(សៀមរាប)៖ ព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុក នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីរកថវិកាមកទ្រទ្រង់ និងកិច្ចការងារនានា ក្នុងពុទ្ធិកវិទ្យាល័យរាជបូណ៌ នៅឧបដ្ឋានសាលាវត្តព្រះព្រហ្មរ័ត្ន។

ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន មានថេរដីកាថា វត្តអារាមបានដើរតួនាទីជំរុញបណ្តុះសីលធម៌ គុណធម៌ ហើយវត្តអារាម ក៏បានក្លាយទៅជាទីកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្សឱ្យមានចំណេះដឹងគ្រប់បែបយ៉ាង និងជាឃ្លាំងសម្រាប់រក្សាទុកនូវមរតកវប្បធម៌ ប្រពៃណី ចំណេះដឹងដ៏សំបូរបែប ដែលផ្តល់គុណតម្លៃសម្រាប់ការសិក្សា ស្រាវជ្រាវមិនចេះរីងស្ងួតឡើយ។

ព្រះសាសនសត្ថា តង់ តន មានថេរដីកាបន្តថា វត្តអារាម គឺជាទីកន្លែងដ៏ទូលាយក្នុងការបញ្ជ្រាប និងថែរក្សាអត្តសញ្ញាណ ព្រលឹងជាតិ ដ៏សំខាន់តាំងតែពីបរមបុរាណដរាបរៀងមក ហើយតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្នកាលនេះ វត្តអារាមក៏បានជួយផ្តល់កន្លែងស្នាក់នៅ ដូចជា៖ បួស រៀនសូត្រ និងចំណេះដឹងទូទៅដល់អ្នកដែលមានការខ្វះខាត។ ក្នុងនោះដែរ ព្រះបាឡាត់គណខេត្ត ទទួលបន្ទុក និងត្រួតពិនិត្យសាលាធម្មវិន័យ និងសាលាពុទ្ធិកសិក្សាគ្រូ និងសមណ សិស្ស-សិស្សផងដែរ។

ព្រះសាសនសត្ថា តង់ តន មានថេរដីកាថា ដើម្បីធ្វើការដោះស្រាយបញ្ហាហិរញ្ញវត្ថុ និងកិច្ចការងាររដ្ឋបាលក្នុងពុទ្ធិកវិទ្យាល័យរាជបូណ៌ ដែលកំពុងជួបប្រទះបញ្ហាមួយចំនួន ដូចជា៖ ការចំណាយ ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ និងបម្រើសេវាបង្រៀនប្រចាំខែ។

ដោយហេតុថា សាលាមិនមានគ្រូក្របខណ្ឌច្រើន ដើម្បីឱ្យកម្មវិធីសិក្សាប្រកបដោយវឌ្ឍនភាព គុណភាពរឹងមាំ គណៈគ្របគ្រង ក៏បានស្នើសុំអញ្ជើញគ្រូមកពីបណ្ដាសាលាចំណេះទូទៅផ្នែកអាណាចក្រក្នុងខេត្ត ជួយជាសេវាបង្ហាត់បង្រៀនតាមឯកទេសរៀងៗខ្លួនដោយផ្ដល់ជាថវិកាបន្ថែមលើប្រាក់ម៉ោងរដ្ឋ។

ការបំពេញបន្ថែមលើរបបប្រាក់ម៉ោងបង្រៀនប្រចាំខែ ហេតុថាប្រាក់ម៉ោងសេវាបង្រៀនដែលទទួលបានពីរដ្ឋនៅមានកម្រិត ហេតុនេះសាលាត្រូវបន្ថែមប្រាក់មួយចំនួនជូនលោកគ្រូ អ្នកគ្រូឱ្យសមនឹងសេដ្ឋកិច្ច និងចំណាយប្រចាំថ្ងៃ លើកម្មវិធីសិក្សាបន្ថែមលើម៉ោងរដ្ឋ មានបញ្ចូល ម៉ោងស្វ័យសិក្សា ម៉ោងបំប៉ន និងថ្នាក់បច្ចេកវិទ្យា ដើម្បីសម្រួលដល់កិច្ចការងារដ្ឋបាលសាលាទូទៅ មានដូចជា៖ សៀវភៅកិច្ចការសិស្ស សៀវភៅកិច្ចការគ្រូ លិខិតបទដ្ឋានគតិយុត្តិនានា គ្រឿងប្រើប្រាស់ក្នុងការិយាល័យ តាមថ្នាក់ ថ្លៃទឹកភ្លើងប្រចាំខែ ដើម្បីបង់ថ្លៃសេវាភ្លើងមួយខែៗ។

ព្រោះតាមបន្ទប់ថ្នាក់មានកង្ហារ មានភ្លើង ជាតម្រូវការរបស់សមណសិស្ស និងសម្ភារ:ប្រើប្រាស់របស់លោកគ្រូ អ្នកគ្រូប្រចាំថ្ងៃ និងខែ ព្រមទាំងប្រចាំឆ្នាំ ជាហេតុញ៉ាំងឲ្យការចំណាយកើនឡើង ព្រមទាំងចាំបាច់ត្រូវចំណាយច្រើន ឧបត្ថម្ភគណៈកម្មការគ្រប់ផ្នែក ដែលជួយសម្រួលកិច្ចការសមណសិស្សតាមថ្នាក់ និងចាត់ចែងលើសកម្មភាពបន្ទាន់នានា។

ព្រះសាសនសត្ថា តង់ តន មានថេរដីកាបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងនីតិកាលទី៧ ដែលបន្តដឹកនាំពីសម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា បានយកចិត្តទុកដាក់ទាំងវិស័យអាណាចក្រ និងពុទ្ធិចក្រ លើកតម្កើនសាលាបាលី និងពុទ្ធិកសិក្សា ព្រះគុណធម៌ សីលធម៌ របស់ពុទ្ធសាសនាចាំបាច់ធ្វើឲ្យមានតុល្យភាពរីកចម្រើនខាងសម្ភារៈ និងខាងស្មារតី ពុទ្ធចក្រនឹងអាណាចក្រត្រូវដើរទន្ទឹមគ្នាក្នុងល្បឿនស្មើរគ្នា ដើម្បីចូលរួមចំណែក ថែរក្សាសន្តិភាព សុខមាលភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា បុណ្យផ្កាប្រាក់សាមគ្គីដើម្បីរកថវិកាទ្រទ្រង់ដល់ពុទ្ធិកវិទ្យាល័យរាជបូណ៌ក្នុងខេត្តសៀមរាប គឺទទួលបានបច្ច័យជាបឋម គឹប្រមាណជាង៥០លានរៀលផងដែរ៕