(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ការពិនិត្យពាក់កណ្តាលទី នៃយុទ្ធសាស្រ្ត ២០២១-២០៣០។ កិច្ចពិភាក្សានេះបានធ្វើឡើង ក្នុងគោលបំណងកំណត់រួមគ្នានូវទំហំ ឬវិសាលភាពការងារ ដំណើរការងារត្រូវអនុវត្ដ​វិធីសាស្ដ្រ កម្រងសំណួររយៈពេលត្រូវអនុវត្ដ នៃឯកសារលក្ខខណ្ឌយោងការយល់ដឹងពីលក្ខខណ្ឌជាក់លាក់នៃការទទួលខុសត្រូវ និងផែនការសកម្មភាព។

ពិធីនេះបានធ្វើឡើង នាទីស្នាក់ការកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានអញ្ជើញចូលរួមមានលោកស្រី កាទ្រីន ក្លាសិន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្រងប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា, លោក យូ ឡាណា​ អគ្គលេខាធិការរងទី២ និងមន្ដ្រីបុគ្គលិក។

លោកស្រី ពុំចន្ទីនី បានថ្លែងថា ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៍ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោកស្រីបានគោរពស្វាគមន៍ លោកស្រី កាទ្រីន ក្លាសិន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិប្រចាំកម្រងប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម ដែលបានអញ្ជើញមកកម្ពុជាជាថ្មីម្តងទៀត និងផ្តល់កិតិ្តយសចូលរួមសង្កេតការណ៍ក្នុងដំណើរការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។

លោកស្រីបានថ្លែងបន្ដថា ការរៀបចំឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជានាថ្ងៃនេះ ដើម្បីពិនិត្យមើលវឌ្ឍនភាព, សមិទ្ធផលសម្រេចបាន, បញ្ហាប្រឈមនានា ព្រមទាំងក្តាប់ឱ្យបានយ៉ាងស៊ីជម្រៅនូវកិច្ចការគន្លឹះ និងមេរៀននានាក្នុងរយៈពេលនៃការអនុវត្តឆ្នាំ២០២១ មកដល់ ៥ខែ ដើមឆ្នាំ២០២៥ កន្លងមក ទុកជាមូលដ្ឋានគ្រឹះនៃការដាក់ចេញជាអនុសាសន៍ដល់ប្រតិបត្តិការបន្តក្នុងឆ្នាំ ២០២៦-២០៣០ខាងមុខ ឱ្យបានសមស្របទៅនឹងសភាពការណ៍វិវត្តន៍ថ្មីៗ, តម្រូវការថ្មីនៃនវានុវត្តមនុស្សធម៌ ព្រមទាំងបន្ស៊ីជាមួយនឹងអាទិភាពរបស់ជាតិ ពោលគឺយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងលើកកម្ពស់ផលទទួលបានជាលក្ខណៈយូរអង្វែង (strategic impact)។

លោកស្រីអគ្គលេខាធិការបានថ្លែងទៀតថា អ្នកចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់នាថ្ងៃនេះ គឺសុទ្ធតែអ្នកដឹកនាំ និងជាប្រតិបត្តិករដ៏សកម្ម និងជាតួអង្គដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្ត ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលបានបន្ស៊ីជាមួយយុទ្ធសាស្រ្ត ២០៣០ របស់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (សហព័ន្ធអន្តរជាតិ) និងសម្របជាមួយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

«ក្នុងរយៈពេល ៥ឆ្នាំដំបូងនៃយុទ្ធសាស្ត្រនេះ គឺ ពីឆ្នាំ ២០២១-២០២៥ កាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែងប្រមូលផ្តុំកម្លាំងមនុស្សធម៌ កៀរគររកមូលនិធិ បំផុសកម្លាំងស្ម័គ្រចិត្តចូលរួមក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗ ដែលបានកើតមានឡើង មានដូចជា វិបត្តិសាកលបង្កដោយជំងឺកូវីដ១៩, បញ្ហាប្រឈមជាសាកលយ៉ាងស្រួចស្រាវ បង្កដោយការប្រែប្រួលអាកាសធាតុ, សង្គ្រាម និងជម្លោះប្រដាប់អាវុធរ៉ាំរ៉ៃនៅតាមតំបន់មួយចំនួន, ការកើតមានជំងឺរាតត្បាតថ្មីៗ, បញ្ហាប្រឈមថ្មីៗ ខាងផ្នែកសុខភាពដែលកើតចញពីជំងឺមិនឆ្លង ជាដើម»។ នេះតាមការបញ្ជាក់បន្ថែមរបស់លោកស្រី ពុំ ចន្ទីនី។

ការពិនិត្យពាក់កណ្តាលទីនូវយុទ្ធសាស្រ្ត ២០២១-២០៣០ នាពេលនេះ ដើម្បីវាស់វែងបានកម្រិតអភិវឌ្ឍក្នុងដំណាក់កាលទី១ និងសម្រេចបាននូវតម្រាយផ្លូវដ៏សំខាន់មួយសម្រាប់អនុវត្តក្នុងដំណាក់កាលទី២ (២០២៦-២០៣០) នៃយុទ្ធសាស្ត្រ។ ឈរលើមូលដ្ឋានគ្រឹះនៃវឌ្ឍនភាព សមិទ្ធផល សូចនាករជាក់លាក់ កាកបាទក្រហមកម្ពុជា បន្តដំណើរទៅមុខដោយភាពស្វាហាប់ ជឿជាក់ និងមានលទ្ធផលរំពឹងទុកឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល និងរួមចំណែកដល់ការសម្រេចបាន សកម្ម ភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសាកល និង ការសម្រេចបានគោលដៅអភិវឌ្ឍប្របកបដោយចីរភាព។

លោកស្រីគូសបញ្ជាក់ទៀតថា «ថ្ងៃនេះយើងនឹងឈានទៅសម្រេចបានជំហានទី១ នៃការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្រ្ត ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា រួមមាន៖ ការយល់ដឹងពីលក្ខខណ្ឌជាក់លាក់នៃការទទួលខុសត្រូវ (ToR) ដែលលោក យូ ឡាណា អគ្គលេខាធិការរងទី២ បានបង្ហាញជូនកិច្ចប្រជុំ មុននឹងឈានចូលទៅដល់ការបែងចែកក្រុមពិភាក្សាជុំទី១, ជុំទី២លើ បណ្តុំសំណួរចំនួន ៨ ដែលក្នុងនោះជារួមមាន ៖ ភាពសមស្របទៅនឹងតម្រូវការរបស់សហគមន៍ (Relevance), ភាពប្រទាក់ក្រឡា និងស៊ីសង្វាក់/ស្របគ្នា (Coherence), ប្រសិទ្ធភាព (Effectiveness), ប្រសិទ្ធផល (Efficiency), ផលជះ (Impact), និរន្តរភាព (Sustainability) មេរៀនជាបទពិសោធន៍ (Lessons Learned) និង អនុសាសន៍ (Recommendations)» ។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ការពិនិត្យពាក់កណ្តាលទី យុទ្ធសាស្រ្ត ២០២១-២០៣០ លោកស្រី កាទ្រីន ក៏បានថ្លែងថាកោតសរសើរដល់កាកបាទក្រហមកម្ពុជា ដែលមានយុទ្ធសាស្ត្របន្ស៊ីទៅនឹងយុទ្ធសាស្ត្រសហព័ន្ធ និងដើរទាន់សភាពការណ៍ដែលកើតឡើងបច្ចុប្បន្ន។ ជាក់ស្ដែងក្នុងរយៈពេល ៥ឆ្នាំ នៃការអនុវត្តយុទ្ធសាស្ត្រ គឺ កាកបាទក្រហមកម្ពុជា ពិតជាបានខិតខំប្រឹងប្រែងបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនបានយ៉ាងល្អ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ ហើយពេលនេះគឺជាពេលដ៏ល្អ ដែលកាកបាទក្រហមកម្ពុជា មានផែនការយ៉ាងល្អិតល្អន់ក្នុងការពិនិត្យសារឡើងវិញក្នុងការអនុវត្តយុទ្ធសាស្ត្រ ៥ឆ្នាំកន្លងមក ហើយនឹងគួរបន្តយុទ្ធសាស្ត្រ ៥ឆ្នាំបន្ទាប់យ៉ាងណាឱ្យមានភាពកាន់តែប្រសើរឡើង។

ឆ្លៀតក្នុងឱកាសនោះលោកស្រី កាទ្រីនបានដាក់ជូននូវសំណួរ ចំនួន៣, អនុសាសន៍ចំនួន ៣ចំណុច និង សំណូមពរចំនួន ២ ចំណុច ជូនដល់កាកបាទក្រហមកម្ពុជា៕