(ភ្នំពេញ)៖ អ្នកសង្កេតការណ៍នយោបាយជាតិ និងអន្តរជាតិ បានសម្តែងភាពភ្ញាក់ផ្អើល នៅពេលបានដឹងអំពីទំនាស់ផ្ទៃក្នុងរបស់ប្រទេស ដែលជាដើមចមនៃការបង្កបញ្ហានានាប៉ះពាល់ដល់ ប្រទេសជិតខាង។ Fresh Exclusive មានអត្ថបទស៊ីជម្រៅ៖

ការបែកធ្លាយខ្សែអាត់សំឡេងនៃកិច្ចសន្ទនាសម្ងាត់រវាងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានធ្វើឱ្យអ្នកសង្កេតការណ៍នយោបាយជាតិ និងអន្តរជាតិបានភ្ញាក់ស្រឡាំងកាំង ពីព្រោះតាមរយៈសំឡេង ដែលបានទម្លាយនោះ គឺដូចជាការបើកចេញនូវរបាំងស្បៃមុខនៃការតស៊ូដណ្តើមអំណាចយ៉ាងខ្លាំងក្លា នៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់សង្គម នៃប្រទេសថៃ។

តាមរយៈការបែកធ្លាយនេះ ពិភពលោកកាន់តែមើលឃើញយ៉ាងច្បាស់លាស់ទៀតថា គឺភាពមិនចុះសម្រុងគ្នាក្នុងនយោបាយតស៊ូអំណាចរវាងរដ្ឋាភិបាលស៊ីវិល ជាមួយនឹងក្រុមយោធាថៃនោះទេ ដែលជាបញ្ហាសំខាន់ធំបំផុត ដែលថៃត្រូវដោះស្រាយឱ្យជ្រះស្រឡះជាចម្បងសិន នៅមុនការធ្វើកិច្ចការអ្វីផ្សេងទៀត ជាមួយប្រទេសជិតខាង ជាពិសេសជាមួយប្រទេសកម្ពុជា។

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ក្នុងសម្លេងបែកធ្លាយនោះ ត្រូវបានគេឮសំឡេងប្រាប់សម្តេចសម្តេចតេជោ ហ៊ុន សែនថា «សូមកុំស្តាប់សម្តីមេទ័ពភូមិភាគ២ ពីព្រោះម្នាក់ហ្នឹង គឺជាអ្នកប្រឆាំងរាជរដ្ឋាភិបាលថៃ និងជាសត្រូវរបស់ រដ្ឋាភិបាលផងដែរ»

មេបញ្ជាការភូមិភាគទី២ របស់ប្រទេសថៃ គឺឧត្តមសេនីយ៍ឯក ប៊ុនសុង ផាត់ខ្លាំង Boonsin Padklang ដែលមើលការខុសត្រូវលើប្រតិបត្តិការយោធានៅក្នុងខេត្តភាគឦសាននៃប្រទេសថៃ ជាពិសេសខេត្តជាប់ព្រំដែនកម្ពុជា ដូចជាខេត្តស្រះកែវ ស៊ូរិន និងខេត្ត Ubon Ratchathani។ មេបញ្ជាការយោធភូមិភាគ២របស់ថៃនេះ គឺជាចំណុចស្នូល នៃភាពតានតឹងផ្នែកនយោបាយនៃចង្កោមក្រុមយោធាថៃ និងក្រុមរដ្ឋាភិបាលស៊ីវិល។ ក្នុងសារសំឡេងដែលបានទម្លាយនោះទៀត នាយករដ្ឋមន្ត្រីថៃ បាននិយាយប្រាប់សម្តេចតេជោ ហ៊ុន សែន ទៀតថា៖ «មេទ័ពភូមិភាគ២នោះ និយាយចង់ឱ្យខ្លួនរបស់វាឡូយ ដែលទង្វើ នោះធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំង២ធ្ងន់ធ្ងរ ពីព្រោះប្រទេសថៃនិងកម្ពុជា ទាំងពីរសងខាងចង់បានសន្តិភាពនិងស្ថិរភាព និងចង់បានសភាពវិលត្រឡប់ទីកាន់ដូចអ្វីដែលធ្លាប់មានមុនព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥»

នាយករដ្ឋមន្ត្រីថៃ ដដែលបានទម្លាយអាថ៌កំបាំងផ្ទៃក្នុងរបស់ខ្លួនទៀតថា ករណីដែលមានការនិយាយអំពីរឿងកាត់ភ្លើង និងកាត់អ៊ិនថឺណិតដល់ប្រទេសកម្ពុជានោះ គឺខាងយោធាថៃនោះទេ ដែលមានគំនិតនេះ នោះគឺមិនមែនរដ្ឋាភិបាលថៃឡើយ ជាពិសេសកងទ័ពភូមិភាគទី២របស់ថៃនោះ។ លោកស្រីនាយករដ្ឋមន្ត្រីថៃ ក្នុងសម្តីតាមទូរស័ព្ទដែល ហៅមេដឹកនាំនៃប្រទេសកម្ពុជាក្នុងភាពស្និទ្ធស្នាលថា «ពុកមា» បានប្រាប់សម្តេចតេជោទៀតថា «សូមកុំឱ្យស្តាប់មេទ័ពថៃភូមិភាគ២នោះឱ្យសោះ ពីព្រោះវានឹងធ្វើឱ្យអារម្មណ៍ពុកខឹង»

ការបែកបាក់ផ្ទៃក្នុងរបស់ប្រទេសថៃនេះ មិនមែនគ្រាន់តែជាបញ្ហាក្នុងស្រុកសម្រាប់ប្រទេសថៃប៉ុណ្ណោះទេ ទំនាស់នេះ បានបង្កផលវិបាកនៅក្នុងតំបន់ ជាពិសេសការជះកំហឹងរបស់ថៃ ដាក់មកលើប្រទេសជិតខាងដូចជាកម្ពុជាជាដើម។ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មឆ្លងព្រំដែន ជាពិសេសនៅក្នុងខេត្តដូចជា Sa Kaeo, Surin និង Ubon Ratchathani ស្ថិតក្នុងហានិភ័យ ត្រូវបានថៃបិទទ្វារច្រកព្រំដែន មិនឱ្យធ្វើដំណើរចេញចូលមកកម្ពុជាឡើយ។

ក្រោយពីមានការលេចធ្លាយសម្តីក្នុងការជជែកតាមទូរស័ព្ទ ដែលបានបង្ហាញអំពីទំនាស់ផ្ទៃក្នុងសង្គមថៃនោះមក, បក្ស Bhumjaithai ដែលជាសមាជិកសំខាន់មួយ នៃសម្ព័ន្ធភាពគ្រប់គ្រងបានដកខ្លួនចេញពីរដ្ឋាភិបាល និងបដិសេធលែងគាំទ្រតំណែងរបស់នាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn ទៀតហើយ។ នៅជាមួយគ្នានេះដែរ សេចក្តីរាយការណ៍បានបង្ហាញថាគណបក្ស United Thai Nation UTN កំពុងពិចារណាលទ្ធភាពក្នុងការចាកចេញ ខណៈគណបក្ស Chart Thai Pattana, Democrat របស់ថៃក្នុងសម្ព័ន្ធភាព បានអះអាងថាពួកគេមិនចាកចេញឡើយ។

សកម្មភាពចាកចេញរបស់គណបក្ស Bhumjaithai និងការពិចារណាលទ្ធភាពចាកចេញរបស់ គណបក្ស United Thai Nation UTN បានបន្ថែមសម្ពាធធ្ងន់ធ្ងរ ចំពោះភាពជាអ្នកដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន។ វិបត្តិផ្ទៃក្នុងកំពុងលេចឡើងក្នុងកម្រិតខ្ពស់ ក្រោមការកើនឡើងនៃអំណាចក្រុមប្រឆាំង និងបក្សជាតិនិយម ដែលមានទស្សនៈទំនោរខ្លាំងទៅខាងក្រុមយោធា ដែលកំពុងមានការតស៊ូអំណាចជាមួយនឹងរដ្ឋាភិបាល។

ដើម្បីឆ្លើយតបទៅនឹងវិបត្តិដែលមានការលេចធ្លាយសម្លេងរិះគន់ដល់មេបញ្ជាការថៃ, លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn បានប្រញាប់ទូរស័ព្ទសុំទោសមេបញ្ជាការយោធាថៃភូមិភាគទី២ ដោយផ្ទាល់, រៀបចំសន្និសីទសារព័ត៌មានសាធារណៈ ដើម្បីបង្ហាញការសូមទោស និងបានធ្វើដំណើរទស្សនកិច្ចទៅតំបន់ព្រំដែនកម្ពុជា-ថៃ ថែមទៀត ដើម្បីជួបផ្ទាល់មុខជាមួយឧត្តមសេនីយ៍ Boonsin Padklang ដើម្បីរកការបន្ធូរបន្ថយភាពតានតឹង។

ក្រុមអ្នកវិភាគបានថ្លែងថា បើទោះបីជាឧត្តមសេនីយ៍ Boonsin បានទទួលយកការសូមទោស និងថ្លែងថា គាត់នៅតែមានអារម្មណល្អចំពោះលោកស្រីនាយករដ្ឋមន្ត្រីថៃក៏ដោយ ប៉ុន្តែភាពរអាក់រអួលនៃទំនាក់ទំនង និងការជួយអន្តរាគមន៍គ្នា រវាងអាជ្ញាធរស៊ីវិល និងយោធាឱ្យវិលត្រឡប់ល្អសាឡើងវិញ បន្ទាប់ពី សម្លេងត្រូវបានលេចធ្លាយរួចមកនេះ ត្រូវបានគេជឿថានឹងមិនអាចស្ដារឱ្យមានភាពល្អឡើងវិញដូចពីមុនបានឡើយ ពីព្រោះការតស៊ូអំណាចនយោបាយរវាងគ្នានឹងគ្នានោះទេ គឺជាដើមចមនៃទំនាស់តស៊ូអំណាចរវាងស្ថាប័នរដ្ឋាភិបាល និងក្រុមយោធានោះ។

បញ្ហាប្រឈមដ៏ធំបំផុតរបស់ប្រទេសថៃ មិនមែនជាជម្លោះខាងក្រៅនោះទេ ប៉ុន្តែការបែកបាក់ផ្ទៃក្នុង នៃការតស៊ូអំណាច ពីព្រោះប្រសិនបើថៃចង់រក្សាសន្តិភាពជាមួយអ្នកជិតខាងរបស់ខ្លួន ដូចប្រទេសកម្ពុជា ជាដើមនោះ អាទិភាពទីមួយរបស់ថៃ គឺត្រូវតែមានការផ្សះផ្សាផ្ទៃក្នុងរបស់ខ្លួនជាមុនសិន។ ភាពមិនចុះសម្រុងគ្នារវាងយោធា និងរដ្ឋាភិបាលថៃ មិនត្រឹមតែធ្វើឱ្យខូចដល់គោលនយោបាយការបរទេសរបស់ប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងអូសទាញមនុស្សស្លូតត្រង់ ពាណិជ្ជករ កម្មករ និងសហគមន៍តាមព្រំដែន ឱ្យធ្លាក់ចូលទៅក្នុងការប៉ះទង្គិចនៃល្បែងនយោបាយនៃទំនាស់ផ្ទៃក្នុងរបស់ថៃនេះផងដែរ។ ដូច្នេះ រហូតទាល់តែការតស៊ូអំណាចផ្ទៃក្នុងថៃនេះត្រូវបានដោះស្រាយរួចរាល់សិន បើពុំដូច្នោះទេ កត្តាសន្តិភាពក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ក៏នឹងបន្តស្ថិតនៅក្នុងហានិភ័យជាដដែល។

ការលេចធ្លាយសម្លេងសន្ទនាទូរស័ព្ទ អាចមិនមែនជារឿងអាក្រក់នោះឡើយ ប៉ុន្តែជាការបង្ហាញថា គឺជម្លោះផ្ទៃក្នុងរបស់ថៃ ដែលបានជះកំហឹងដាក់មកលើកម្ពុជា។ ការលេចធ្លាយ សំឡេងទូរស័ព្ទនេះទៀត ក៏បានបង្ហាញដែរថា កម្ពុជាបានរក្សាជំហររបស់ខ្លួន រឹងមាំជាដដែល បើទោះបីជាទំនាស់ផ្ទៃក្នុងរបស់ថៃ បានបង្កការលំបាកដល់កម្ពុជាយ៉ាងណាក៏ដោយ។ ការលេចធ្លាយសំឡេងទូរស័ព្ទនេះផងដែរ នៅបានបង្ហាញថា កម្ពុជាមិនមែនជាអ្នកបង្កហេតុទេ ប៉ុន្តែជាកញ្ចក់ឆ្លុះបញ្ចាំងពីជម្លោះផ្ទៃក្នុងរបស់ថៃ ដែលមិនអាចដោះស្រាយបាន។ វាដល់ពេលហើយសម្រាប់ប្រទេសថៃ ដើម្បីមើលទៅនយោបាយខាងក្នុងរបស់ខ្លួន ហើយបញ្ឈប់យកកំហឹងផ្ទៃក្នុងរបស់ខ្លួនឯង ទៅជះដាក់លើអ្នកដទៃ ដែលគេស្រឡាញ់សុខសន្តិភាព៕