(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំវីដេអូសិប្បនិម្មិត អគាររដ្ឋបាលខេត្តពោធិ៍សាត់ បានទទួលថវិកាពីសប្បុរសជនក្នុង-ក្រៅខេត្ត និងក្រៅប្រទេស ដែលបានឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមចំណែកសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងអភិវឌ្ឍន៍បង្គោលភ្លើងសូឡាបំភ្លឺសាធារណៈ តាមដងផ្លូវជាតិលេខ៥ ចាប់ពីចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ខេត្តបាត់ដំបង សម្រាប់បម្រើជាគុណប្រយោជន៍សាធារណៈ។
ថវិការបស់សប្បុរសជនក្នុង-ក្រៅខេត្ត និងក្រៅប្រទេស មានសរុបចំនួន ៤៣,១៥០ដុល្លារ និង៦,១៣០,០០០រៀល ក្នុងនោះ៖
១៖ Mr. GOV CHEU and Mrs. HAK MU HOUTH ១ម៉ឺនដុល្លារ
២៖ លោកស្រី ខូយ សុផាន និងលោក វង្ស សេដ្ឋារ៉ា ១ម៉ឺនដុល្លារ
៣៖ លោកវេជ្ជ. សារ៉ាយ សេរីពង្ស និងក្រុមគ្រួសារ ៤លានរៀល
៤៖ លោក ស៊ុន មុនី និងលោកស្រី អ៊ូ សាណាឌី ៥០០ដុល្លារ
៥៖ លោកស្រី ចៅ ឡ័ង និងក្រុមគ្រួសារ នៅសហរដ្ឋអាមេរិក ៥ពាន់ដុល្លារ
៦៖ លោក ភួ កុកគី និងលោកស្រី អ៊ីវ ទូច ១ម៉ឺនដុល្លារ
៧៖ លោក គឹម ចន្ថា និងក្រុមគ្រួសារ ២៥០ដុល្លារ
៨៖ លោកស្រី ជុក សុផានី និងលោក អាំង ងី ព្រមទាំងបុត្រាបុត្រី ៤ពាន់ដុល្លារ
៩៖ លោកស្រី អាំង ស៊ីវហ៊ង ព្រមទាំងបុត្រ ២០០ដុល្លារ
១០៖ មហាឧបាសិកា ទឹក តុន ព្រមទាំងបុត្រ ៣ពាន់ដុល្លារ
១១៖ លោក លឹម ឡុច និងភរិយា ២០០ដុល្លារ
១២៖ អង្គភាពរដ្ឋាករទឹកស្វ័យយ័ត ខេត្តពោធិ៍សាត់ ២,១៣០,០០០រៀល។
ដោយឡែក ថវិកាចំនួន៣ពាន់ដុល្លារផ្សេងទៀត ជាការឧបត្ថម្ភ របស់លោក ចាំង គនម៉េង និងលោកស្រី ភួ ធីតា សម្រាប់អភិវឌ្ឍន៍បង្គោលភ្លើងបំភ្លឺសាធារណៈ តាមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ជាគំនិតផ្តួចផ្តើមរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) រួមទាំងរូបលោកផ្ទាល់។
លោកបានថ្លែងអំណរគុណ ដល់សប្បុរសជនក្នុង-ក្រៅខេត្ត និងក្រៅប្រទេស ដែលបាននាំយកថវិកា ដើម្បីប្រគល់ជូននាពេលនេះ ក៏ដូចជាពេលកន្លងមក គឺជាការចូលរួមចំណែក ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការធ្វើដំណើរ និងចំណាយផ្សេងៗ។ កត្តាទាំងនេះ បានជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ ព្រមទាំងជួយកាត់បន្ថយនូវភាពក្រីក្រ ជាផ្នែកមួយសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាកុលបុត្រដ៏ឆ្នើមរបស់កម្ពុជា នាយុគសម័យនេះ។
លោកក៏សូមអំពាវនាវ ដល់សប្បុរសជនក្នុង-ក្រៅខេត្ត និងក្រៅប្រទេស មេត្តាបន្តចូលរួមបរិច្ចាគធនធានហិរញ្ញវត្ថុ ក្នុងការរួមចំណែក ដើម្បីឱ្យសមិទ្ធផលខាងលើទទួលបានជោគជ័យ។ ជាការពិតណាស់ថា ការចូលរួមបរិច្ចាគធនធនរបស់សប្បុរសជន ដែលកើតចេញពីបេះដូងពិត គឺជាគម្រូដ៏ល្អ និងមានតម្លៃណាស់ក្នុងការអភិវឌ្ឍន៍ខេត្ត និងវិស័យសុខាភិបាលក្នុងខេត្តរបស់យើង ឱ្យកាត់តែមានលក្ខណៈទំនើប និងស្រស់បំព្រងឈានឡើង។
បើតាមលោក លឹម ចន្ទថៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមជំនួយការសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានឱ្យដឹងថា អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មានបណ្តោយ៥៤ម៉ែត្រxទទឹង២២ម៉ែត្រ កម្ពស់៥ជាន់ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។
ក្នុងរយៈពេលជិត១០ថ្ងៃមកនេះ មានសប្បុរសជន ជាង៣ពាន់នាក់ហើយ បានចូលរួមបរិច្ចាកថវិកាដោយផ្ទាល់ និងតាមគណនីមូលនិធិ ដើម្បីសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ សរុបជិត៧ម៉ឺនដុល្លារ។ នេះគឺជាសណ្តានចិត្តដ៏ថ្លៃថ្លា ដែលមិននឹងស្មានថាក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ យើងបានទទួលថវិកាយ៉ាងច្រើន ហើយក៏សង្ឃឹមថាសប្បុរសជននឹងបន្តចូលរួម ដើម្បីឱ្យសមិទ្ធផលខាងលើនេះ អាចចេញជាផ្លែផ្កា សម្រាប់ជាប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋ បានមកទទួលសេវាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
យើងខ្ញុំសូមគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត ទុកជាមុន នូវទឹកចិត្តសប្បុរស និងសូមប្រសិទ្ធិពរជ័យ បវរសួស្តី មហាប្រសើរគ្រប់ប្រការ ជូនចំពោះ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
លេខទូរសព្ទទំនាក់ទំនង៖ ០១២ ៥២០ ០២៥ / ០១២ ៨១៩៦៩៨/ ០១២ ៩៧៩ ៦៤០
អាចចូលរួមតាមរយៈគណនី មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៖
*លេខគណនី 0400-00266360-50
*លេខគណនី 0400-00266360-51