(កំពង់ធំ)៖ លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានជំរុញអាជ្ញាធរពាក់ព័ន្ធក្នុងការអនុវត្តការងារសេវាសង្គមឲ្យកាន់តែរឹងមាំនិងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ លោកស្រី លំ គន្ធារី  ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ធំ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី សៀង លី សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ហុក ផល្លី លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត លោក លោកស្រី ជាក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីពាក់ព័ន្ធប្រមាណជិត ៤០០ នាក់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤-២៥ ខែ មិថុនា ឆ្នាំ២០២៥ សហការរៀបចំពី គ.ក.ស.ក ខេត្ត ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ។

លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត បានលើកឡើងថាវគ្គបណ្ដុះបណ្ដាលនេះអាចបង្កើនការយល់ដឹងអំពីសូចនាកររបស់បញ្ហាសេវាសង្គម គាំទ្រ និងលើកទឹកចិត្តដល់អ្នកចូលរួម ចេះរៀបចំផែនការសកម្មភាពនិងប្រើប្រាស់ថវិកាសេវាសង្គមឲ្យចំគោលដៅមានប្រសិទ្ធភាព អាចមានសមត្ថភាព រៀបចំលើការគ្រោងផែនការសកម្មភាព និងថវិកាឃុំ សង្កាត់។

លោកបន្តថា អាចកំណត់/ប្រមូលបញ្ហាសេវាសង្គម តាមរយៈផែនទីសេវាសង្គម ដើម្បីដាក់បញ្ចូលទៅក្នុងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ និងអាចបង្កើនការយល់ដឹងដល់អ្នកចូលរួមពីរបៀប នៃការកំណត់បញ្ហា តាមរយៈផែនទីសេវាសង្គមភូមិ និង ការរៀបចំតារាងវិភាគបញ្ហា តម្រូវការ និងដំណោះស្រាយដោយសមស្របសម្រាប់សេវាសង្គម។

លោកស្រី លំ គន្ធារី បានបញ្ជាក់ថា ការបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពដល់គណៈកម្មការធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងនិងសមត្ថភាពរបស់ គ.ក.ស.ក ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសមាសភាពពាក់ព័ន្ធក្នុងការអនុវត្តការងារសេវាសង្គមឱ្យកាន់តែរឹងមាំនិងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរឡើង។

លោកស្រីបន្តថា ដើម្បីបំពេញបេសកកម្មការពារនិងជំរុញសិទ្ធិរបស់ស្ត្រីកុមារនិងក្រុមបុគ្គលងាយរងគ្រោះដោយផ្ដោតលើការផ្ដល់សេវាសាធារណៈយ៉ាងសកម្មឲ្យរឹងរឹតតែមានគុណភាព គុណផលប្រកបដោយពេញចិត្តរបស់បងប្អូន ប្រជាពលរដ្ឋក្នុងនោះយើងត្រូវយល់ដឹងអំពីសាវតា លិខិតបទដ្ឋានពាក់ព័ន្ធនិងសមាសភាពរបស់ គ.ក.ស.ក និង គ.ក.ន.ក។

លោកស្រីបន្ថែមថា វគ្គបណ្តុះបណ្តាលនេះមានមេរៀនអំពី បច្ចេកទេស និងជំនាញក្នុងការផ្តល់សេវាសង្គម, ករណីអនុវត្ត និងការចែករំលែកបទពិសោធន៍ពិត, ការគ្រប់គ្រង ការចាត់តាំង និងការកំណត់មុខសញ្ញាចំណាយ ថវិកាសេវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធីក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ ដែលផ្សាភ្ជាប់ទៅនឹងការអនុ វត្តការងារសេវាសង្គមនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ។ ការគ្រោងថវិកា និងការអនុវត្តថវិកាសេវាសង្គម ឃុំសង្កាត់ ក្នុងបរិបទនៃការអនុវត្តលើ “ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងថវិកាថ្នាក់ ក្រោមជាតិ” ដែលបានក្លាយជាកិច្ចការសំខាន់មួយ ដើម្បីធានាថាការប្រើប្រាស់ធនធានរដ្ឋ ត្រូវបានអនុវត្តដោយ យុត្តិធម៌ មានភាពស្មើភាព និងឆ្លើយតបតាមតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។

លោកស្រី សៀង លី ក្នុងនាម គ. ក.ស.ក ខេត្តមានចំណាប់អារម្មណ៍ទៅលើវគ្គបណ្ដុះបណ្ដាលនេះដោយជំរុញឲ្យសិក្ខាកាមរៀបចំផែនការ សេវាសង្គមលើចំណុចមួយចំនួនដូចជា លើកកម្ពស់សុខមាលភាពមាតានិងទារក អាហារូបត្ថម្ភ ពង្រឹងនិងពង្រីកការអប់រំកុមារតូច ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សានិងមធ្យមសិក្សា។ លើកកម្ពស់កិច្ចការស្ត្រីកុមារ សុខភាពយេនឌ័រ កិច្ចអន្តរាគមន៍និងគាំទ្រនិងជំរុញអនុវត្តកិច្ចការងារសង្គម ពង្រឹងការយល់ដឹងទប់ស្កាត់ការរីករាលដល់ជំងឺឆ្លងនិងមិនឆ្លងពង្រឹងការលើកកម្ពស់គណនេយ្យភាពសង្គមទឹកស្អាត អនាម័យ ការគ្រប់គ្រងសំណល់រឹង រាវ ការបម្រែបម្រួលអាកាសធាតុ៕