(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្ដលើកទឹកចិត្ត និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវនារី ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ដើម្បីធ្វើជាភ្នែក ច្រមុះ និងត្រចៀករបស់សមត្ថកិច្ចយើង ក្នុងការរាយការណ៍ ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ដែលយើងរស់នៅ ក៏ដូចជាទទួលបានសារអប់រំទូលំទូលាយផងដែរ។
ការអំពាវនាវជាថ្មីរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីភាព តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។ ពិធីនេះបានប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានកត់សម្គាល់ថា កន្លងទៅធ្លាប់ឮប្រជាពលរដ្ឋខ្លះលើកឡើងអំពីបញ្ហាគ្រឿងញៀន នៅក្នុងភូមិឋានរបស់ខ្លួន ហើយខ្លះទៀតបង្ហោះនៅតាមបណ្ដាញសង្គមជាដើម ប៉ុន្ដែឥលូវនេះលោកចង់ឲ្យពលរដ្ឋផ្លាស់ប្ដូរផ្នត់គំនិតពីការរអ៊ូ ឬលើកឡើងតាមបណ្ដាញសង្គម ប្រើប្រាស់កម្មវិធីទូរស័ព្ទ NoDrug ដើម្បីរាយការណ៍ពីករណីគ្រឿងញៀន នៅក្នុងសងហគន៍ ដើម្បីយកបញ្ហានោះចេញពីមូលដ្ឋានតែម្ដង។
ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះបានអះអាងទៀតថា អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានក្រុមប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង ដើម្បីចាំទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ហើយជាពិសេសរាល់ការរាយការណ៍នោះ គឺមានលក្ខណៈសម្ងាត់ និងមានសុវត្ថិភាពខ្ពស់បំផុតដល់អ្នករាយការណ៍។
បើតាមការលើកឡើងរបស់លោកសន្ដិបណ្ឌិត នេត សាវឿន, កន្លងទៅចាប់ពីដាក់ដំណើរការមក App NoDrug មានអ្នកទាញយកប្រើប្រាស់ជិត៥ម៉ឺននាក់ មានប្រជាពលរដ្ឋរាយការណ៍ជាង១,៤០០ករណី ហើយសមត្ថកិច្ចបានចុះដោះស្រាយបានជាង១,២០០ករណី។ ដូច្នេះ លោកសង្ឃឹមថា ពលរដ្ឋនឹងចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃនេះ ឲ្យកាន់តែទូលំទូលាយជាងមុន ដើម្បីដោះស្រាយបញ្ចប់បញ្ហាគ្រឿងញៀននេះ ចេញពីសហគមន៍យើង។ ការទាញយកប្រើប្រាស់កម្មវិធី NoDrug ប្រៀបដូចជាបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងនាម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសូមធ្វើការណែនាំ ដល់គ្រប់អង្គភាពអនុវត្តច្បាប់ទាំងអស់ សូមឈរលើស្មារតី «៣ កុំ ១ រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ដោយត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធានក្តៅគគុកដោយគ្មានការលើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋនៃគ្រឿងញៀន បង្ក្រាបឲ្យបានដល់មេក្លោងចែកចាយ ដើម្បីកាត់ផ្តាច់ចរន្តទីផ្សារ ឈានទៅលុបបំបាត់ឲ្យបាននូវឫសគល់នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍។
ពាក់ព័ន្ធនឹងចំណុចនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួងមហាផ្ទៃ ដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិ ជាសេនាធិការ និងក្រសួងការពារជាតិ ដែលមានបញ្ជាការដ្ឋានកងរាជអាវុធហត្ថ បានដឹកនាំសកម្មក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន យ៉ាងសស្រាក់សស្រាំ រួមទាំងសូមគាំទ្រដល់ ចំណាត់ការក្រសួងយុត្តិធម៌ ដែលមានគោលការណ៍ច្បាស់លាស់មុតស្រួច ក្នុងការចាត់វិធានការលើសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងត្រូវបន្តភាពមុតស្រួច និងម៉ឺងម៉ាត់នេះបន្តទៀត ដើម្បីកម្ចាត់គ្រឿងញៀនចេញពីសង្គមដ៏ថ្លៃថ្លារបស់យើង៕