(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកជនពិសេសរបស់កម្ពុជាប្រចាំអង្គការ OIC បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្រ្តីការបរទេសលើកទី៥១ របស់អង្គការសហប្រតិបតិ្តការឥស្លាម (OIC) នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ខណៈកិច្ចប្រជុំនេះត្រូវបានកោះប្រជុំចំពេលមានភាពតានតឹងកើនឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

សម័យប្រជុំនេះ ត្រូវបានបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក Recep Tayyip Erdoğan ប្រធានាធីបតីតួកគីយ៉េ និងបានប្រមូលផ្តុំដោយប្រទេសជាសមាជិក អង្គការឥស្លាម OIC ចំនួន៥៧ប្រទេស ក្នុងគោលបំណងស្វែងរកការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា ដោយមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។

សម័យប្រជុំខាងលើ ត្រូវដឹកនាំដោយលោក Hakan Fidan FM រដ្ឋមន្ត្រីការបរទេសតួកគីយ៉េ និងលោក Hissein Brahim Taha អគ្គលេខាធិការ OIC។ គណៈប្រតិភូដែលចូលរួមត្រូវបានគេរំពឹងថា នឹងអនុម័តការអំពាវនាវរួមគ្នាមួយសម្រាប់បទឈប់បាញ់ដែលមានគោលបំណងបញ្ឈប់អរិភាព និងទប់ស្កាត់ការកើនឡើងបន្ថែមទៀត។

ជារួមក្នុងការឆ្លើយតបយ៉ាងសំខាន់ចំពោះជម្លោះដែលកើនឡើងនោះ កិច្ចប្រជុំវិសាមញ្ញនៅអ៊ីស្តង់ប៊ុលរបស់ OIC នេះ បានធ្វើការអំពាវនាវការទូតសម្របសម្រួលសម្រាប់ភាពស្ងប់ស្ងាត់ និងសន្តិភាព៕

https://image.freshnewsasia.com/2021/id-025/fn-2025-06-22-17-47-23-9.JPG