(ព្រះវិហារ)៖ បន្ទាប់ពីចប់កម្មវិធីឧបត្ថម្ភជូននាយទាហាន និងកងកម្លាំងឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ថវិកា ព្រមទាំងសម្ភារៈ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅភូមិសាស្រ្តស្រុកស្រអែម ខេត្តព្រះវិហារ។
ពិធីនាឱកាសនេះមានការទទួលពី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។
នាឱកាសនោះលោក ស៊ុន ចាន់ថុល បានបង្ហាញពីការកោតសរសើរដោយការគោរព និងប្តេជ្ញាចិត្តគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈដោយឥតងាករេ ជូនដល់វីរយុទ្ធជនការពារជាតិទាំងអស់ ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិទាំងយប់ទាំងថ្ងៃ យ៉ាងអង់អាចក្លាហានជាទីបំផុត ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
ការណ៍នេះគឺបង្ហាញអំពីស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរ រួមជាតិរួមឈាមជាមួយគ្នា រួមគ្នាជាធ្លុងមួយ ដើម្បីការពារសុខសន្តិភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយើង ទោះជាក្នុងតម្លៃណាមួយក៏ដោយ៕