(បាត់ដំបង)៖ អនុវត្តន៍តាមគោលការណ៍ណែនាំ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់ជំនួយគាំទ្រជាស្បៀងអាហារ និងសម្ភារបន្ថែមទៀតជូនកងកម្លាំងនគរបាលការពារព្រំដែន ក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានមានប្រសាសន៍ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា បានគិតគូរយកចិត្តទុកដាក់ជានិច្ច ចំពោះកងកម្លាំងនគរបាលទាំងអស់ ដូចគ្នានិងកងយោធពលខេមរភូមិន្ទ ដែលកំពុងប្រចាំការ២៤លើ២៤ម៉ោង ប្រកៀកស្មាការពារបូរណភាពទឹកដី ដោយមិនឱ្យសត្រូវណាចូលមកឈ្លានពានបានឡើយ។

ជំនួយគាំទ្ររបស់លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី ដែលលោកឧត្តមសេនីយ៍ឯក សុខ វាសនា បានផ្តល់ជូនវរសេនាតូចនគរបាលការពារព្រំដែននាឱកាសនោះ គឺក្នុងមួយអង្គភាពទទួលបានថវិកា ២០,០០០,០០០រៀល, អង្ករ ២តោន, មី ៤៥កេសតូច, ត្រីខកំប៉ុង ១០កេស, ទឹកត្រី ៣០យួរ, ទឹកស៊ីអ៊ីវ ៣០យួរ, ទឹកបរិសុទ្ធ ៣០កេស, តង់គ្រប ១១តង់ និងប៉ែល ១២ដើម។

បន្ទាប់ពីបានសួរសុខទុក្ខ និងប្រគល់ជំនួយគាំទ្រ ជូននគរបាលការពារព្រំដែននៅភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន សរុប៣វរសេនាតូច, លោក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ក៏បានបន្តដឹកនាំប្រតិភូចុះសួរសុខទុក្ខ លើកទឹកចិត្តដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលកំពុងប្រចាំការបំពេញភារកិច្ចនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិមួយចំនួនទៀត រួមមានច្រកទ្វារអន្តរជាតិដូង ច្រកទ្វារអន្តរជាតិព្រំ និងច្រកទ្វារអន្តរជាតិភ្នំដី៕