(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ កោតសរសើរអាជ្ញាធរខណ្ឌ ក្រោមការដឹកនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះកង្វល់ និងបញ្ហានានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈសំណូមពរ សំណួរ ក៏ដូចជាកង្វល់របស់ប្រជាពលរដ្ឋបានស្នើនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៤ ឆ្នាំ២០២៤កន្លងទៅ អាជ្ញាធរបានដោះស្រាយ និងសម្រួលកង្វល់ក្នុងមូលដ្ឋានបានយ៉ាងច្រើន។
ការកោតសរសើរនេះ ត្រូវបានប្រជាពលរដ្ឋលើកឡើង នៅក្នុងឱកាសចូលរួមបញ្ចេញយោបល់ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៥ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ហួត ស៊ីនាថ រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារចុះជួយខណ្ឌពោធិ៍សែនជ័យ លោក អ៊ិន ជំនិត ប្រធានក្រុមប្រឹក្សាខណ្ឌពោធិសែនជ័យ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ នៅព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥ នាបរិវេន្តវត្តកំពែង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ក្រោយពីការថ្លែងបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៥ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ដោយ លោក អ៊ិន ជំនិត ប្រធានក្រុមប្រឹក្សាខណ្ឌពោធិសែនជ័យ រួចមកលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ បានជម្រាបជូនថា នៅក្នុងដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៤ ឆ្នាំ២០២៤ កន្លងទៅនេះ រដ្ឋបាលខណ្ឌ បានទទួលសំណួរ និងសំណូមពរមួយចំនួនពីសំណាក់ប្រជាពលរដ្ឋ។
លោកបន្ដថា សំណួរ និងសំណូមពរទាំងនោះ ក្រោយពីវេទិកាផ្សព្វផ្សាយរួចមក រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការដោះស្រាយ តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលភាគច្រើនរួមមាន ១៖ ការងារស្នើសុំជួសជុលផ្លូវ, ២៖ ការងារស្តារ និងដាក់លូរំដោះទឹក, ៣៖ បញ្ហាទឹកស្អាត, ៤៖ បញ្ហាអគ្គីសនី, ៥៖ការងាររដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់ សុវត្តិភាពសាធារណៈ ជាដើម។
លោក សក់ ច័ន្ទកញ្ញារិទ្ធ បានឲ្យទៀតថា នៅក្នុងវេទិកាក្នុងអាណត្តិទី៥នេះ ទទួលបានកង្វល់ សំណូមពរ សំណើ ផ្ទាល់មាត់របស់ប្រជាពលរដ្ឋចំនួន១១ផ្សេងទៀត រួមនិងសំនួរ សំណូមពរជាលាយលាក់អក្ស័រជាច្រើន ដោយក្នុងនោះភាគច្រើនជាបញ្ហា ស្នើសុំផ្លូវ ជួសជុលផ្លូវ ការរំលោភផ្លូវសាធារណៈ បង្គោលភ្លើង លូ ប្រឡាយ ការស្នើសុំប័ណ្ណកម្មសិទ្ធ បញ្ហាការចូលរួមរបស់ស្រ្តី និងកុមារ ក៏ដូចជាបញ្ហាសំរាមផងដែរ។ អាជ្ញាធរបានធ្វើការបកស្រាយជូនយ៉ាងក្បោះក្បាយ និងបានទទួលយកសំណើមួយចំនួន របស់ប្រជាពលរដ្ឋដែលចាំបាច់ ដាក់បញ្ចូលទៅលទ្ធផលភាពរបស់ខណ្ឌ សម្រាប់អនុវត្តនៅក្នុងគម្រោងក្នុងឆ្នាំ២០២៦។
លោក ហួត ស៊ីនាថ រដ្ឋលេខាធិការតំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារចុះជួយខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នេះត្រូវបានធើ្វឡើងក្នុងគោលបំណង៖ ១៖ ផ្តល់ព័ត៌មានដល់ក្រុមប្រឹក្សាសង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ខណ្ឌ ក្នុងការឆ្លើយតបទៅនឹងសំណើនានារបស់ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋ ប្រមូល និងពិភាក្សា អំពីសំណើ និងមតិយោបល់នានាសម្រាប់ សកម្មភាពឆ្នាំខាងមុខ, ២៖ ផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ដើម្បីលើកជាសំណើ សំណូមពរ អនុសាសន៍ និងបញ្ហា ដែលបានជួបប្រទះនៅក្នុងមូលដ្ឋាន។ ៣.ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប (បាន ឬមិនបាន)។
លោកបានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខណ្ឌ ជាមួយរដ្ឋបាលសង្កាត់ និងប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាព នៃការអភិវឌ្ឍខណ្ឌប្រកបដោយចីរភាព និងប្រសិទ្ធភាព។
តាមរយៈវត្តមានរបស់ អស់លោក/លោកស្រី នាឱកាសនេះគឺមានសារៈសំខាន់បំផុតដែលអាចលើកឡើងនូវមតិយោបល់ សំណើ សំណូមពរ និងអនុសាសន៍សម្រាប់កែលម្អ ដល់ការអភិវឌ្ឍមូលដ្ឋានឲ្យបានផុលផុស ព្រោះយើងទាំងអស់គ្នាចង់បាននូវការផ្តល់សេវាសាធារណៈ ពីរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
ក្នុងឱកាសនេះ លោកបានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមជាមួយអាជ្ញាធរ ក្នុងការទុកដាក់ វេចខ្ចប់សំរាមឲ្យបានល្អ និងត្រឹមត្រូវតាមពេលវេលា ដើម្បីចៀសវាងបង្កឲ្យមានការកកស្ទះលូ ប្រឡាយ និងបង្កើតជាបរិស្ថានមិនល្អ បង្កជាមេរោគផងដែរ៕