(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានទម្លាយរឿងមួយថា នៅមានពេលវិវាទព្រំដែនរវាងកម្ពុជា ជាមួយប្រទេសថៃ មានប្រទេសមួយចំនួនសុំខ្លួនចូលរួមសម្របសម្រួល ហើយចង់ឱ្យដោះស្រាយកម្រិតទ្វេភាគី។
ការទម្លាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចមាហាបវរធិបតី អញ្ជើញជាធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «កាលពីម្សិលម្ងៃនេះ មានប្រទេសមួយចំនួនចង់ដើរតួជាអ្នកសម្របសម្រួល ប៉ុន្ដែអ្វីដែលគេមកចង់សម្របសម្រួល ជាសំណមពររបស់ថៃ គឺសូមឲ្យភាគីទាំងពីរ ចរចារគ្នាតាមទ្វេភាគី។ កម្ពុជាបានប្រាប់ហើយថា ម៉ោងស្មើនេះយើងមិនទាន់បានទៅពឹងអ្នកណាគេទេ លើកលែងតែ៤ចំណុចប៉ុណ្ណោះ ក្រៅពីនោះយើងនៅធ្វើការងារជាទ្វេភាគីដដែល ទាំងរឿងព្រំដែន, សេដ្ឋកិច្ច, កងទ័ព យើងនៅបើកច្រកចរចារទ្វេភាគី ប៉ុន្ដែមានលក្ខខណ្ឌមួយចំនួន»។
សម្តេចមហាបវរធិបតីបានបន្ថែមថា ក្នុងនោះប្រសិនបើមានការផ្ទុះអាវុធ យើងទៅក្រុមប្រឹក្សាសន្ដិសុខ អង្គកាសហប្រជាជាតិ ប៉ុន្ដែបច្ចុប្បន្ននេះយើងប្រើទ្វេភាគីទៅលើការដោះស្រាយបញ្ហា ព្រមទាំងបញ្ហាព្រំដែនលើកលែងតែ៤ចំណុចដែលពឹងលើតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រោះវាផុតទៅហើយ។ ដូច្នេះក្រៅពីនោះយើងនៅបន្ដធ្វើការនៅឡើយ មិនទាន់ដល់ពេលដែលចាំបាច់ត្រូវការអ្នកណាមកជួយទេ ប៉ុន្ដែយើងនៅតែអរគុណចំពោះបងប្អូនប្រទេសដែលជាមិត្ត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ជាការពិតណាគ្មានអ្នកណាចង់ឃើញបញ្ហានោះទេ ខ្ញុំបានជួយជាមួយមន្រ្ដីក្រសួងទេសចរណ៍ វប្បធម៌របស់ម៉ាឡេស៊ីកាលពី២ទៅ៣ថ្ងៃមុន ដោយលោកបានលើកឡើងថា ចង់ឃើញប្រទេសទាំងពីរ ដោះស្រាយបញ្ហាដោយសន្ដិវិធី ខ្ញុំបានឆ្លើយតបថា ត្រឹមត្រូវណាស់ព្រោះថា កម្ពុជាឆ្អែតជាមួយសង្គ្រាម ពិតណាស់កម្ពុជាមិនចង់មានសង្គ្រាមទេ ទាំងនេះជាហេតុផលដែលកម្ពុជាសម្រេចលើកយកបញ្ហាទាំងនេះ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដូចទៅនឹងម៉ាឡេស៊ី និងសិង្ហបុរីដែរ ដែលបានដោះស្រាយបញ្ហាកោះ ដែលប្រទេសទាំងពីរមិនត្រូវគ្នា និងប្រើប្រាស់រយៈពេលប្រមាណជា២០ឆ្នាំជាង ដោយដោះស្រាយតាំងពីឆ្នាំ១៩៩៧ និងបញ្ចប់ក្នុងអំឡុងឆ្នាំ២០០០ ដោយបានដោះស្រាយបញ្ហាទាំងនេះនៅតុលា ICJ ដោយមិនបានប៉ះពាល់ទំនាក់ទំនងធំ»។
សម្តេចមហាបវរធិបតីបានថ្លែងបន្ដថា ដូច្នេះហើយបានកម្ពុជា ព្យាយាមដោះស្រាយបញ្ហាទាំងនេះ ដោយសន្ដិវិធីជៀសជាងប្រើប្រាស់កម្លាំងបាយ [.....] សម្រាប់ជំហរខាងថៃអាចចង់ប្រើប្រាស់កម្លាំងបាយ ប៉ុន្ដែចំពោះជំហររបស់កម្ពុជាវិញចង់បានសន្ដិភាព [......]។ ដូច្នេះហើយបានជាត្រូវរកអ្នកទី៣មក គឺតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់ករណីនេះ ប៉ុន្ដែចំពោះចំណុចផ្សេងទៀតយើងនៅរក្សាទ្វេភាគីដដែល ដូច្នេះសូមបញ្ជាក់ឲ្យច្បាស់ៗបែបនេះ៕