(ភ្នំពេញ)៖ លោក ប៉ែន​ បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ពាក្យបណ្តឹងចំនួន២ ដែលថៃប្តឹងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គ្រាន់តែជាការធ្វើឱ្យមានសំឡេងបែបមនុស្សខូចប៉ុណ្ណោះ។

នេះបើតាមវិដេអូរបស់លោក ប៉ែន បូណា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ បំផ្លើសបំភ្លៃរបស់ថៃមកលើកម្ពុជា។

លោក ប៉ែន បូណា បានលើកឡើងថា ចរិតរបស់មន្ត្រី និងយោធាថៃ គឺជាចរិតកូនក្មេង និងជាចរិតបង្ករឿង។ ជាក់ស្តែង បណ្តឹងចំនួន២ ដែលថៃប្តឹងសម្តេចតេជោ ហ៊ុន សែន រួមមាន ការបែកធ្លាយសំឡេងសន្ទនារវាងសម្តេចតេជោ និងនាយករដ្ឋមន្ត្រីថៃ និងបណ្តឹងពាក់ព័ន្ធនឹងឃាតកម្មលោក លឹម គីមយ៉ា គឺជាបណ្តឹងឆ្កួតលេលា គ្មានបានការអ្វីទាំងអស់ តែថៃធ្វើនេះដើម្បីឲ្យមានសំឡេងតែប៉ុណ្ណោះ។

លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក្យបណ្តឹងនេះ វាគ្រាន់តែធ្វើឲ្យសំឡេងបែបមនុស្សខូច។ ធ្វើម៉េច កូនក្មេងខឹងគេ ធ្វើអីគេមិនបាន ជេរម្រ៉ាយគេ។ នេះជាចរិត ដែលគួរឲ្យសោកស្តាយណាស់»

លោក Somkid Chueakong អគ្គលេខាធិការរង នាយករដ្ឋមន្រ្តីថៃ បានប្តឹងសម្តេចតេជោ រឿងសំឡេងសន្ទនារវាងសម្តេច និងនាយករដ្ឋមន្រ្តីថៃនាពេលថ្មីៗនេះ៕