(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង​ រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានសង្គត់ធ្ងន់ថា ច្បាស់ណាស់ថាវិស័យឯកជន ជាដៃគូដ៏សំខាន់សម្រាប់ចូលរួមចំណែកក្នុងកាអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែប្រសើរ ប៉ុន្ដែវិស័យឯកជននេះគឺត្រូវតែអនុវត្តឱ្យស្របទៅនឹងនិយាមវិជ្ជាជីវៈ ព្រោះវិស័យមួយនេះទាក់ទងនឹងជីវិតមនុស្ស។

ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងកិច្ចប្រជុំក្រុមការងារផ្នែកសុខាភិបាល ក្រុម «ឋ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល ដែលមានអញ្ជើញចូលរួមដោយឧកញ៉ាសាស្រ្តាចារ្យ តាន់ គីមមេង សហប្រធានក្រុមការងារផ្នែកសុខាភិបាល តំណាងផ្នែកឯកជន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ជំនួបនេះគឺដើម្បីពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់ និងទទួលព័ត៌មានត្រឡប់ ដើម្បីធ្វើការកែលម្អឱ្យកាន់តែប្រសើរឡើងរវាងក្រសួងសុខាភិបាល និងផ្នែកឯកជន។

លោកសាស្រ្តាចារ្យបានថ្លែងថា វិស័យឯកជនជាដៃគូដ៏សំខាន់សម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសុខាភិបាលកាន់តែល្អប្រសើរ។ ដូច្នេះលោកស្វាគមន៍នូវមតិយោបល់កែលម្អ ដើម្បីពិភាក្សារួមគ្នា ស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលសាធារណៈ និងឯកជន កាន់តែល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធ និងរីកចម្រើនថែមទៀត។

បន្ថែមពីនេះត្រូវអនុវត្តឱ្យស្របទៅនឹងនិយាមវិជ្ជាជីវៈ ព្រោះវិស័យនេះមានសារៈសំខាន់ណាស់ ទាក់ទងនឹងជីវិតមនុស្ស ឈានទៅការកាត់បន្ថយការឈឺ និងស្លាប់ ជាពិសេសការស្លាប់របស់ទារក កុមារ និងមាតា។ ទន្ទឹមគ្នានេះដែរក្រសួងសុខាភិបាល សូមស្វាគមន៍ និងលើកទឹកចិត្តការទទួលយកអ្នកឯកទេស មកជួយអភិវឌ្ឍន៍វិស័យសុខាភិបាល។

ក្នុងនោះដែរឧកញ៉ាសាស្រ្តាចារ្យ តាន់ គីមមេង សហប្រធាន តំណាងវិស័យឯកជន ក៏បានបេ្ដជ្ញាបន្ដធ្វើជាដៃគូដ៏សំខាន់ និងគោរពទៅតាមនិយាមវិជ្ជាជីវៈ ដើម្បីជាអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ។

ទន្ទឹមនឹងនោះលោកក៏បានកោតសរសើរដល់ក្រសួងសុខាភិបាល ដែលកន្លងមកបានផ្ដល់សេវាសុខាភិបាល ជូនវិស័យឯកជនបានកាន់តែល្អប្រសើរ និងបន្តការងារអនុវត្តច្បាប់ប្រកបដោយភាពត្រឹមត្រូវ និងស្មើភាព។

គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមការងារតាមវិស័យសម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្រ្តីសុខាភិបាលពាក់ព័ន្ធ និងតំណាងមកពី ១៨ស្ថាប័ន គឺទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម ក្រសួងផែនការ ក្រសួងកិច្ចការនារី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងរ៉ែ និងថាមពល រដ្ឋលេខាធិការអាកាសចរស៊ីវិល អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា និងអគ្គនាយកដ្ឋានគយ អគ្គនាយកដ្ឋានពន្ធដារ និងនិយ័តករសន្តិសុខសង្គម ព្រមទាំងគ្រឹះស្ថានសុខាភិបាលឯកជន សរុបចំនួន ៨៦រូប៕