(រតនគិរី)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តរតនគិរី បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទជូនប្រជាពលរដ្ឋ។ ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជីន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

ថ្លែងក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទរវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តរតនគិរី គឺជាយន្តការដ៏ល្អបំផុតក្នុងការឆ្លើយតបទៅនឹងសំណើ សំណូមពរ និងតម្រូវការ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានទាន់ពេលវេលា នៃការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺប្រមុខនៃរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយធ្វើការបង្ខិតសេវាឲ្យកាន់កៀកជិត មានភាពងាយស្រួល រហ័ស និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រោមរូបមន្ត «ឈ្នះឈ្នះ» មានន័យថា គូភាគីឈ្នះទាំងអស់គ្នា វាខុសពីការសម្រេចក្តីនៅតុលាការដែលមានអ្នកឈ្នះ និងអ្នកចាញ់។

លោកអភិបាលខេត្ត បានបន្តថា ការបង្កើតឲ្យមាន «អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» នេះឡើង គឺជាភាពឆ្លាតវៃរបស់ថ្នាក់ដឹកកំពូល ក្នុងការសម្រាលការលំបាករបស់តុលាការ ចំពោះការកកស្ទះសំណុំរឿង និងដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ការសម្របសម្រួលដោះស្រាយ តាមយន្តការនេះ បានតែសំណុំរឿងរដ្ឋប្បវេណី លើកលែងតែសំណុំរឿងព្រហ្មទណ្ឌ ដែលជាឆន្ទានុសិទ្ធិរបស់តុលាការ។

លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរ ជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិតថា ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ អ.ដ.ក. និងរដ្ឋបាលខេត្ត នឹងធ្វើកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្នុងនោះរួមមាន៖

*ទី១៖ ក្នុងករណីមានការដាក់ពាក្យស្នើសុំពីរដ្ឋបាលខេត្ត អ.ដ.ក. នឹងរៀបចំចេញជា កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ចំពោះសំណុំរឿងវិវាទទាំងឡាយណា ដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយ អង្គភាពពាក់ព័ន្ធផ្សេងទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។

*ទី២៖ រដ្ឋបាលខេត្ត អាចបញ្ជូនសំណុំរឿងវិវាទដែលទទួលបានពីប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានរបស់ខេត្ត ដើម្បីដាក់ជូន អ.ដ.ក. ពិនិត្យ និងដោះស្រាយនៅ អ.ដ.ក.។

*ទី៣៖ រដ្ឋបាលខេត្ត នឹងផ្តល់កិច្ចសហការជូនដល់ អ.ដ.ក. ក្នុងការចុះមកដោះ ស្រាយវិវាទដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខេត្ត។

*ទី៤៖ រដ្ឋបាលខេត្ត នឹងផ្តល់កិច្ចសហការក្នុងការផ្តល់ទិន្នន័យពាក់ព័ន្ធនឹងការដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខេត្ត ជូន អ.ដ.ក. ដើម្បី អ.ដ.ក. មានមូលដ្ឋានច្បាស់លាស់ និងត្រឹមត្រូវក្នុងការរៀបចំគោលនយោបាយ និង ផែនការយុទ្ធសាស្ត្រដាក់ជូនរាជរដ្ឋាភិបាល។

*ទី៥៖ រួមសហការគ្នាក្នុងការពង្រឹង និងលើកកម្ពស់ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការឲ្យបានទូលំទូលាយ។

*ទី៦៖ រួមសហការគ្នាក្នុងការរៀបចំកិច្ចប្រជុំ សិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល ឬ ព្រឹត្តិការណ៍នានាទាក់ទងនឹងយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។

*ទី៧៖ អនុវត្តសកម្មភាពចាំបាច់ផ្សេងទៀត តាមការព្រមព្រៀងគ្នារបស់គូភាគី៕