(ភ្នំពេញ)៖ កម្ពុជាសូមធ្វើការបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ពីលោក Prasert Jantararuangtong រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសថៃ ដែលបានលើកឡើងតាមរយៈ ចុះផ្សាយនៅក្នុងកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ដែលបានចោទប្រកាន់ថា កម្ពុជាអាចជាជម្រក «បណ្តាញឧក្រិដ្ឋកម្មសាយប័រដ៏ធំរបស់ពិភពលោកដែលគាំទ្រដោយអ្នកមានអំណាច» គឺមិនមានមូលដ្ឋាន មិនមានទំនួលខុសត្រូវ បង្កើតការភាន់ច្រឡំយ៉ាងខ្លាំង និងឈានទៅបំផ្លិចបំផ្លាញទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
តាមរយៈបណ្តាញសង្គមផ្លូវការដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ទៀតថា កម្ពុជាមិនដែលគាំទ្រ ឬបើកផ្លូវចំពោះសកម្មភាពឧក្រិដ្ឋកម្មសាយប័រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្តេជ្ញាយ៉ាងពេញទំហឹងចំពោះសុចរិតភាព តម្លាភាព និងការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងបទដ្ឋានអន្តរជាតិ។ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទប់ស្កាត់ ប្រឆាំងនិងបង្រ្កាបការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។
ឧក្រិដ្ឋកម្មសាយប័រត្រូវបានប្រព្រឹត្តនៅក្នុងប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញ និងវិវត្តន៍ជាប្រចាំ ដែលរួមបញ្ចូលបច្ចេកវិទ្យា តួអង្គពាក់ព័ន្ធ និងមានលក្ខណៈងាយរងគ្រោះ។ ដោយសារតែឧក្រិដ្ឋកម្មប្រភេទនេះមានលក្ខណៈឆ្លងដែន ទើបធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសាយប័រទាមទារឱ្យមានកិច្ចសហការ ប្រកបដោយនិរន្តរភាព ជាពិសេស រវាងរដ្ឋាភិបាលមួយទៅកាន់រដ្ឋាភិបាលមួយទៀត។ ឧក្រិដ្ឋកម្មឆ្លងដែនគឺជាបញ្ហាប្រឈមរួមគ្នា ដែលទាមទារឱ្យមានទំនួលខុសត្រូវរួម ជាជាងការកេងចំណេញនយោបាយដោយការរុញដាក់គ្នា។
អាជ្ញាធរថៃគួរតែផ្តោតលើការប្រយុទ្ធប្រឆាំងបណ្តាញឧក្រិដ្ឋកម្មសាយប័រ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ជាជាងការចោទប្រកាន់គ្នាដោយមិនមានការទទួលខុសត្រូវ។
កម្ពុជាមានការព្រួយបារម្ភជាខ្លាំងចំពោះរបាយការណ៍អំពីទំនាក់ទំនងដ៏ស្មុគ្រស្មាញរវាងអាជ្ញាធរថៃ ជាមួយឧក្រិដ្ឋជនសាយប័រ ដែលអនុញ្ញាតឱ្យពួកទាំងនោះអាចពង្រីកប្រតិបត្តិការឆបោករបស់ខ្លួន។
(*១) ប្រទេសថៃកំពុងក្លាយជាមជ្ឈមណ្ឌលរបស់មេដឹកនាំក្រុមឧក្រិដ្ឋជនសាយប័រ និងប្រតិបត្តិការឆបោកនៅតាមបណ្តាប្រទេសផ្សេងៗ (*២) រួមមាន ការកៀរគរមនុស្ស ការចាប់ជំរិត និងការជួញដូរមនុស្សពីប្រទេសថៃ ទៅដល់ទីតាំងប្រតិបត្តិការឧក្រិដ្ឋកម្មសាយប័រទាំងនោះ ដូចជាករណីពាក់ព័ន្ធទៅនឹងតារាសម្តែងចិនឈ្មោះ Wang Xing ដែលត្រូវបានជនឆបោកជួញដូរពីអាកាសយានដ្ឋានសុវណ្ណភូមិ ទៅកាន់ទីតាំងប្រតិបត្តិការឧក្រិដ្ឋកម្ម សាយប័រ ដែលនាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃទេសចរណ៍ចិន (*៣)។ របាយការណ៍ទាំងនេះបានគូសបញ្ជាក់ថា ទេសថៃគឺជាប្រភព ក្នុងការផ្តល់មធ្យោបាយឱ្យពួកឧក្រិដ្ឋជនសាយប័រ ធ្វើប្រតិបត្តិការឆបោកទាំងនោះឆ្លងកាត់ទៅបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់ (*៤)។ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសាយប័រតម្រូវឱ្យមានកិច្ចសហការនៅក្នុងតំបន់។
ប្រទេសកម្ពុជា បានសហការយ៉ាងល្អកន្លងមក និងបន្តជំរុញកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមជាមួយដៃគូក្នុងតំបន់និងពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសាយប័រ។ វាជារឿងដ៏គួរឱ្យសោកស្ដាយបំផុតដែលនៅពេលមានភាពតានតឹងកាន់តែខ្លាំង ភាគីមួយចំនួនបានជ្រើសរើសប្រើប្រាស់យុទ្ធសាស្ត្រដែលធ្វើឱ្យប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពអវិជ្ជមាន ដែលគួរតែជ្រើសរើសយក ការសន្ទនាមានលក្ខណៈស្ថាបនា និងវិជ្ជមាន ក្នុងការដោះស្រាយបញ្ហាទាំងនេះ។
កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចសន្ទនាដោយបើកចំហ ក្នុងន័យស្ថាបនា និងមានការស៊ើបអង្កេតច្បាស់លាស់។ កម្ពុជាសូមធ្វើការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចំពោះការធ្វើសកម្មភាពណាមួយត្រូវផ្អែកលើការពិត និងជៀសវាងការស្ដាប់ព័ត៌មានក្លែងក្លាយ និងមានចរិកលក្ខណៈជានយោបាយ៕