(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់កងទ័ពសមរភូមិមុខ តំបន់ទិសខេត្តឧត្តរមានជ័យ ប្រចាំការតាមព្រំដែនកម្ពុជា-ថៃ ពិធីនេះបានរៀបចំធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ។

នាឱកាសនោះលោក  វ៉ី សំណាង បានសម្ដែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនកងទ័ពនៅសមរភូមិមុខទាំងអស់ដែលខិតខំបម្រើជាតិមាតុភូមិ ការពារសុខសន្ដិភាព និងអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយមិនឱ្យបាត់បង់សូម្បី ១មីលីម៉ែត។

ជាមួយគ្នានោះលោក វ៉ី សំណាង បានអំពាវនាវ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់ត្រូវរួមសាមគ្គីគ្នាជានិច្ច និងកុំជឿរតាមការញ៉ុះញ៉ុង​របស់ក្រុមជ្រុលនិយមនៅក្រៅប្រទេស​ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាល បំផ្លាញសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជាឲ្យសោះ ពោលទោះស្ថិតក្នុងតម្លៃណាក៏ដោយត្រូវបន្តប្ដេជ្ញាការពារ និងជឿជាក់លើការដឹកនាំ​របស់រាជរដ្ឋាភិបាលកម្ពុជា​ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បន្តដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសុខសន្ដិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិនៅទូទាំងប្រទេស។

សូមបញ្ជាក់ដែរថា សម្ភារនិងគ្រឿងឧបភោគ បរិភោគ ដែលអភិបាលខេត្តតាកែវនាំយកជូនបងប្អូនកងទ័ពមាន៖ អង្ករចំនួន ១០តោន ត្រីខ ៥ កេសទឹកត្រី ៥០ យួរ ទឹកស៊ីអ៊ីវ ៥០ យួរ ទឹកបរិសុទ្ធ ៥០ កេស នំវីតាមីន ៥ កេស មីសួរ ៥០០ កេសតូច រួមនិងបន្លែគ្រប់មុខ និងថវិកាសរុបចំនួន ៣០លានរៀល៕