(ព្រះវិហារ)៖ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃកម្ពុជា ជាទីគោរពសក្ការះដ៏ខ្ពង់ខ្ពស់បំផុត ផ្ដល់ជូនដល់ប្រជារាស្រ្ត១២៧០គ្រួសារ ដែលស្នាក់នៅបណ្ដោះអាសន្នមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងប្រតិភូអមដំណើរ និងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អជ្ញាធរក្រុងស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

នៅក្នុងឱកាសនោះសម្ដេចមហាមន្ត្រី គុយ សុផល ក៏បានពាំនាំនូវ ព្រះរាជបណ្តាំសាកសួរសុខទុក្ខ ពីសំណាក់ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី និងសម្តេចព្រះវររាជមាតា ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជូនប្រជារាស្ត្រជាកូន ជាចៅ ចៅទូត ចៅលួតរបស់ព្រះអង្គ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅរបស់ប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។

ការប្រទានជំនួយមនុស្សធម៌នេះ គឺជាការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធ របស់ព្រះមហាក្សត្រនិងសម្តេចព្រះវររាជមាតា ចំពោះជីវភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋជានិច្ច។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ តំណាងឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងបងប្អូនប្រជារាស្ត្រដែលបានជម្លៀសមកស្នាក់នៅបណ្តោះអាសន្នវត្តពោធិ៍៥០០០ដើម សូមក្រាបបង្គំទូលថ្វាយថ្លែងអំណរគុណចំពោះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបាន សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានសម្តេចមហាមន្រ្តី គុយ សុផល ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ នាំយកព្រះរាជអំណោយដ៏ថ្លៃថ្លាមកចែកជូន បងប្អូនប្រជារាស្រ្តរបស់ព្រះអង្គ នាឱកាសនេះ។

លោកថា ព្រះរាជអំណោយដ៏ថ្លៃថ្លានេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រាលបន្ទុក និងផ្ដល់ក្ដីសង្ឃឹមដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ឲ្យពួកគាត់មានអារម្មណ៍កក់ក្ដៅ និងដឹងថា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលមិនដែលបំភ្លេចពួកគាត់ឡើយ៕