(ពោធិ៍សាត់)៖ លោក តេង រតនា ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ និងឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់កងកម្លាំង ទីបញ្ជាការកងការពារព្រំដែនលេខ៥០១ និងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ប្រចាំទិសទី៤ នៃយោធភូមិភាគ៥ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក តេង រតនា ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ និងឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានថ្លែងឱ្យដឹងថា បេសកកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ចុះមកនាពេលនេះ គឺដើម្បីលើកទឹកចិត្តដល់កងទ័ព ដែលកំពុងឈរជើងការពារទឹកដី ពិសេសពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំ ព្រមទាំងបង្ហាញពីការគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងទ័ព ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

លោក តេង រតនា និងលោក កូយ កាន់យ៉ា ក៏បានអំពាវនាវដល់កងកម្លាំងទាំងអស់ សូមប្រកាន់ខ្ជាប់នូវជំហរទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយ និងមានស្មារតីសាមគ្គីភាព ព្រមទាំងជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី-សន្តិវិធី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ និងយុទ្ធសាស្រ្តការពារខ្លួន ក្នុងករណីចាំបាច់។

នាឱកាសនោះ​លោក តេង រតនា ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ និងលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ត ក៏បានប្រគល់ជាគ្រឿងឧបភាគ​បរិភោគ​ ដល់កងកម្លាំង ទីបញ្ជាការកងការពារព្រំដែនលេខ៥០១ និងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ រួម​មាន៖ ភេសជ្ជៈ​Wurkz៦០កេស, ទឹកបរិសុទ្ធកម្ពុជា៦៥កេស, ទឹកសុីអុីវ៥០យួរ, ទឹក​ត្រី៣០យួរ, មីជាតិ១៥០កេស, ត្រី​ខកំប៉ុង១៥កេស, ស្ករស៣ការ៉ុង, អំបិល​១០០គីឡូក្រាម, ប៊ីចេង៣០គីឡូក្រាម, ត្រី​ងៀត១០០គីឡូក្រាម, ល្ពៅ​១០០គីឡូក្រាម, ឆៃប៉ូវ៥០គីឡូក្រាម, ខ្ទឹមស៦០គីឡូក្រាម និងថវិកាមួយចំនួន។

ក្នុងថ្ងៃដដែលនោះ ថ្នាក់ដឹកនាំ និងមន្ត្រីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ក៏បានបន្តចុះផ្ទាល់ ដល់ទីតាំងឈរជើងជួរមុខ តាមខ្សែបន្ទាន់ព្រំដែន កម្ពុជា-ថៃ ព្រមទាំងបានឧបត្ថម្ភថវិកាបន្ថែមមួយចំនួនផងដែរ៕