(ភ្នំពេញ)៖ មូលនិធិ ម៉េងលី ជេ. គួច នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ ប្រារព្វនូវយុទ្ធនាកាបរិច្ចាគឈាមស្ម័គ្រចិត្តដ៏ធំជាលើកទី១២ របស់ខ្លួនក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ ផ្តល់ជីវិត» ដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក សិស្សានុសិស្ស និងសាធារណជនប្រមាណជាង ១០០នាក់ ក្នុងគោលបំណងជួយសង្គ្រោះអាយុជីវិតអ្នកជំងឺជាពិសេសកុមារ ស្ត្រី និងអ្នកជំងឺដែលកំពុងត្រូវការឈាម និងជំនួយបន្ទាន់នៅតាមមន្ទីរពេទ្យនានា។

ថ្លែងក្នុងពិធីបើកយុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១២ នេះផងដែរ លោក ពៅ ភក្តី នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ បានបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនេះ បានរៀបចំឡើងដោយមូលនិធិ ម៉េងលី ជេ. គួច និងសហការជាមួយសាលាទាំងពីរ ហើយក៏ជាផ្នែកមួយនៃកិច្ចការងារសង្គម និងសកម្មភាពសប្បុរសធម៌របស់សាលាដែលតែងតែអនុវត្តកន្លងមក ដូចជាកម្មវិធីចែកអំណោយសប្បុរសធម៌ជាស្បៀងជូនប្រជាពលរដ្ឋក្រីក្រ និងសម្ភារសិក្សាទៅកាន់សាលាតាមតំបន់ដាច់ស្រយាលផងដែរ។

លោកស្រី វេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានសម្តែងនូវសេចក្តីរីករាយនិងស្ងើចសរសើរយ៉ាងខ្លាំងចំពោះយុទ្ធនាការបរិច្ចាគឈាមលើកទី១២ យ៉ាងដូច្នេះថា «ខ្ញុំមានការត្រេកអរជាខ្លាំងចំពោះសាលាទាំងពីរដែលតែងតែបន្តចូលរួមចំណែក និងរៀបចំកម្មវិធីបរិច្ចាកឈាមនេះជាប្រចាំយ៉ាងហោចណាស់ក៏ ៤ ដងដែរក្នុងមួយឆ្នាំ ហើយសកម្មភាពនេះពិតជាឆ្លើយតបយ៉ាងចាំបាច់ក្នុងការជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺដែលត្រូវការឈាមព្រោះថា តម្រូវការឈាមគឺនៅខ្ពស់ ហើយខ្ញុំផ្ទាល់ក៏សូមលើកទឹកចិត្តសាធារណជនមេត្តាចូលរួមបរិច្ចាគឈាមឱ្យបានច្រើនបន្ថែមទៀត»

បន្ថែមលើសពីនេះផងដែរ លោក ស្រេត សាវឿន នាយកសាខាមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលសង្កែ បានបង្ហាញចំណាប់បន្ថែមថា កម្មវិធីនេះមិនត្រឹមតែលើសពីនេះទៅទៀត ការបរិច្ចាគឈាមមិនត្រឹមតែជួយសង្គ្រោះអាយុជីវិតអ្នកជំងឺប៉ុណ្ណោះទេ តែវាក៏អាចផ្តល់នូវអត្ថប្រយោជន៍ដល់អ្នកបរិច្ចាគឈាមផងដែរ ដូចជាកាត់បន្ថយហានិភ័យជំងឺមហារីកនានា កាត់បន្ថយកូលេស្ដេរ៉ុល និងភាពតានតឹងចិត្ត ហើយជាពិសេសបង្ហាញពីទឹកចិត្តសប្បុរសធម៌ វប្បធម៌នៃការចែករំលែក និងមានមោទនភាពក្នុងការចូលរួមជាមួយសង្គម។

សូមបញ្ជាក់ផងដែរថា គម្រោងធនាគារឈាម ម៉េងលី ជេ. គួច ជាគម្រោងមួយក្នុងចំណោមគម្រោងទាំង៦នៃកម្មវិធីសុខភាពរបស់មូលនិធិ ម៉េងលី ជេ. គួច ដែលជាមូលនិធិសប្បុរសធម៌ដ៏ធំមួយបង្កើតឡើងដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ហើយកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គមនិងកម្មវិធីសប្បុរសធម៌នានា ដោយឡែកមានអ្នកជំងឺសរុប១៤៦ នាក់ត្រូវបានជួយសង្គ្រោះតាមរយៈមូលនិធិ និងគិតជាឈាមសរុបចំនួន ៣៦៨ ប្លោក។ សម្រាប់សប្បុរសជនដែលមានបំណងចង់ចូលរួមបរិច្ចាគអាចទំនាក់ទំនងមកមូលនិធិតាមរយៈលេខទូរសព្ទ ០៩៥ ៨៨៨ ០៨៤៕