(ទីក្រុងបាងកក)៖ គណបក្សប្រជាធិបតេយ្យ (Democrat Party) បានឈានដល់ការព្រមព្រៀងគ្នាជាឯកច្ឆន្ទដើម្បីបន្តស្ថិតនៅក្នុងសម្ព័ន្ធរដ្ឋាភិបាល បន្ទាប់ពីកិច្ចប្រជុំមួយដែលអូសបន្លាយពេលអស់រយៈពេលបីម៉ោងនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation។
ប្រធានគណបក្ស លោក Chalermchai Sri-on ដែលមានតួនាទីជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានផងដែរ បានកោះប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់គណបក្ស ដើម្បីពិភាក្សាអំពីស្ថានភាពនយោបាយបច្ចុប្បន្ន និងធ្វើការសម្រេចចិត្តថាតើត្រូវដកខ្លួនចេញ ឬបន្តនៅក្នុងសម្ព័ន្ធរដ្ឋាភិបាល។
ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការលេចធ្លាយខ្សែអាត់សំឡេងនៃការសន្ទនារវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) និងប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលនៅក្នុងនោះមានការលើកឡើងអំពីមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ៕