(សៀមរាប)៖ ឆ្លើយតបទៅនឹងការគម្រោមកំហែងរបស់ថៃ ទាំងផ្នែកយោធា និងសេដ្ឋកិច្ចមកលើកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានសង្កត់ធ្ងន់ថា បញ្ហាព្រំដែនជាមួយថៃនាពេលនេះ មិនមែនបង្កឡើងដោយកម្ពុជានោះឡើយ ប៉ុន្តែ​វិធានការដែលកម្ពុជា​បានដាក់ចេញក្នុងការឆ្លើយតប គឺដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងបូរណភាពទឹកដីតែប៉ុណ្ណោះ។

ថ្លែងពី​លើទឹកដីអង្គរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានគូសបញ្ជាក់យ៉ាងដូច្នេះថា «កម្ពជាមិនមែនជាអ្នកបង្ករឿងនោះទេ ហើយ​វិធានការដែលកម្ពុជាបានដាក់ចេញនេះ គឺការឆ្លើយតប ដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងបូរណភាពទឹកដី ត្រៀមលក្ខណៈតែប៉ុណ្ណោះ កម្ពុជាមិនចង់បានដីអ្នកណា តែមួយមីលីម៉ែត្រ ក៏ប៉ុន្តែក៏មិនឱ្យអ្នកឯងមកបំពាន មួយមីលីម៉ែត្របានដែរ នេះជាការប្តេជ្ញាចិត្តរបស់យើង»

​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​ ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ។

សម្តេចបវរធិបតី បានថ្លែងបន្តថា កងទ័ពស្រួចរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះជាមួយថៃ មានបី គឺលើសមរភូមិច្បាប់ តាមរយៈការដាក់ពាក្យបណ្តឹង ទៅ ICJ សមរភូមិការទូត និងសមរភូមិយោធា ដែលប្រើក្នុងករណីចាំបាច់។ មុខព្រួញនេះ គឺជាអ្វីដែលកម្ពុជា ត្រូវធ្វើ។ ជាមួយគ្នានេះ សម្តេចបានអំពាវនាវ​សូមឱ្យកម្លាំងជាតិទាំងមូល នៅពីក្រោយទ័ពស្រួច​ទាំងបីមុខព្រួញនេះ ដើម្បីធ្វើការដោះស្រាយជម្លោះនេះ។

សូមជម្រាបផងដែរថា ដើម្បីឆ្លើយតបចំពោះភាពប្រមាថ និង​ការគម្រាមកំហែងរបស់ថៃ ​កម្ពុជា​បានប្រើប្រាស់វិធានការជាបន្តបន្ទាប់ រួមមានការបិទច្រក ​ការបិទខ្ទប់មិនឱ្យនាំចូលបន្លែផ្លែឈើ បិទការនាំចូលប្រេងឥន្ធនៈ បិទការនាំ​អគ្គីសនី និងអ៊ីន​ធើណេតជាដើម។

មកទល់ពេលនេះ ច្រកព្រំដែនរកម្ពុជា-ថៃ ដែលរាជរដ្ឋាភិបាលសម្រេចបិទជាអចិន្ត្រៃយ៍មិនឱ្យចេញចូលទាំងស្រុង មានចំនួន៣ រួមមានច្រក​អន្តរជាតិ អានសេះ ក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ ច្រក​អន្តរជាតិជប់គគីរ និងច្រក​អន្តរជាតិ ជាំ ក្នុងខេត្តឧត្តរមានជ័យ។ ដោយឡែកច្រក​អន្តរជាតិ ដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបិទដោយមិនអនុញ្ញាតឱ្យឡានដឹកទំនិញមិនឱ្យចេញចូល ប៉ុន្តែអនុញ្ញាតប្រជាពលរដ្ឋឱ្យចេញចូលថ្មើជើង។ ចំណែកច្រកផ្សេងៗទៀត គឺអាចចេញចូលបានធម្មតា លើកលែងការនាំចូលបន្លែ និងផ្លែឈើ។

​នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះដែរ ក្រុមយោធាថៃបានបន្តការសម្រេចចិត្តដោយឯកតោភាគី បញ្ជាឲ្យបិទម៉ូតូ និងរទេះ មិនឲ្យចេញ-ចូលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប៉ុន្តែអនុញ្ញាតឲ្យរថយន្តចេញចូលធម្មតា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឱ្យព្រំដែនត្រឡប់ទៅរកសភាពដើមវិញ គឺងាយស្រួលណាស់ ដំបូង គឺបើកច្រក បន្ទាប់មកនិយាយរឿងដកទ័ព។ សម្តេចបានថ្លែងថា ការដោះស្រាយព្រំដែន កូនសោដោះស្រាយបញ្ហា ស្ថិតនៅលើដៃរបស់ថៃ។

សម្តេចបានបញ្ជាក់បន្ថែមថា ដរាបណាព្រំដែន មិនទាន់បើកជាប្រក្រតីឡើងវិញទេ នោះនឹងគ្មានការជួបជជែកចរចាគ្នាជាផ្លូវការរវាង ​គណៈកម្មការ​ចម្រុះ​ស្តីពី​ការបោះបង្គោល​ព្រំដែន​គោក (JBC) និងគណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ឡើយ៕