(កំពត)៖ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងវេទិកាផ្សព្វផ្សាយស្តីពីការ តម្រង់ទិសជូនដល់យុវតីសិស្សថ្នាក់ទី១២ ក្រោមប្រធានបទ «កំណត់គោលដៅសិក្សា និងអាជីពការងារ» ដែលរៀបចំប្រព្រឹត្តធ្វើឡើង នៅសាលសន្និសីទបូកគោ នៃសាលាខេត្តកំពត នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
វេទិកានេះមានចូលរួមពីសំណាក់សមាជិក សមាជិកា នៃសាខាសាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត អាណាព្យាបាល លោកគ្រូ អ្នកគ្រួ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពិតវិទ្យាល័យព្រះរាជសម្ភានៃក្រុងកំពត និងអ្នកពាក់ព័ន្ធ ជាច្រើននាក់។
នាឱកាសនោះ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន បានជំរុញដល់យុវតីថ្នាក់ទី១២នៃវិទ្យាល័យ ចំនួន២ ក្នុងក្រុងកំពត ឱ្យខិតខំសិក្សា និងស្វែងយល់ឲ្យបានច្បាស់នូវមុខវិជ្ជាដែលសំខាន់ៗសម្រាប់ទីផ្សារការងារ នាពេលបច្ចុប្បន្ន សំដៅក្រោយពេលប្រឡងបញ្ជប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិស្សានុសិស្ស អាចចាប់យកជំនាញសិក្សានៅសកលវិទ្យាល័យបានត្រឹមត្រូវ។
ប្រធានកិត្តិយសសាខាសាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ស្នើឲ្យអាណាព្យាបាល និងលោកគ្រូ អ្នកគ្រួ រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ផ្តល់ការជំរុញ និងបង្ហាញផ្លូវដល់ពួកគាត់ឲ្យបានយល់ច្បាស់ ពីការជ្រើសរើសជំនាញសិក្សាសម្រាប់អនាគត។
លោកស្រីប្រធានកិត្តិយស ក៏បានលើកឡើងទៀតថា ការជ្រើសរើសជំនាញវិជ្ជាជីវៈ សម្រាប់បន្តការសិក្សានៅថ្នាក់សកលវិទ្យាល័យ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិស្សានុសិស្ស នាពេលបច្ចុប្បន្ន ពិសេសគឺយុវតី សំដៅទទួលបានការងារល្អ។ ដូច្នេះយុវតីដែលជាសិស្សថ្នាក់ទី១២ទាំងអស់ ត្រូវស្វែងយល់ឲ្យបានច្បាស់ទៅលើការសិក្សាមុខវិជ្ជាសំខាន់ៗ ដើម្បីចាប់យកជំនាញសិក្សានៅសកលវិទ្យាល័យ ឲ្យចំគោលដៅ និងស្របទៅតាមទីផ្សារការងារ នាពេលបច្ចុប្បន្ន។
លោកស្រីប្រធាន បានបន្តថា ការបើកវេទិកានេះឡើង គឺដើម្បីផ្តល់ឱកាស ក៏ដូចជាបង្ហាញផ្លូវដល់យុវតីសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខទាំងអស់ បានស្តាប់ និងដកស្រង់បទពិសោធន៍ ពីវាគ្មិនដែលធ្វើបទបង្ហាញក្នុងវេទិការនេះ ហើយយកទៅសិក្សា និងអនុវត្តន៍ ដើម្បីទទួលបានជោគជ័យក្នុងការជ្រើសរើសជំនាញសិក្សានៅសកលវិទ្យាល័យ។ ទន្ទឹមនឹងនោះដែរ អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ រួមនឹងភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើកទឹកចិត្ត និងលើកកម្ពស់ការសិក្សារបស់យុវតីទាំងអស់ ធ្វើយ៉ាងណាឱ្យពួកគេទទួលការសិក្សាបានខ្ពងខ្ពស់ និងទទួលបានការងារល្អក្នុងសង្គម ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយខាងលើកនេះ មានយុវតីសិស្សថ្នាក់ទី១២ ចំនួន ១៩៨នាក់ ដែលមកពីវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះរាជសម្ភារ ដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូដែលបង្រៀននៅវិទ្យាល័យទាំងពីរផងដែរ។ វេទិកានេះ នឹងធ្វើឡើងជាបន្តបន្ទាប់នៅគ្រប់ក្រុង-ស្រុកទាំង៩ នៃខេត្តកំពត៕