(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារនៃសពឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥ កងទ័ពជើងគោក ដែលលោកបានទទួលមរណភាពនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១:១៥ នាទីរសៀល ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។
នៅក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារដូចនេះថា៖ ខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួលរំជួលចិត្តយ៉ាងក្រៃលែង ដោយបានទទួលដំណឹងថា ឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥ កងទ័ពជើងគោក លោកបានទទួលមរណភាពនៅថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១:១៥ នាទីរសៀល ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយលោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហានទូទាំង បញ្ជាការដ្ឋានយោធភូមិភាគទី៥ និងសូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌ដ៏ជ្រាលជ្រៅបំផុត។
មរណភាពរបស់ឧត្តមសេនីយ៍ទោ ព្រាប ឧត្តម គឺជាការបាត់បង់នូវលោកឪពុក ឪពុកក្មេក និងជីតាប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ដ៏ល្អពិសិដ្ឋចំពោះកូនៗ ចៅៗ ជាទីស្រឡាញ់ទាំងអស់ ហើយក៏ ជាការបាត់បង់នាយទាហានដ៏ល្អឆ្នើមមួយរូបនៃកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមចំណែកនៅក្នុង បេសកកម្មជាច្រើន ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី ជារៀងរហូតមក។
ជាមួយគ្នានេះ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ទោ ព្រាប ឧត្តម សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕