(ភ្នំពេញ)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់លោក Jang Yun Gon ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ស.ប.ប.កូរ៉េ) ប្រចាំកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរឯកអគ្គរដ្ឋទូតស.ប.ប.កូរ៉េ ចំពោះការបញ្ចប់ បេសកកម្មដោយជោគជ័យនៅកម្ពុជា និងថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូត ក្នុងការរក្សា និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងអំឡុងពេលបំពេញបេសកកម្មរយៈពេល៩ឆ្នាំ នៅកម្ពុជា។
លោក Jang Yun Gon បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលិកឧបនាយករដ្ឋមន្ត្រី និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការសម្របសម្រួលដ៏ល្អជូនដល់រូបគាត់ និងស្ថានទូតស.ប.ប.កូរ៉េ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថាកម្ពុជា និងស.ប.ប.កូរ៉េ បន្តរក្សាចំណង មិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៦៤ ដោយព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ» និងលោក Kim Il-sung កាលពី៦០ ឆ្នាំមុន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបង្ហាញក្តីសង្ឃឹមថា ឯកអគ្គរដ្ឋទូត Jang Yun Gon នឹងបន្តដើរតួនាទីរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ស.ប.ប.កូរ៉េ ក្នុងតួនាទីណាមួយរបស់គាត់នាពេលអនាគត៕