(ភ្នំពេញ)៖ លោក កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានគណៈកម្មាធិការជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ក្នុងឆ្នាំ២០២៥នេះ និងទៅអនាគត កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ជាមួយអង្គការសហប្រជាជាតិបន្តសកម្មភាពជាអាទិភាពក្នុងការថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពក្នុងប្រទេស ក៏ដូចជាបន្តសកម្មភាពមនុស្សធម៌។

ការលើកឡើងបែបនេះរបស់ លោក កាន់ ផារិទ្ធ បានធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពិធីបិទ «វគ្គហ្វឹកហ្វឺនគម្រោងភាពជាដៃគូត្រីភាគី កម្ពុជា-ជប៉ុន និងអង្គការសហប្រជាជាតិ (UNTPP-2025) លើជំនាញគ្រឿងចក្រវិស្វកម្មធុនធ្ងន់កម្រិតមូលដ្ឋាន (HEE) និងការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ (EHAT)» នៅមជ្ឈមណ្ឌលជាតិ រាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោក កាន់ ផារិទ្ធ បានលើកឡើងថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាពចាប់តាំងពីឆ្នាំ២០០៦មក។ នាយទាហាន ពលទាហានយើងចំនួន ១០ ៤៥១នាក់ បានចូលរួមបំពេញបេសកកម្មប្រកបដោយជោគជ័យ និងចំនួន ៦២៧នាក់ ដែលបានបញ្ចប់និងកំពុងបំពេញបេសកកម្មក្នុងប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិក កណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី លើមុខជំនាញក្នុងវិស័យរក្សាសន្តិភាព ជាច្រើន ជាពិសេសការបោសសំអាតមីន ការរុករក និងការកំទេចគ្រាប់មិនទាន់ផ្ទះ ដែលជំនាញទាំងនេះត្រូវបានទទួលស្គាល់ និងការកោតសរសើរជាលក្ខណៈអន្តរជាតិ។

លោក កាន់ ផារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នាយទាហានទាំងនោះបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែលបានជួយផ្តល់នូវស្ថិរភាពមួយផ្នែកនៃពិភពលោកផងដែរ។ ក្នុងឆ្នាំ២០២៥នេះ និងទៅអនាគត កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ជាមួយអង្គការសហប្រជាជាតិ បន្តសកម្មភាពជាអាទិភាពក្នុងការថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពក្នុងប្រទេស ក៏ដូចជាបន្តសកម្មភាពមនុស្សធម៌»

លោករដ្ឋលេខាធិការ បានជឿជាក់ថា សិក្ខាកាមអន្តរជាតិ ទាំងអស់បានរៀនសូត្រច្រើនពីកម្ពុជា ហើយកម្ពុជាខ្លួនឯងក៏បានដកស្រង់បានមេរៀន បទពិសោធន៍ថ្មីៗថែមទៀត ពីការពិភាក្សាស៊ីជម្រៅក្នុងវគ្គហ្វឹកហ្វឺននេះ ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់ខ្លួនថែមទៀត ក្នុងប្រតិបត្តិការរក្សាសន្តិភាពទៅអនាគត។ លោករដ្ឋលេខាធិការ ក៏សូមឆ្លៀតយកឱកាសនេះសម្តែងនូវអំណរគុណ និងវាយតម្លៃខ្ពស់សារជាថ្មី ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីអង្គការសហប្រជាជាតិ ប្រទេសកូរ៉េ ជប៉ុន អូស្ត្រាលី ដែលផ្តល់ហិរញ្ញវត្ថុមួយផ្នែក ឧបករណ៍ សម្ភារនានា និងបានបញ្ជូនយោធាចារ្យមកជួយហ្វឹកហ្វឺនក្នុងវគ្គនេះ ដែលជាការបង្ហាញនូវការប្តេជ្ញា និងការគាំទ្រឥតឈប់ឈរចំពោះវិស័យរក្សាសន្តិភាពនៅកម្ពុជា និងនៅប្រទេសក្នុងតំបន់។

ជាថ្មីម្ដងទៀត លោក កាន់ ផារិទ្ធ បានសង្ឃឹមថា យោធាចារ្យ និងសិក្ខាកាមទាំងអស់ បានឆ្លៀតឱកាសរីករាយកំសាន្ត ជាមួយនឹងការទស្សនារាជធានីភ្នំពេញ ដ៏ស្រស់បំព្រងជាមិនខាន ជាពិសេស ដំណើរទស្សនកិច្ចរួមគ្នាទៅកាន់ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងទៅកាន់ទីតាំងប្រវត្តិសាស្ត្រមួយចំនួនទៀត៕