្រើននិងមមាញឹក ក្នុងបរិបទ ដែលពិភពលោក កំពុងប្រឈមនឹងភាពមិនទាន់ច្បាស់លាស់នៃអនាគតរបស់ខ្លួន។ ការចូលរួមរបស់ព្រឹទ្ធសភា និងសភាតំណាងរាស្ត្ររបស់កម្ពុជា នៅក្នុងវេទិកាអន្តរជាតិ បានបង្កប់អត្ថន័យសំខាន់ ក្នុងការពង្រឹងអំណាចនយោបាយទូតនៃប្រទេសកម្ពុជា និងបង្ហាញភាពជាដៃគូប្រកបដោយសន្តិភាព។

ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា បានថ្លែងចាត់ទុកវេទិកាពិភាក្សាស្តីពី «នយោបាយការទូតសភា» របស់កម្ពុជា នៅថ្ងៃទី១៩ ខែមិថុនានេះ មានសារៈសំខាន់និងក៏ជាលើកទី១ ដែលអ្នកសារព័ត៌មានខ្មែរ បានធ្វើការសាកសួរដោយផ្ទាល់ក្នុងការចង់ដឹងនូវសារៈសំខាន់នៃនយោបាយការទូតរបស់ព្រះរាជាណាចក្រកម្ពុជា។

លោកបានប្រាប់ Fresh News ថា៖ «ក្លឹបអ្នកកាសែតកម្ពុជា ដែលរៀបចំវេទិកានេះ បានយល់ឃើញថា វាជារឿងសំខាន់ណាស់ ដែលយើងត្រូវស្វែងយល់ថា តើ អ្វីទៅជានយោបាយការទូតសភារបស់កម្ពុជានោះ»?
លោកបានថ្លែងបន្តថា៖ «ក្រុមអ្នកសារព័ត៌មាន បានបង្ហាញនូវចម្ងល់ទាក់ទងទៅនឹងតួនាទីរដ្ឋសភា និងតួនាទីព្រឹទ្ធសភា ដោយពួកគេចង់ដឹងថា តើតួអង្គស្ថាប័នណាមួយ ដែលដើរតួនាទីនៅក្នុងនយោបាយការទូតសភានេះ»?

ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានរៀបរាប់បន្តទៀតថា៖ «ឆ្លើយតបនិងសំណួរនេះ ឯកឧត្តម ចែម វីឌ្យ៉ា ដែលជាប្រធានគណ:កម្មការទី៥ ទទួលបន្ទុកខាងកិច្ចការបរទេស បានជម្រាបជូនយ៉ាងច្បាស់ថា តួអង្គនៃនយោបាយការទូតសភា គឺស្ថាប័នទាំងពីរ ទាំងរដ្ឋសភា និងព្រឹទ្ធសភា ដែលផ្គុំចូលគ្នា ដើម្បីធ្វើការទូតផ្នែកនីតិបញ្ញត្តិ បន្ថែមលើនីតិប្រតិបត្តិរបស់រាជរដ្ឋាភិបាល ដើម្បីជួយធ្វើយ៉ាងណាឲ្យកេរ្តិ៍ឈ្មោះ កិត្តិនាម កិត្តិសព្ទរបស់ប្រទេសកម្ពុជាសមស្របទៅនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ហើយនិងធ្វើការជាមួយតំបន់ និងពិភពលោក ដោយធ្វើការសម្របសម្រួល ការដើរតួនាទីគ្រប់វិស័យទាំងអស់ ដែលខាងកម្ពុជាយើងអាចចូលរួមបាន»។

វេទិកាពិភាក្សា ស្តីពីនយោបាយការទូតសភា បានបញ្ជាក់យ៉ាងច្បាស់ថា ការទូតសភា គឺជាផ្នែកសំខាន់នៃនយោបាយការទូតរបស់កម្ពុជាដែលមិនអាចខ្វះបាន។ នយោបាយការទូតសភា កំពុងក្លាយជាវិធីសាស្ត្រ ដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ឥទ្ធិពលនយោបាយទូតរបស់ជាតិកម្ពុជានៅលើឆាកអន្តរជាតិ។ ការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកសារព័ត៌មានលើបញ្ហានេះ បានបង្ហាញឱ្យឃើញពីសារៈសំខាន់នៃនយោបាយការទូតរបស់កម្ពុជា ដែលអ្វីទាំងនេះ ជាភស្តុតាងបញ្ជាក់ថា ការទូតសភា មិនត្រឹមតែជាវិធានផ្នែកទន់នយោបាយទេ ប៉ុន្តែជាវិធីសាស្ត្រដ៏អនុភាពសម្រាប់ការទំនាក់ទំនងអន្តរជាតិសមស្របទៅនឹងសតវត្សថ្មី៕