(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ឲ្យបង្កើនការប្រុងប្រយ័ត្ន ជៀសវាងចាញ់បោកជនបោកប្រាស់ និងក្រុមជាតិនិយមជ្រុលរបស់ថៃ ដែលបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដាក់រូប និងឈ្មោះសម្តេចតេជោ ជាភាសាថៃ ក្នុងចេតនាបំភាន់សភាពការណ៍ព្រំដែន និងបោកប្រាស់លុយកាក។

លោក ជា ធីរិទ្ធ បានថ្លែងដូចនេះថា «ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនពលករដែលកំពុងធ្វើការ​នៅក្នុងប្រទេសថៃ សូមមេត្តាកុំចាញ់បោកក្រុមបោកប្រាស់ ឬក្រុមជាតិនិយមជ្រុលរបស់ថៃ ដែលកំពុងធ្វើសកម្មភាព​បំផុសបំផុល បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយរបស់សម្តេចតេជោ ដែលដាក់ឈ្មោះសម្តេចតេជោ​ជាភាសាថៃ និងរូបថតរបស់សម្តេចតេជោ ក្នុងចេតនា ក្នុងចេតនាបំភ័នសភាពការនៅក្នុងប្រទេសកម្ពុជា ជុំវិញបញ្ហាព្រំដែន និងបោកប្រាស់យកលុយកាក់របស់បងប្អូន»

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមបងប្អូនមានការប្រុងប្រយ័ត្ន ដើម្បីកុំឱ្យចាញ់បោកសកម្មភាពនេះ ដែលជាសកម្មភាពគ្រោះថ្នាក់ និងជាសកម្មភាពដែលទុរយសបំផុត​របស់ក្រុមជ្រុលនិយមរបស់ថៃ៕