(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានប្រាប់លោក លោកស្រីមេភូមិទាំង១៣ភូមិ ក្នុងឃុំក្រោលគោ ត្រូវស្រង់ស្ថិតិឱ្យបានច្បាស់លាស់ពីចំនួនបងប្អូនប្រជាពលរដ្ឋដែលបានធ្វើចំណាកស្រុក និងបងប្អូន ពលករដែលបានវិលត្រឡប់មកពីប្រទេសជិតខាង ដើម្បីបានដឹង និងមានស្ថិតិច្បាស់លាស់ក្នុងដៃ ក្តាប់បានព័ត៌មានត្រឹមត្រូវពីអ្នកដែលចង់ស្វែងរកការងារធ្វើពិតប្រាកដ។

ការថ្លែងបែបនេះរបស់លោក ម៉ែន អេង នៅក្នុងឱកាសដែលលោកតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តចុះជួបសំណេះសំណាល ជាមួយមេឃុំ ក្រុមប្រឹក្សាឃុំ និងមេភូមិ អនុភូមិ សមាជិកភូមិ ដើម្បីស្រង់ស្ថិតិ ប្រជាពលរដ្ឋនៅក្នុងឃុំក្រោលគោដែលមិនមានការងារធ្វើ ស្ថិតនៅក្នុងគ្រួសារមានប័ណ្ណសមធម៌ ក្រ១ ក្រ២ រងហានិភ័យ និងជំរឿនប្រជាពលរដ្ឋនៅក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ ដែលមិនមានការងារធ្វើកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

ពិធីនេះក៏មានការចូលរួមពីលោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង, លោកប្រធានមន្ទីរព័ត៌មានខេត្ត, លោក នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, លោកស្រីអភិបាលរងស្រុកស្វាយជ្រំ, លោកមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ, ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ, លោកមេភូមិ អនុភូមិ និងសមាជិកភូមិ ។

អភិបាលបានបន្ថែមទៀតថា ក្នុងខេត្តស្វាយរៀងទទួលបានចំនួន ៣៤,០០០ នាក់ នៅក្នុង ១លាន ៥សែននាក់(1.5M) ក្នុងរយះពេល៥ឆ្នាំ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដាក់ចេញដើម្បីជួយគាំទ្រទៅដល់ បងប្អូនប្រជាពលរដ្ឋ បងប្អូនកូនក្មួយ ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ សម្រាប់ឆ្នាំ២០២៥នេះ ខេត្តស្វាយរៀងទទួលបានចំនួន៣០០០នាក់ ដូច្នេះហើយសូមប្អូនៗ កូនក្មួយ ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ រុះរាន់ឡើងក្នុងការដាក់ពាក្យចូលរៀន នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។

រៀនបានទាំងជំនាញ និងបានថវិកាទៀតផង ក្នុងមួយខែទទួលបានថវិកាចំនួន២៨ម៉ឺនរៀលគឺស្មើនឹង៧០ដុល្លារផងដែរ៕