(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាធិបតីភាព ក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គីឆ្នាំ២០២៥។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាធិបតីអបអរសាទរខួប១ឆ្នាំ នៃដំណើរការរបស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ថ្ងៃនះមានសេចក្តីសោមនស្ស ដោយបានចូលរួមក្នុង «ពិធីអបអរសាទរដំណើរការជាផ្លូវការ ១ ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង ពិធីពិសាភោជនាហារសាមគ្គី ឆ្នាំ២០២៥»
* សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ស្ថិតក្នុងឱកាសដ៏រីករាយនេះ សូមអបអរសាទរចំពោះសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដែលបានដំណើរការយ៉ាងរលូនក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ ក្នុងការចូលរួមចំណែកដល់អភិវឌ្ឍសេដ្ឋកិច្ចជាតិ និង សូមអរគុណចំពោះការរៀបចំកម្មវិធីនេះឡើង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យោងតាមរបាយការណ៍របស់អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា, សូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគ្រប់រូប នៃសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដែលបានប្ដេជ្ញាចិត្តខ្ពស់រួមគ្នាដឹកនាំ និងដំណើរការសមាគមសហព័ន្ធ អ្នកវិនិយោគកម្ពុជា ប្រកបដោយភាពសកម្ម និងសហថាមពល ដើម្បីចាប់យកកាលានុវត្តភាព, កិច្ចសហការទ្វេភាគីវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ជាដើម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានខិតខំបំពេញការងាររបស់ខ្លួន តាមរយៈការរៀបចំព្រឹត្តិការណ៍ជាតិ អន្តរជាតិ, បង្កើតជាវេទិកាជំនួប ផ្គូរផ្គង ពង្រីកកិច្ចសហប្រតិបត្តិការនានា, ជាពិសេសការបង្កើតកម្មវិធីទាក់ទាញវិនិយោគិន និង ភ្ញៀវបរទេសថ្មីៗ មកទស្សនា, សិក្សាស្វែងយល់ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមាគមសហព័ន្ធក៏បានកៀរគរជំនួយក្នុងការបំពេញកិច្ចការសង្គមកិច្ច និងមនុស្សធម៌ជាច្រើន ដែលបានបង្ហាញពីសមានចិត្តនៃការចែករំលែកដ៏ប្រពៃថ្លៃថ្លាផងដែរ ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បេសកកម្មការងាររបស់សមាគមសហព័ន្ធ ក៏ជាការចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការជួយ បង្កើតឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនដល់ប្រជាជនកម្ពុជា ព្រមទាំងជំរុញការនាំចូលជំនាញ និងបច្ចេកវិទ្យាថ្មីៗបន្ថែម, ដែលកត្តាទាំងនេះ សុទ្ធសឹងតែជាអាទិភាពសំខាន់ៗស្ថិតក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា របាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៥ ខែ នៃឆ្នាំ ២០២៥នេះ គម្រោងវិនិយោគចំនួន ២៩០ គម្រោង ត្រូវបានអនុម័ត ក្នុងទុនវិនិយោគប្រមាណ ៤,២ពាន់លានដុល្លារអាមេរិក ។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤, ចំនួនគម្រោងបានកើនឡើងចំនួន ១៣៧គម្រោង ស្មើនឹងប្រមាណ ៩០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ១,៤ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៥២% ។ ដោយឡែក, សម្រាប់វិស័យ ទេសចរណ៍ ក្នុងរយៈពេល ៥ ខែ នៃឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,៩៥លាននាក់ កើនឡើង ១១,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តថែរក្សា, ការពារសន្តិភាព និង ស្ថិរភាពពេញលេញទោះក្នុងតម្លៃណាក៏ដោយ។ ទន្ទឹមនឹងការរក្សាបាននូវសន្តិភាព និង ស្ថិរភាព,រាជរដ្ឋាភិបាលបន្តគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាមួយ
នឹងការអភិវឌ្ឍធនធានពលកម្មវ័យក្មេង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដែលនឹងជួយគាំទ្រដល់ផលិតកម្មនានាបានយ៉ាងសកម្ម និង មានប្រសិទ្ធភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងទ្វេភាគីជាច្រើន ដែលបានជួយបើកច្រកទីផ្សារបានកាន់តែទូលាយ, ក្នុងនោះយើងមានទីផ្សារអាស៊ាន ដែលមានប្រជាជនសរុបជាង ៦៦២លាននាក់, ហើយកម្ពុជាក៏មានទីផ្សារនៃបណ្តាប្រទេសជាសមាជិកអាស៊ាប ដែលមានប្រជាជនសរុបប្រមាណជាង ២,៣ពាន់លាននាក់ ទីផ្សារទាំងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងសម្បើម សម្រាប់ផលិតកម្ម និង ការផ្គត់ផ្គង់ទំនិញ, ផលិតផលសេវាកម្ម ពីបណ្ដារោងចក្រសហគ្រាសរបស់វិនិយោគិនគ្រប់រូប។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បរិយាកាសដ៏អំណោយផលនេះ រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងសម្របសម្រួលធ្វើឱ្យការវិនិយោគ, ទាំងក្នុង និង ក្រៅប្រទេស ទទួលបានផ្លែផ្កាគាប់ប្រសើរ តាមរយៈគោលនយោបាយវិនិយោគ ប្រកបដោយភាពបត់បែន ជាមួយនឹងការលើកទឹកចិត្ត និង ការការពារដល់ផលប្រយោជន៍វិនិយោគិន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តខ្ពស់ និងសូមឲ្យអ្នកវិនិយោគជ្រើសរើសកម្ពុជា ដើម្បីធ្វើការវិនិយោគកិច្ចការផ្សេងនៅកម្ពុជា។ សម្តេចបន្ថែមថា លោកអ្នកបានយល់ដឹងពីស្ថេរភាព និងស្ថានភាពនៅកម្ពុជា រាជរដ្ឋាភិបាលប្តេជ្ញាក្នុងការរក្សាលំនឹងដល់អ្នកវិនិយោគបន្តវិនិយោគនៅកម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់នៅវេលាម៉ោង១៧៖៤០នាទីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕