(ព្រះសីហនុ)៖ «កោះឬស្សី» ក្នុងខេត្តព្រះសីហនុ ដែលកំពុងដំណើរសាងសង់ និងអភិវឌ្ឍជារមណីដ្ឋាន (RESORT) ដោយក្រុមហ៊ុនរបស់ខ្មែរមួយ និងក្រុមរបស់ប្រទេសបារាំងមួយ បន្ទាប់ពីទទួលបានការ​អនុញ្ញាត​ពីរាជរដ្ឋាភិបាល មកដល់ពេលនេះមានការអភិវឌ្ឍយ៉ាងច្រើន និងកំពុងទទួលបានការទាក់ទាញ ប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ជាច្រើនកុះករ នាំគ្នាទៅលេងកម្សាន្តជាលក្ខណៈគ្រួសារ ជាលក្ខណៈក្រុមហ៊ុន និងជាលក្ខណៈឯកជន ជាហូរហែរ ជាពិសេសថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិនានា។

លោក ឆាយ សុធី ប្រធានផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សនៃក្រុមហ៊ុន EVERSPRING RESORT នៅលើ «កោះឫស្សី» បានឱ្យដឹងថា ប្រតិបត្តិការនៃរមណីដ្ឋាននៅលើ កោះឫស្សីនេះ គឺប្រព្រឹត្តិទៅជាធម្មតា ហើយក៏កំពុងទទួលបានភ្ញៀវជាជនជាតិខ្មែរ មកពីគ្រប់ទិសទីតាមបណ្តាខេត្ត ជាពិសេសមកពីទីក្រុងភ្នំពេញ មកពីក្រុងព្រះសីហនុ មានទាំងជនជាតិខ្មែរ ជនជាតិចិន និងជនបរទេសផ្សេងៗទៀត មកជាហូរហែរ។

លោក ឆាយ សុធី បានបន្ថែមទៀតថា រមណីដ្ឋាននៅលើកោះឫស្សីនេះ បានប្រតិបត្តិការទៅជាធម្មតា ជាពិសេសមានភ្ញៀវច្រើននៅចុងសប្តាហ៍ និងថ្ងៃបុណ្យទានផ្សេងៗ ដែលភ្ញៀវទាំងអស់ មានទៅលេង​ជាលក្ខណៈគ្រួសារ ជាលក្ខណៈក្រុមហ៊ុន និងជាលក្ខណៈឯកជន មកបន្តជាហូរហែរផងដែរ។

ដោយឡែក លោក គឹម ចាន់ ចៅសង្កាត់រាម បានឱ្យដឹងដែរថា ស្ថានភាពនៅលើកោះឫស្សីនេះ កំពុងអំណោយផលល្អ ហើយមានក្រុមហ៊ុនចំនួន២ កំពុងអភិវឌ្ឍមានក្រុមហ៊ុនរបស់ខ្មែរមួយ និងក្រុមហ៊ុន​របស់បារាំងមួយ កំពុងអភិវឌ្ឍនិងដំណើរការទទួលភ្ញៀវទេសចរ ដែលភ្ញៀវទេសចរមកលេងលើកោះឫស្សីនេះភាគច្រើនជាជនជាតិខ្មែរ។

សូមបញ្ជាក់ដែរថា ទាក់ទងនឹង «កោះឬស្សី» នេះដែរ ជុំវិញបញ្ហាដែលមានក្រុមទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា «កោះឬស្សី» ត្រូវបានវៀតណាមគ្រប់គ្រង, លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញមកប្រកាសច្រានចោលលើការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមទុច្ចរិត និងបានបញ្ជាក់ថា កោះឫស្សីនេះ ជាកោះមួយដែលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ឲ្យក្រុមហ៊ុនចំនួន២ យកទៅធ្វើការវិនិយោគ ហើយអភិវឌ្ឍន៍ទៅជារមណីដ្ឋាន»

លោក ឡុង ឌីម៉ង់ បានបន្ថែមថា សព្វថ្ងៃនេះមានក្រុមហ៊ុនរបស់ខ្មែរមួយបានសាងសង់នឹងអភិវឌ្ឍចប់ហើយ កំពុងដំណើរការប៉ែកខាងជើងនៃកោះ ដោយឡែកប៉ែកខាងត្បូង គឺជាការវិនិយោគដោយ​ក្រុមហ៊ុនបារាំងមួយ និងបានដាក់ឱ្យដំណើរការ និងកំពុងទទួលបានការសាទរច្រើន ដែលមានជាប្រភេទរមណីដ្ឋាន សណ្ឋាគារលំដាប់ខ្ពស់ និងជាប្រភេទផលិតផលទេសចរណ៍ដ៏ល្អរបស់ខេត្តព្រះសីហនុផងដែរ៕