(សៀមរាប​)៖ តាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិក នៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។

អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា, លោកស្រីបណ្ឌិត Emma Duester (សាស្រ្តាចារ្យរងផ្នែកបេតិកភណ្ឌវប្បធម៌ឌីជីថល និងជាអ្នកជំនាញនៅសាកលវិទ្យាល័យ Jiao Tong ទីក្រុងសៀងហៃ)។

ក្នុងនោញ ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញពីលោកបណ្ឌិត Tammy Wong Hulbert (អ្នកជំនាញ និងសាស្ត្រាចារ្យផ្នែកសិល្បៈ អភិរក្ស និងអប់រំ នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី) លោក Ondris Pui (អ្នកជំនាញបច្ចេកវិទ្យាផ្នែកបេតិកភណ្ឌវប្បធម៌ នៅសាកលវិទ្យាល័យ RMIT) លោកស្រី Michal Teague (នាយករងគ្រប់គ្រងកម្មវិធីឯកទេស Design នៅសាកលវិទ្យាល័យ RMIT) រួមទាំងថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិក របស់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។

សូមជម្រាបថា វគ្គបណ្តុះបណ្តាល ស្តីពី៖ ការពង្រឹងសមត្ថភាពមន្ត្រី- បុគ្គលិកសារមន្ទីរ រៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណង ចែករំលែកបទពិសោធន៍ ពង្រឹងសមត្ថភាពលើផ្នែក ការអត្ថាធិប្បាយតាមឯកសារឌីជីថល សីលធម៌ក្នុងការប្រើប្រាស់ឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត និរន្តរភាព និងការប្រើប្រាស់ឌីជីថល និងការថែរក្សាសមុច្ច័យសម្រាប់ពេលអនាគត៕