(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា ក្រៅពីតំបន់ធំៗចំនួន៤គឺ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងមុំ៣ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរដោះស្រាយបញ្ហាទ្វេភាគីជាមួយថៃដដែល។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅលើទឹកដីខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា បើទោះបីជាកម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាជាមួយថៃទ្វេភាគីពិតមែន ប៉ុន្តែកម្ពុជាមិនឱន មិនទន់ជ្រាយ ឲ្យថៃប្រមាថឡើយ។

សម្ដេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «យើងនៅធ្វើការជាទ្វេរភាគីដដែល ទាំងរឿងព្រំដែន លើកលែងតែអា៤ចំណុចនេះ ទាំងរឿងសេដ្ឋកិច្ច រឿងកងទ័ព យើងនៅបើកច្រកចរចារ ដើម្បីទ្វេរភាគីទេ ប៉ុន្តែវាមានលក្ខខណ្ឌវាមួយចំនួន បើសិនជាមានការផ្ទុះអាវុធ យើងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»

បើតាមប្រសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រៅពីតំបន់ធំៗ ចំនួន៤គឺ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងមុំ៣ កម្ពុជានៅតែបន្តប្រកាន់ជំហរដោះស្រាយ បញ្ហាទ្វេរភាគីជាមួយថៃ ប៉ុន្តែមិនអនុញ្ញាតឲ្យថៃប្រមាថតាមអំពើចិត្តនោះទេ ពោលគឺបន្ទាប់ពីថៃបានបិទច្រកព្រំដែន និងកំណត់ម៉ោងចេញ-ចូលដោយឯកតោភាគី កម្ពុជាតែងតែប្រើប្រាស់ការឆ្លើយតបចំពោះថៃវិញ ដោយភាពទន់ភ្លន់ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។

ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជាបានកាត់ផ្ដាច់អគ្គីសនី អ៊ិនធើណេត បិទច្រក បិទការនាំចូលបន្លែផ្លែឈើ និងថ្មីៗ នេះបានបិទការនាំចូលប្រេងឥន្ធនៈ ពីថៃបន្ថែមទៀត ប៉ុន្តែកម្ពុជានៅតែមានលទ្ធភាពម្ចាស់ការ និងឯករាជ្យក្នុងការរស់នៅដោយមិនពឹងដង្ហើម​ប្រទេស​ជិតខាងឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អះអាងថា ការធ្វើឲ្យព្រំដែនត្រឡប់ទៅរកសភាពដើមវិញ គឺងាយស្រួលណាស់ ដំបូង គឺបើកច្រក បន្ទាប់មកនិយាយរឿងដកទ័ពជាមួយកម្ពុជា។ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បន្ថែមថា ការដោះស្រាយព្រំដែន កូនសោដោះស្រាយបញ្ហា គឺស្ថិតនៅលើដៃរបស់ថៃ ដោយឡែក មុននឹងមកចរចាជាមួយកម្ពុជា ថៃគួរតែឯកភាពផ្ទៃក្នុងជាមុនសិន, ភាគីណាក៏បានក្នុងការមកជជែករឿងបើកច្រកព្រំដែនជាមួយកម្ពុជា កម្ពុជាចាំតែអនុវត្តន៍នោះទេ៕