(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។ ពិធីនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា សម្រាប់ឆ្នាំ២០២៥នេះ ក៏ពិតមិនខុសពីឆ្នាំ២០២៤ដែរ ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ បានខិតខំសម្រិតសម្រាំងរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ ឲ្យមានភាពផុសផុល អធិកអធម ប្រកបដោយខ្លឹមសារអត្ថន័យជ្រាលជ្រៅនិងបរិយាបន្ន ទាំងនៅក្នុងពិធីថ្នាក់ជាតិនារសៀលនេះ និងតាមបណ្តាខេត្តទាំង២៤ទៀត។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអះអាងថា ក្នុងនាមជាសមាជិកនៃអនុសញ្ញា និងពិធីសារស្តីពីគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ កម្ពុជាបានឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងឆន្ទៈមោះមុតឥតងាករេ ក្នុងការរៀបចំប្រារព្ធទិវាអន្តរជាតិនេះ ទៀងទាត់ជារៀងរាល់ឆ្នាំ និងមិនត្រឹមតែប៉ុណ្ណោះ ខិតខំផ្លាស់ប្តូររូបភាពថ្មីៗ និងពង្រីកខ្លឹមសារទិវានេះ កាន់តែទូលំទូលាយជាងមុន ដើម្បីឲ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់វ័យនិងគ្រប់ស្រទាប់។
ជាក់ស្តែងចំពោះការរៀបចំឆ្នាំនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសបើកចំហរទូលំទូលាយឲ្យមានការរៀបចំស្តង់តាំងពិព័រណ៍ ទាំងពីវិស័យរដ្ឋ និងឯកជន ការរៀបចំមីទ្ទិញទិវាទូទាំង២៥រាជធានី-ខេត្ត ពិធីដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបាន និងព្រឹត្តិការណ៍អមនានាទូទាំងប្រទេស ដែលចំពោះការរៀបចំនៅថ្នាក់ជាតិ នាឱកាសនេះ គឺមានការប្រកួតបាល់ទះមិត្តភាពរវាងក្លឹបបាល់ទះវិសាខារបស់កម្ពុជា និងក្រុមកីឡាបាល់ទះនគរបាលវៀតណាម ទីក្រុងហូជីមិញ។
លោកបន្ដថា នេះគឺជាសក្ខីភាពដែលស្តែងយ៉ាងប្រត្យក្សថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាឆ្នាំនេះ ក៏ហាក់មិនខុសពីឆ្នាំមុនដែរ ពោលគឺបានជំរុញសកម្មភាពយុទ្ធនាការ ដ៏មហាឡោរិកផុសផុល នៅតាមគ្រប់បណ្តារាជធានីខេត្ត លើកទឹកចិត្តឲ្យមានការចូលរួមពីគ្រប់វិស័យទាំងអស់ ដែលបានបង្ហាញពីស្មារតីរួម និងចលនាជាតិមួយ គឺចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបន្ដទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ជាមួយនឹងការបែងចែកភារកិច្ចរបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការច្បាស់លាស់ រឹងមាំ និងមុតស្រួច ដែលមានការទទួលខុសត្រូវពីគ្រប់វិស័យ គិតចាប់តាំងពីការងារផ្សព្វផ្សាយអប់រំ ការអនុវត្តវិធានការរដ្ឋបាល ការអនុវត្តវិធានការច្បាប់ ការងារព្យាបាលនិងស្តារនីតិសម្បទា ការគ្រប់គ្រងសារធាតុញៀននិងគីមីផ្សំ និងការងារពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
នេះគឺជាការ សបញ្ជាក់ឲ្យឃើញពីយុទ្ធសាស្ត្រដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ស្របតាមអភិក្រម «ជវភាពក្រោមប្រព័ន្ធតួអង្គតែមួយ» ដែលគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ រួបរួមគ្នាជាកម្លាំងចលករដ៏រឹងមាំមួយ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមដែនសមត្ថកិច្ចរៀងៗខ្លួន។
ដើម្បីជាសារក្រើនរំលឹក និងទស្សនទានបន្ថែម សម្រាប់អង្គពិធីយើងនៅក្នុងទិវាដ៏មានអត្ថន័យនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងនាមសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍បន្ថែមមួយចំនួនដូចខាងក្រោម៖
*ទី១៖ សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ សូមបន្តស្មារតីរួបរួម និងចលនាជាតិមួយ អនុវត្តខ្លឹមសារនៃប្រធានបទទិវារបស់យើង គឺ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ដោយចាប់ពីពេលនេះ គឺយើងត្រូវរួបរួមយ៉ាងណាកាត់ផ្តាច់ឲ្យបាននូវឫសគល់នៃបញ្ហាគ្រឿងញៀន
*ទី២៖ សូមឲ្យការផ្សព្វផ្សាយ អប់រំ ពីផលប៉ះពាល់នៃគ្រឿងញៀន ក្លាយជាទំនៀមទម្លាប់ប្រពៃណីមួយ ក្នុងសង្គមខ្មែររបស់យើង ពោលគឺចាប់ផ្ដើមពីគ្រួសារមួយ រហូតដល់សាលារៀន កន្លែងធ្វើការ នៅតាមព្រឹត្តិការណ៍ធំៗ ពិធីបុណ្យទាននានា និងគ្រប់វេទិកាទាំងអស់ សូមឲ្យមានបញ្ជ្រាបសារអប់រំពីបញ្ហាគ្រឿងញៀន ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើង មានជំនឿចិត្តក្នុងខ្លួនថា ខ្លួននឹងមិនពាក់ព័ន្ធជាដាច់ខាតទៅនឹងគ្រឿងញៀន
*ទី៣៖ សូមអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេស យុវជន យុវនារី ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ដើម្បីធ្វើជា ភ្នែក ច្រមុះ និងត្រចៀករបស់សមត្ថកិច្ចយើង ក្នុងការរាយការណ៍ ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ដែលយើងរស់នៅ ក៏ដូចជាទទួលបានសារអប់រំទូលំទូលាយផងដែរ
*ទី៤៖ ក្នុងនាមសូមធ្វើការណែនាំ ដល់គ្រប់អង្គភាពអនុវត្តច្បាប់ទាំងអស់ សូមឈរលើស្មារតី «៣ កុំ ១ រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ដោយត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធានក្តៅគគុកដោយគ្មានការលើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋនៃគ្រឿងញៀន បង្ក្រាបឲ្យបានដល់មេក្លោងចែកចាយ ដើម្បីកាត់ផ្តាច់ចរន្តទីផ្សារ ឈានទៅលុបបំបាត់ឲ្យបាននូវឫសគល់នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍
*ទី៥៖ វិស័យឯកជនទាំងអស់ រួមមាន ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន និងអង្គការ សមាគមនានា ត្រូវបន្តចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាល លើវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការសហការជួយលើការងារផ្សព្វផ្សាយអប់រំ ក្រោមរូបភាពផ្សេងៗ ដូចជា ព្រឹត្តិការណ៍ឬវេទិកានានា ដែលមានសារអប់រំពីគ្រឿងញៀន ការជួយឧបត្ថម្ភជាសម្ភារៈ បរិក្ខារ ដូចជា ប៊ិក សៀវភៅ អាវយឺត វត្ថុអនុស្សាវរីយ៍នានា ដែលមានបង្កប់សារអប់រំពីបញ្ហាគ្រឿងញៀន ដើម្បីអាជ្ញាធរចែកជូនដល់សិស្សនិស្សិត យុវជន យុវនារី និងការចូលរួមឧបត្ថម្ភគាំទ្រ ក្នុងរាល់ព្រឹត្តិការណ៍នានា របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដូចដែលខ្លឹមសារលិខិតរបស់ សម្តេចធិបតី បានរំលេចយ៉ាងច្បាស់ថា «ការចូលរួមពីវិស័យឯកជន គឺជាកម្លាំងចលករមួយមិនអាចខ្វះបាន ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា»
*ទី៦៖ លើកទឹកចិត្ត ដល់ ឪពុកម្តាយ អាណាព្យាបាល និងសាមីខ្លួនអ្នកញៀនគ្រឿងញៀនទាំងអស់ សូមចូលរួមដោះស្រាយបញ្ហាញៀនគ្រឿងញៀន តាមរយៈការចាប់ដៃជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការស្វែងរកសេវាព្យាបាលនិងស្តារនីតិសម្បទា ដើម្បីបន្សាប ឈានដល់ការផ្តាច់គ្រឿងញៀន ដែលនេះ គឺជាវិធីតែមួយគត់ អាចស្រោចស្រង់អនាគតរបស់ខ្លួន ក៏ដូចជាអនាគតនៃសង្គមជាតិយើងទាំងមូលបាន
*ទី៧៖ ចំពោះអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាប ដោយក្នុងនោះ មានតែលោក លោកស្រីទេ ដែលជាអ្នកនៅមូលដ្ឋានស្រាប់ដឹងគោលដៅទីតាំងភូមិសាស្ត្រច្បាស់លាស់ ថាកន្លែងណាដែលគួរបង្កើនការអប់រំ កន្លែងណាដែលគួរបង្កើនកម្លាំងចុះបង្ក្រាប ដោយយើងមិនអាចរង់ចាំតែ
ក្រុមការងារពីខាងលើទៅនោះទេ
*ទី៨៖ សូមធ្វើការក្រើនរំលឹក ដល់ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ សូមបន្តការអនុវត្ត បទបញ្ជា ០១បប គោលការណ៍សម្អាតចកចេញពីបឹង របស់ សម្តេចធិបតី តាមរយៈការបន្ត ធ្វើតេស្តរកសារធាតុញៀនចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធជាប់ជាប្រចាំ ដើម្បីរក្សាភាពស្អាតស្អំនិងអភិបាលកិច្ចល្អក្នុងស្ថាប័នរដ្ឋយើង និងសូមលើកទឹកចិត្ត ដល់វិស័យឯកជនទាំងឡាយណា ដែលស្ម័គ្រចិត្តអនុវត្តគោលការណ៍នេះ សូមធ្វើការទាក់ទងជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលត្រៀមខ្លួនក្នុងការសហការលើការងារនេះ៕