(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

អញ្ជើញចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំនេះរួមមានថ្នា់ដឹកនាំក្រសួង, លោក លោកស្រីប្រធានអង្គភាពទាំងអស់ក្រោមឱវាទក្រសួង, មន្ទីរាជការតាមមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត អញ្ជេីញចូលួមតាមប្រព័ន្ធនិម្មិត (Zoom) មានចំនួនសរុប ៨៤១នាក់។

ជាកិច្ចចាប់ផ្ដើម លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានរបាយការណ៍វឌ្ឍនភាពការងារក្នុងឆមាសទី១ ឆ្នាំ២០២៥ ដោយបានបង្ហាញពីលទ្ធផលដែលសម្រេចបានតាមរយៈការអនុវត្តកម្មវិធីអាទិភាពទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលរួមមាន៖

ទី១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់

ទី២៖ លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ

ទី៣៖ ជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ

ទី៤៖ លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង

ទី៥៖ ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។ តាមរយៈរបាយការណ៍បានបញ្ជាក់ថា៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំអនុវត្តកម្មវិធីអាទិភាពទាំង ៥ ខាងលើ សម្រេចបានជារួម ៥២,២៥%។

បន្ទាប់មក លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានធ្វើបទបង្ហាញស្ដីពី ការវាយតម្លៃសូចនាករសមិទ្ធកម្មប្រចាំ ឆមាសទី១ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយផ្ដោតទៅលើមាតិកា ៤ សំខាន់ៗគឺ ១-ទិដ្ឋភាពទូទៅនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ២-កិច្ចព្រមព្រៀងសមិទ្ធកម្ម ឆ្នាំ២០២៥ ៣-លទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្ម និងទី៤-សេចក្ដីសន្និដ្ឋាន ដោយបានធ្វើការព្រៀបធៀបគោលដៅសម្រេចបាននៅឆ្នាំឆ្នាំ២០២៥ ខ្ពស់ជាងគោលដៅសម្រេចបានៅក្នុងឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានធ្វេីការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តការងារយ៉ាងសកម្ម ធ្វេីឱ្យក្រសួងសម្រេចបានសមិទ្ធផលជាច្រេីនស្របតាមផែនការ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៥ ដែលជាការបង្ហាញអំពីការចូលរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្រ្ដី បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលជាមគ្គទេសក៍ពោរពេញដោយសមត្ថភាព និងឆន្ទៈយ៉ាងមុតមាំ ដើម្បីបន្តកសាងកម្ពុជាប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ ។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍មួយចំនួនដើម្បីពង្រឹងប្រសិទ្ធភាពការងារទាំងផ្នែកបច្ចេកទេស និងផ្នែករដ្ឋបាលលើវិស័យអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្ដរភាព។

ជាកិច្ចបញ្ចប់ លោករដ្ឋមន្ត្រី ក៏ដូចជាអង្គប្រជុំទាំងមូល បានបង្ហាញស្មារតីគាំទ្រយ៉ាងពេញទំហឹងចំពោះយន្ដការរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់បញ្ហាលើបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទន្ទឹមនឹងយន្តការទ្វេរភាគីដើម្បីថែរក្សាថែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង់ ព្រមទាំងបានថ្លែងអំណរគុណ និងសម្តែងការដឹងគុណចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជាគ្រប់ប្រភេទដែលកំពុងឈរជេីងការពារបូរណភាពទឹកដីកម្ពុជាតាមបន្ទាត់ព្រំដែនមិនឱ្យអ្នកណាចូលឈ្លានពានបានឡើយ៕