(ត្បូងឃ្មុំ)៖ លោក ផារ៉ា មង្គល លើកឡើងថា “ក្នុងនាមជាប្រជាពលរដ្ឋមួយរូប និងជាសមាជិកគណបក្ស ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមចំណែកដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាយើង”។

លោក ផារ៉ា មង្គល សមាជិកគណ:កម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ ថ្លែងលើកឡើងបែបនេះ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាចំនួន៦២នាក់ ក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ លោក ផារ៉ា មង្គល បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ អ៊ុំ ពូ មីង បងប្អូន សូមទទួលបាននូវ សុខភាពល្អ សេចក្ដីសុខ សុភមង្គល និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។

ជាមួយគ្នានោះដែរ លោកប្រធាន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ ឯកឧត្តម ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលតែងតែគិតគូ និងរួមសុខទុក្ខជាមួយ អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅស្រុកក្រូចឆ្មារ ក៏ដូចជាខេត្តត្បូងឃ្មុំទាំងមូល តាំងតែពីខេត្តកូនពៅមួយនេះ ត្រូវបានបង្កើតឡើង រហូតមកដល់ពេលនេះ។

លោកប្រធានក្រុមការងារចុះមូលដ្ឋានស្រុកក្រូចឆ្មារ ក៏បានរំលឹកអំពីសារបានរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ គិតមកដល់ពេលបច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា មានអាយុកាលចំនួន ៧៤ឆ្នាំមកហើយ ហើយក៏ជាគណបក្សដែលមានវ័យចំណាស់ និងធំជាងគេនៅប្រទេសកម្ពុជា។

ចាប់តាំងពីថ្ងៃដែលបានបង្កើតមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណង និងគោលការណ៍ “ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន" ប្រសិនបើគ្មានការគាំទ្រពីប្រជាជននោះទេ គណបក្សប្រជាជន ក៏មិនអាចសម្រេចបាន នូវសមិទ្ធផលធំៗនានា ដែលរីកដូចផ្សិតមកដល់ពេលបច្ចុប្បន្ននេះដែរ។

លោក ផារ៉ា មង្គល បានគូសបញ្ជាក់ថា បច្ចុប្បន្ន ក្រោមការបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត សុខសន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ នៅក្នុងប្រទេសបាននឹងកំពុងបន្តធ្វើជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយភាពស្វាហាប់ ក្តីសង្ឃឹម ដែលកម្ពុជាមិនធ្លាប់មានពីមុនមក។

ស្របតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ដើម្បីធានាការពង្រីក និងពង្រឹងសមាជិកបក្ស ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជំនីក បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី នៅឃុំជំនីក ស្រុកក្រូចឆ្មារ ក្រោមអធិបតីភាព ឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ។

ឆ្លៀតក្នុងឱកាសនោះ លោក ផារ៉ា មង្គល បានបន្តបញ្ជាក់ជូនសមាជិក សមាជិកាគណបក្ស នូវគុណតម្លៃពុំអាចកាត់ថ្លៃបាននូវសុខសន្តិភាព ជាពិសេស បង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងបុព្វហេតុដើម្បីការពារអធិបតេយ្យភាពទឹកដីជាតិកម្ពុជា និងការកសាងព្រំដែនសន្តិភាពជាមួយប្រទេសជិតខាង។

បន្ថែមលើនេះ លោក ផារ៉ា មង្គល ក៏បានណែនាំអំពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង របស់គណបក្ស ដល់សមាជិកថ្មី ជាពិសេសត្រូវចងចាំនូវភារកិច្ចរបស់ខ្លួន ក្នុងនាមជាសមាជិកគណបក្ស ត្រូវផ្អែកគោលការណ៍ឬសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស ដែលនេះ ជាកត្តាដែលកំណត់បាននូវជ័យជម្នះរបស់គណបក្ស៕