(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំសិក្ខាសាលា ស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ជាមួយលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពី លោកទេសរដ្ឋមន្រ្តី លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុប្រធាននិងសមាជិកនៃក្រុមការងារតម្រង់ទិសតំណាងរាជរដ្ឋាភិបាលសម្រាប់កិច្ចសហការជាមួយនឹងធនាគារពិភពលោក ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូ របស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តំណាងក្រសួងស្ថាប័ននានា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ព្រមទាំងអ្នកស្រាវជ្រាវជាតិ សរុបប្រមាណ ១៥០ នាក់។
សិក្ខាសាលានេះ មានគោលបំណង ពិភាក្សានិងផ្លាស់ប្តូរយោបល់ ព្រមទាំងឆ្លុះបញ្ចាំងឱ្យបានស៊ីជម្រៅនិងជាយុទ្ធសាស្រ្ត ក្នុងការរិះរកមធ្យោបាយដែលអាចឱ្យកម្ពុជាបង្កើនភាពប្រកួតប្រជែង ភាពធន់ និង បរិយាប័ន្ន នៅក្នុងបរិបទសកលដែលមានភាពស្មុគស្មាញនិងមិនអាចប៉ាន់ប្រមាណបាន។ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានចាប់ផ្តើមដោយសង្កត់ធ្ងន់ថា ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺជាមហិច្ឆតាខ្ពស់ដែលរាជរដ្ឋាភិបាលចាំបាច់បានផ្ដោតជាសំខាន់ និងយកចិត្ដទុកដាក់ ដោយកំណត់លើចំណុចសំខាន់ ២ គឺ៖
-ទី១. កម្ពុជាត្រូវកំណត់បំណងប្រាថ្នា (Aspiration) សម្រាប់រយៈពេល ២៥ឆ្នាំទៅមុខទៀត ដែលជាគោលបំណងនិងគោលដៅរយៈពេលវែង ដែលជាការតម្រង់ទិសការខិតខិតប្រឹងប្រែង និងការប្ដេជ្ញារបស់កម្ពុជា
-ទី២. ការកំណត់អំពីមាគ៌ារបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលបំណងនិងគោលដៅទាំងនេះ ដោយការពិនិត្យលើភាពខ្លាំង ភាពខ្សោយរបស់ខ្លួន ហើយគិតគូររៀបចំអំពីការកសាងភាពធន់ និងកសាងកំណើនក្នុង ការកសាងជាតិ ការការពារផលប្រយោជន៍ជាតិ ការការពារប្រជាជន និងការការពារទឹកដីលើមាគ៌ាដ៏វែងឆ្ងាយនេះ។
ជាមួយគ្នានេះ លោកស្រី Tania Meyer បានលើកឡើងនូវចំណុច សំខាន់ៗ មួយចំនួនសម្រាប់ការរៀបចំចក្ខុវិស័យកម្ពុជា ក្នុងនោះ កម្ពុជាត្រូវមានបំណងប្រាថ្នាជាប្រទេសមានចំណូលខ្ពស់, ផលិតភាពខ្ពស់, បង្កើនជីវភាពរស់នៅរបស់ប្រជាជន និងគុណភាពជីវិតខ្ពស់, កម្ពុជាត្រូវកសាងភាពធន់ ដោយប្រើប្រាស់ចំណេះដឹងសាកល ហើយកម្ពុជាត្រូវពិចារណាលើការប្រើប្រាស់ម៉ូដែលដែលផ្ដោតលើផលិតភាព សំដៅសម្រេចបានជាប្រទេសចំណូលខ្ពស់។ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីប្រចាំការ ក៏បានសង្កត់ធ្ងន់ថា កម្ពុជាស្ថិតក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលជាការតម្រង់ទិសសម្រាប់ការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបានកសាងផ្អែកលើភាគលាភនៃសន្ដិភាព និងការអភិវឌ្ឍរយៈពេល២៥ ឆ្នាំកន្លងមក ដែលកើតចេញពីលទ្ធផលនៃការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តទៀតថា ការកើនឡើងនូវភាពមិនប្រាកដប្រជា ការបែកខ្ញែក និងភាពស្មុគស្មាញនៃបរិបទសេដ្ឋកិច្ចសកល និងតំបន់ ទាមទារឱ្យកម្ពុជាត្រូវគិតគូរ រៀបចំ និងអនុវត្តយុទ្ធសាស្រ្តនិងគោលនយោបាយ ប្រកបដោយភាពជាក់ស្តែងនិយមនិងប្រុងប្រយ័ត្នខ្ពស់ សំដៅសម្រេចនូវកំណើនសេដ្ឋកិច្ចចំពោះមុខរយៈពេលមធ្យមនិងវែងទៅមុខ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានគូសរំលេចថា ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំ ប៉ុន្តែក៏បាន កត់សម្គាល់នូវបញ្ហាម៉ូឌែលកំណើនកម្ពុជា ដែលបច្ចុប្បន្នពឹងផ្អែកខ្លាំងពីបរិយាកាសខាងក្រៅ។ ការណ៍នេះទាមទារឱ្យកម្ពុជាគិតគូរកែសម្រួលម៉ូឌែលកំណើន និងការផ្លាស់ប្តូរផ្ទៃក្នុង ឱ្យមានលក្ខណៈយុទ្ធសាស្ត្រ ផ្អែកលើចំណេះដឹងសកល, ដឹកមុខដោយនវានុវត្តន៍ និងអាចឆ្លើយតបទៅនឹងការប្រែប្រួលនូវចលនាការសកល។
បន្ទាប់មក លោក Aaditya Mattoo បានលើកឡើងនូវខ្លឹមសារសំខាន់ៗដែលជារបបគំឃើញគន្លឹះៗនៃរបាយការណ៍របស់ធនាគារពិភពលោក ដោយផ្តោតលើផលិតភាព ការអភិវឌ្ឍសេវាកម្ម និងការប្រមើមើលការងារអនាគត ដែលក្នុងនោះរួមមាន៖
១. ការបន្ដពង្រឹងការអភិវឌ្ឍនិងបង្កើនផលិតភាពក្នុងវិស័យសេវាកម្ម ដូចជាសេវាកម្មបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលជាដើម ដែលនឹងបង្កើនផលិតភាពខ្ពស់ដល់វិស័យឧស្សាហកម្មនិងកម្មន្ដសាល
២. ការគិតគូរពីការងារអនាគត (Future Jobs) ដោយផ្តោតលើស្ថានភាពទីផ្សារពលកម្ម ដូចជា ប្រភេទការងារដែលត្រូវការ, ការបង្កើតនិងការប្រមើមើលលើការងារថ្មី និងការបំពាក់ជំនាញថ្មីសម្រាប់ប្រជាជន
៣. ការគិតគូរអំពីបញ្ហាបន្ទាន់ និងភាពប្រឡាក់ក្រឡាគ្នា រវាងបច្ចេកវិទ្យាបៃតងនិងការអភិវឌ្ឍភាពធន់ទៅនឹងអាកាសធាតុ និង
៤. ការវិវត្តនៃរបៀបរបបធ្វើការ ដោយការកើនឡើងនូវម៉ាស៊ីនស្វ័យប្រវត្តិ, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិតជាដើម។
ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកជាសំណួរមួយចំនួន ដើម្បីទាញចំណាប់អារម្មណ៍ពីអង្គសិក្ខាសាលា រួមមាន៖
១. តើវិស័យអាទិភាពអ្វីខ្លះដែលរដ្ឋាភិបាលត្រូវផ្តោតក្នុងរយៈពេលខ្លី ជាពិសេស ជាមួយនឹងធនធានមានកម្រិតក្នុងបរិបទកម្ពុជាបច្ចុប្បន្ន?
២. តើកម្ពុជាត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីផ្លាស់ប្តូរពីកំណើនសេដ្ឋកិច្ចដែលពឹងផ្អែកលើការចូលរួមនៃកម្លាំងពលកម្ម ទៅជាកំណើនសេដ្ឋកិច្ច ពឹងផ្អែកលើផលិតភាពការងារ?
៣. តើវិស័យ និងអនុវិស័យអ្វីខ្លះដែលកម្ពុជាគួរទាក់ទាញ ដើម្បីជំរុញខ្សែសង្វាក់តម្លៃពីការផលិតពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើចំណេះដឹង និងនវានុវត្តន៍ក្នុងរយៈពេលមធ្យមទៅរយៈពេលវែង?
៤. តើកម្ពុជាគួរកសាងភាពធន់បានដោយរបៀបណា សម្រាប់ឆ្លើយតបនឹងការប៉ះទង្គិចរយៈពេលខ្លី ព្រមទាំងធន់នឹងហានិភ័យរចនាសម្ព័ន្ធរយៈពេលវែង ដូចជា ឌីជីថលភាវូបនីយកម្ម ស្វ័យប្រវត្តិកម្ម បញ្ញាសិប្បនិមិត្ម និងការប្រែប្រួលអាកាសធាតុ? និង
៥. តើជម្រើសគោលនយោបាយអ្វីខ្លះដែលកម្ពុជាគួរគិតគូរនិងអនុវត្ត ដើម្បីសម្រេចឱ្យបាននូវបរិយាប័ន្ន សម្រាប់គ្រប់ស្រទាប់វណ្ណៈប្រជាជនកម្ពុជា?ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានដឹកនាំកិច្ចពិភាក្សា ផ្លាស់ប្ដូរមតិយោបល់ និងទស្សនៈ យ៉ាងផុសផុលលើប្រធានបទ ៣ សម្រាប់កម្ពុជា គឺ ទី១. ផលិតភាព ដោយកម្ពុជាត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីបង្កើនផលិតភាព ទី២. ការអប់រំនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយកម្ពុជាត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីបង្កើនគុណភាពអប់រំ និងជំនាញ និង ទី៣. ការចាប់ផ្តើមប្រើបច្ចេកវិទ្យា ដោយសារការប្រើប្រាស់បច្ចេកវិទ្យានៅមានកម្រិតទាបទាំងក្នុងវិស័យសាធារណៈនិងឯកជន ហើយកម្ពុជាគួរលើកទឹកចិត្ដ និងមានវិធានការខ្លះសម្រាប់គាំទ្រ។ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា សិក្ខាសាលានេះគឺមានសារៈសំខាន់ សម្រាប់ការពិភាក្សានិងផ្លាស់ប្តូរយោបល់ ក៏ដូចជា ជាធាតុចូលសម្រាប់ការរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ការរៀបចំរបាយការណ៍នេះ គួរផ្តោតលើការវិភាគអំពីភាពខ្លាំង និងភាពខ្សោយ, គោលនយោបាយអាទិភាពដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលទាមទារនូវការកំណត់ឱ្យបានច្បាស់លាស់នូវផែនការសកម្មភាពដែលត្រូវអនុវត្ត យន្តការស្ថាប័ន និងលទ្ធផលរំពឹងទុក។ល។ ជាចុងក្រោយ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានថ្លែងអំណរគុណដល់ធនាគារពិភពលោកប្រចាំនៅកម្ពុជា លោកទេសរដ្ឋមន្រ្តី លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុប្រធាននិងសមាជិកនៃក្រុមការងារតម្រង់ទិសតំណាងរាជរដ្ឋាភិបាល សម្រាប់កិច្ចសហការជាមួយនឹងធនាគារពិភពលោក ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តំណាងក្រសួងស្ថាប័ននានា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ព្រមទាំងអ្នកស្រាវជ្រាវជាតិទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការផ្តល់ធាតុចូល ព្រមទាំងបានចូលរួមយ៉ាងសកម្ម និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិភាក្សា និងផ្តល់យោបល់ ដើម្បីជាធាតុចូលសម្រាប់ការរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕