(ភ្នំពេញ)៖ ដូចអ្វីដែលបានប្រកាសក្រោយសម្រេចចិត្តដោយឯកតោភាគី ក្រុមយោធាថៃ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានសម្រេចបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា។ ការសម្រេចចិត្តបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ និងភ្ញៀវទេសចរ ពិសេសទាំងជនជាតិថៃខ្លួនឯងដែលត្រូវចេញចូលមកប្រកបរបរ និងបំពេញការងារនៅក្នុងប្រទេសកម្ពុជា។
សេចក្ដីរាយការណ៍ពីគ្រប់ច្រកទ្វារព្រំដែនទាំងអស់រវាងកម្ពុជា-ថៃ បានឲ្យដឹងថា បន្ទាប់ពីការសម្រេចចិត្តដោយឯកតោភាគីរបស់ក្រុមយោធាថៃ ពិសេសមេបញ្ជាការភូមិ១ និងភូមិ២ថៃ គឺច្រកទ្វារព្រំដែនទាំងអស់ត្រូវបានបិទទាំងស្រុង ដោយមិនអនុញ្ញាតឲ្យមានមធ្យោបាយដឹកជញ្ជូនទំនិញ ឬអ្នកដំណើរចេញចូលដូចប្រក្រតីភាពនោះទេ។ ប៉ុន្ដែពួកគេ បានផ្ដល់លក្ខខណ្ឌសម្រាប់អ្នកដែលអាចចេញចូលបាន មានតែសិស្សសាលា និងអ្នកជំងឺប៉ុណ្ណោះ។
ដោយឡែក សម្រាប់ប្រជាពលរដ្ឋខ្មែរដែលកំពុងនៅទឹកដីថៃ ពិសេសពលករខ្មែរនោះ គឺក្រុមយោធាថៃអាចឲ្យចូលមកប្រទេសកម្ពុជាវិញបាន មិនបិទខ្ទប់នៅក្នុងដីរបស់គេឡើយ តែមិនអនុញ្ញាតឲ្យចូលទៅដីថៃវិញជាដាច់ខាត។ ស្ថានភាពនៅច្រកទ្វារច្រកទ្វារអន្ដរជាតិដូង ខេត្តបាត់ដំបង និងច្រកទ្វារព្រំដែនអន្ដរជាតិចាំយាម ខេត្តកោះកុង គឺយោធាថៃ អនុញ្ញាតឲ្យពលករខ្មែរត្រឡប់ចូលប្រទេសកម្ពុជាវិញ។
សម្រាប់នៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានអ្នកដំណើរជាច្រើននាក់ រួមទាំងជនជាតិថៃផងនោះ បានកកស្ទះនៅច្រកទ្វារព្រំដែន។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅពិនិត្យផ្ទាល់នៅច្រកទ្វារព្រំដែន ដោយបញ្ជាក់ជូនដល់ប្រជាពលរដ្ឋដែលកំពុងឈរចាំកកស្ទះ បម្រុងឆ្លងដែន។
លោកអភិបាលខេត្តបន្ទាយមានជ័យ បានពន្យល់ពលរដ្ឋថា ហេតុការណ៍ទាំងអស់នេះដែលបានកើតឡើង គឺភាគីថៃ ពិសេសក្រុមយោធាថៃតែម្ដង ដែលជាអ្នកបង្កទាំងអស់ ពោលសុទ្ធតែជាការសម្រេចចិត្តដោយឯកតោភាគី ក្នុងការបិទច្រកទ្វារព្រំដែនជាមួយប្រទេសកម្ពុជា ក្រោយមានភាពតានតឹងដាក់គ្នាលើបញ្ហាព្រំដែន។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមិថុនាម្សិលមិញ មេបញ្ជាការភូមិភាគ១ និងភូមិ២របស់ថៃ បានដាក់ចេញនូវបទបញ្ជាថ្មីមួយ ក្នុងការបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា បន្ទាប់ពីស្ថានភាពតាងតឹងដាក់គ្នាលើបញ្ហាព្រំដែន។ លិខិតដដែលនោះ មេបញ្ជាការភូមិ១ថៃ បានបញ្ជាឲ្យបិទចាប់ពីស្រុកម៉ាឡៃ រហូតដល់ខេត្តកោះកុង។ ដោយឡែក មេបញ្ជាការភូមិ២ថៃ បញ្ជាឲ្យបិទចាប់ពីក្រុងប៉ោយប៉ែត រហូតដល់ខេត្តព្រះវិហារ។
ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់មានការឆ្លើយតបផ្លូវការណាមួយ ក្រោយការសម្រេចដោយឯកតោភាគីរបស់ក្រុមយោធាថៃនេះឡើយ៕