(បន្ទាយមានជ័យ)៖ សារព័ត៌មានថៃ បានផ្សាយបំពុលថា ក្រោយកម្ពុជាព្រមានបិទការនាំចូលប្រេងពីថៃ ស្រាប់តែប្រជាពលរដ្ឋខ្មែរជាច្រើននាក់ បានបើករថយន្តសម្រុកទៅចាក់ប្រេងនៅថៃ ពីព្រោះប្រេងនៅខ្មែរថ្លៃ។

ជាការឆ្លើយតបចំពោះព័ត៌មានប្រឌិតមួយនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ សូមច្រានចោលការចុះផ្សាយនេះ និងថាមិនមានរឿងបែបនេះ កើតឡើងឡើយ។

អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា «រូបភាពរថយន្តដែលកាសែតថៃចុះផ្សាយនេះ គឺជារថយន្តដែលបងប្អូនខ្មែរយើងធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលពេលបើកចូលដំបូង គឺមានការកកស្ទះបែបនេះហើយ»

បើតាមលោក អ៊ុំ រាត្រី, មួយថ្ងៃៗនៅពេលនេះមានរថយន្តបងប្អូនខ្មែរយើងឆ្លងចូលទៅថៃ មានចន្លោះពី៤០ ទៅ៥០គ្រឿង ដែលទៅប្រកបមុខរបរ និងរកស៊ីជាដើមដែលជាទម្លាប់ប្រចាំថ្ងៃ៕