(ព្រះវិហារ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ បានដឹកនាំគណៈប្រតិភូក្រសួង ចុះសួរសុខទុក្ខកងទ័ពជួរមុខដែលឈរជើងការពារព្រំដែនក្នុងខេត្តព្រះវិហារ និងបាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ និងបានឧបត្ថម្ភថវិកាចំនួន ៥០លានរៀល ជូនដល់កងទ័ពនៅទីបញ្ជាការដ្ឋានអង្គរក្សទិសព្រះវិហារ។
អំណោយដ៏ថ្លៃថ្លានេះរួមមានការបរិច្ចាគថវិការបស់លោក និងភរិយាផ្ទាល់, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង, ព្រមទាំងការរួមចំណែកពីវិស័យឯកជន។
កាលពីថ្ងៃទី៩ ខែមិថុនា ក្រសួងក៏បាននាំយកអំពូលសូឡាចល័តចំនួន ១.០០០គ្រឿង ប្រគល់ជូនកងទ័ពដែលឈរជើងការពារតំបន់ប្រាសាទព្រះវិហារ និងតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យផងដែរ។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះមិនត្រឹមតែដើម្បីនាំយកនូវជំនួយឧបត្ថម្ភមកជូនកងទ័ពជួរមុខប៉ុណ្ណោះទេ តែជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។
លោកបានបន្ថែមថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាជនកម្ពុជាសូមគោរពកោតសរសើរ និងដឹងគុណចំពោះវីរៈភាព និងការលះបង់របស់កងទ័ពជួរមុខក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ យើងខ្ញុំឈរនៅជាមួយបងប្អូនជានិច្ច នៅក្នុងបុព្វហេតុជាតិដ៏ឧត្តុងឧត្តមនេះ»។
ឯកឧតុ្តមមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ទិសព្រះវិហារ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរចុះសួរសុខទុក និងការឧត្ថម្ភគាំទ្រទាំងនេះ ដោយលើកឡើងថា នេះជាការផ្តល់កម្លាំងចិត្តក្នុងពេលវេលាដ៏សំខាន់ ខណៈដែលកងទ័ពជួរមុខកំពុងបំពេញកាតព្វកិច្ចការពារទឹកដី ក្រោមស្ថានភាពតានតឹងនៅតាមបន្ទាត់ព្រំដែន៕