(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល កាន់តែខ្លាំងឡើងប្រហែលជាអ៊ីរ៉ង់ មានអ្វីនៅពីក្រោយដែលពិភពលោកមិនបានដឹង។ ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ស្របពេលដែលអ៊ីរ៉ង់ និងអ៊ីស្រាអែល បូករួមជាមួយអាមេរិកផងនោះ ត្រូវបានគេដឹងថា មានយន្តហោះចិន ចូលទៅក្នុងទឹកដីអ៊ីរ៉ង់ សម្រាប់ចិន និងរុស្ស៊ី មេដឹកនាំអ៊ីរ៉ង់បច្ចុប្បន្ន គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ ក្នុងភូមិសាស្រ្តនយោបាយនៃប្រទេសទាំង២ នៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលមិនអាចបាត់បង់បាននោះឡើយ។ ការណ៍នេះ នាំឱ្យរុស្ស៊ី និងចិន មិនអាចបណ្ដោយឱ្យអ៊ីរ៉ង់ ប្រឈមមុខ តែម្នាក់ឯងជាមួយអ៊ីស្រាអែល និងអាមេរិកនោះឡើយ។

សូមជម្រាបថា ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់ និងការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរដែលស្ថិតក្រោមការធានារបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) កាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅ។ ការថ្កោលទោសរបស់ចិននេះ បានកើតមានឡើងស្របពេលនឹងការថ្កោលទោសពីប្រទេសរុស្ស៊ី ដែលជាមហាអំណាចមួយទៀតក្នុងក្រុមប្រឹក្សាសន្តិសុខ ដែលបង្ហាញពីជំហរប្រឆាំងនឹងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖