(តួកគីយ៉េ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិតសាស្ត្រាចារ្យ CİHAD DEMİRLİ សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិ Turkish Maarif នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួម ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្រ្តីការបរទេសលើកទី៥១ របស់អង្គការសហប្រតិបតិ្តការឥស្លាម(OIC ) នៅទីក្រុងអ៉ីស្តង់ប៊ូល ប្រទេសតួកគីយ៉េ។
ក្នុងឱកាសនោះ លោកបណ្ឌិតសាស្ត្រាចារ្យ CİHAD DEMİRLİ បានជម្រាបថា មូលនិធិ Turkish Maarif ត្រូវបានបង្កើតឡើងដោយលោក Recep Tayyip Erdoğan ប្រធានាធីបតីតួកគីយ៉េ ក្នុងឆ្នាំ២០១៦ ដែលផ្តោតលើវិស័យអប់រំ។ មូលនិធិនេះ ក៏គោលបំណងនាំយកបទពិសោធន៍វប្បធម៌តួកគីយ៉េ និងវប្បធម៌ ភាវូបនីយកម្មរួមគ្នាជាមួយវប្បធម៌ពិភពលោកផ្សេងទៀតផងដែរ។
លោកបន្តថា បច្ចុប្បន្នមូលនិធិ Maarif មានបណ្តាញទំនាក់ទំនងនៅក្នុងប្រទេសចំនួន ១០៨ មានការិយាល័យតំណាងនៅក្នុងប្រទេសចំនួន ៥៥ ហើយនាពេលថ្មីៗនេះ មានសកម្មភាពអប់រំក្នុងប្រទេសចំនួន ៦៧ និងមានសិស្សចំនួន ៧០២៨៦ ទទួលបានផលប្រយោជន៍ពីមូលនិធិនេះ ព្រមទាំងមានចំនួនកើនឡើងជាបន្តបន្ទាប់។
សូមជម្រាបថា មូលនិធិ Maarif កន្លងមកបានចុះ អនុស្សារៈយោគយល់គ្នា (MOU) ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាមួយកម្ពុជា ដូចប្រទេសនានា៕