(ព្រះសីហនុ)៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញមកប្រកាសច្រានចោលលើការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា «កោះឬស្សី» ត្រូវបានវៀតណាមគ្រប់គ្រង ដែលនេះគឺជាព័ត៌មានមិនពិតនោះទេ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ឡុង ឌីម៉ង់ បានបញ្ជាក់ដូចនេះថា «ពាក់ព័ន្ធជាមួយនឹងការចេញវីដេអូ និយាយពីរឿងកោះឫស្សី នេះ គឺជារឿងមិនពិតសោះតែម្ដង គឺជារឿងប្រឌិត ពីព្រោះកោះឫស្សីនេះ ជាកោះមួយដែលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ឲ្យក្រុមហ៊ុនចំនួន២ យកទៅធ្វើការវិនិយោគ ហើយអភិវឌ្ឍន៍ទៅជារមណីដ្ឋាន»។
លោក ឡុង ឌីម៉ង់ បានបន្ថែមថា សព្វថ្ងៃនេះមានក្រុមហ៊ុនរបស់ខ្មែរមួយបានសាងសង់នឹងអភិវឌ្ឍចប់ហើយ នឹងកំពុងដំណើរការប៉ែកខាងជើងនៃកោះ ដោយឡែកប៉ែកខាងត្បូង គឺជាការវិនិយោគដោយក្រុមហ៊ុនបារាំងមួយ និងបានដាក់ឱ្យដំណើរការ និងកំពុងទទួលបានការសាទរច្រើន ដែលមានជាប្រភេទរមណីដ្ឋាន សណ្ឋាគារលំដាប់ខ្ពស់ និងជាប្រភេទផលិតផលទេសចរណ៍ដ៏ល្អរបស់ខេត្តព្រះសីហនុ។
លោក ឡុង ឌីម៉ង់ បានអះអាងទៀតថា កោះឫស្សីនេះមិនមានជនជាតិវៀតណាម ឫអាជ្ញាធរវៀមណាម មកកាន់កាប់កោះនេះនោះទេ គឺកំពុងដំណើរការ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនរបស់ខ្មែរមួយ និងរបស់បារាំងមួយផងដែរ៕