(កំពង់ធំ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពពក ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកជូនដល់សមាជិក សមាជិកា និងអង្គពិធីទាំងមូលពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ព្រមទាំងសម្តេចអនុប្រធាន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត ដែលជានិច្ចកាលសម្តេច តែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោងបានបញ្ជាក់ថា អគារស្នាក់ការគណបក្សឃុំពពកដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមមួយទៀត ក្នុងស្រុកស្ទោង ដើម្បីបម្រើឱ្យកិច្ចការទូទៅរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា និងរដ្ឋបាលគណបក្ស ព្រមទាំងផ្តល់ភាពងាយស្រួលក្នុងការជួបប្រជុំ ការប្រមូលផ្តុំ និងការធ្វើសកម្មភាពនានារបស់គណបក្សនៅក្នុងមូលដ្ឋានឃុំ និងបានឆ្លើយតបទៅនឹងផែនការកសាងស្នាក់ការគណបក្សឱ្យបានគ្រប់ឃុំនៅទូទាំងស្រុកស្ទោងផងដែរ។

ទន្ទឹមនឹងនេះ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង ក៏បានលើកទឹកចិត្តដល់សមាជិក សមាជិកាគណបក្សទាំងអស់ បន្តរួបរួមសហការគ្នាជាធ្លុងមួយ សាមគ្គីភាព ឯកភាពជាតិ ការពារសន្តិភាព និងចូលរួមឱ្យកាន់តែសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបានសមិទ្ធផលថ្មីៗជាច្រើនថែមទៀតជូនប្រជាជន និងជាតិមាតុភូមិ។

សូមបញ្ជាក់ថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមមាន សំណង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពពកមួយខ្នងទំហំ១០,៥០ម៉ែត្រx១៤ម៉ែត្រ មានបំពាក់គ្រឿងបរិក្ខារនានាដូចជា៖ តុប្រជុំ កៅអី តុការិយាល័យ និងទូរដាក់ឯកសារ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធដូចជា៖ សំណង់របងនិងខ្លោងទ្វារមុខស្នាក់ការបក្ស ផ្លូវបេតុងចូលស្នាក់ការគណបក្ស និងសមិទ្ធផលជាច្រើនទៀត។ នៅក្នុងមូលដ្ឋានឃុំពពកមានសមាជិកបក្សប្រជាជនកម្ពុជាសរុបចំនួន ៣២២០នាក់ ស្រី១៧៧៨នាក់ មាន ៩៩សាខា ស្មើនឹង ៣០៤ក្រុម និងមាន ១២៨៥ខ្នងផ្ទះ ស្មើនឹង ១២៨៨គ្រួសារ៕