(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកឡើងថា ការអញ្ជើញមកដល់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវត្តពោធិ៍៥០០០ដើម ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញនូវក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងក្ដីអាណិតអាសូរដ៏ជ្រាលជ្រៅបំផុត ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលបានភៀសខ្លួនមកស្នាក់នៅបណ្តោះអាសន្ន វត្តពោធិ៍៥,០០០ដើម ដោយសារហានិភ័យនៃសង្គ្រាម។
តាមរយៈបណ្ដាញសង្គម Facebook លោកអភិបាលខេត្ត បានបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺជាប្រភពនៃក្ដីសង្ឃឹម និងជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ពួកយើងខ្ញុំទាំងអស់គ្នា! យើងខ្ញុំពិតជាមានក្តីរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញវត្តមានដ៍ខ្ពដ់ខ្ពស់របស់សម្តេចធិបតី។
ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ បានធ្វើការប្តេជ្ញាចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល, ការពារបូរណភាពទឹកដី ការពារអធិបតេយ្យជាតិ ការពារផលប្រយោជន៍ជាតិ និងយកជ័យជំនះលើខ្មាំងឈ្លានពានឲ្យបានជាដាច់ខាត។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ចំនួន១២៨២គ្រួសារ ស្មើនឹង៣៨៥០នាក់។
នៅក្នុងឱកាសនេះ សម្តេចបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសម្រួលដោះស្រាយទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជម្លៀសខ្លួនមកពីបណ្តាតំបន់ប្រឈមហានិភ័យតាមបណ្តាលព្រំដែន ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត មកកាន់មណ្ឌលសុវត្ថិភាព នេះជាស្មារតីទទួលខុសត្រូវ និងបង្ការជាមុនចំពោះសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ប្រកាន់ជំហរការពារអធិបតេយ្យភាពជាតិដោយសន្តិភាព ជ្រើសយកច្បាប់អន្តរជាតិមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយនាំយកតំបន់ដែលកំពុងតានតឹងទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយបញ្ហាព្រំដែនឱ្យ បានចប់ជាស្ថាពរ ជូនប្រជាពលរដ្ឋខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗទៀត៕