(ភ្នំពេញ)៖ នៅពេលដែលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បានកើនឡើងពាសពេញនៅអាស៊ីអាគ្នេយ៍ ប្រទេសថៃ បានចាប់ផ្តើមយុទ្ធនាការលាបពណ៌ដ៏គគ្លើនដាក់មកលើប្រទេសកម្ពុជា ដោយដាក់ឈ្មោះក្លែងក្លាយមកឱ្យកម្ពុជា ថាជាជម្រកដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ការលួចបន្លំតាមអ៊ីនធឺណិត។ ប៉ុន្តែការពិត បានបង្ហាញនូវរឿងផ្ទុយពីការចោទនេះទៅវិញ និងក៏ជារឿងមួយ ដែលរដ្ឋាភិបាលក្រុង បាងកក ពិតជាមិនសប្បាយចិត្តក្នុងទង្វើបកអាក្រាតចំពោះប្រទេសរបស់ខ្លួនឯងវិញនេះឡើយ។

ការពិតនោះគឺថា បច្ចុប្បន្នចាប់ពីក្រុងបាងកក រហូតដល់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ បានក្លាយជាមជ្ឈមណ្ឌលស្នូល នៃបណ្តាញឧក្រិដ្ឋកម្មសាយប័រអន្តរជាតិ។ កម្មវិធីបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ការជួញដូរមនុស្សឆ្លងព្រំដែន និងកិច្ចសហការជាមួយក្រុមឧក្រិដ្ឋកម្មនេះ កំពុងកើតឡើងនៅលើដីថៃ ហើយទង្វើនេះត្រូវបានបណ្តាញព័ត៌មានលើពិភពលោកបានផ្សាយបកអាក្រាតថែមទៀត។

* ប្រទេសថៃ៖ បណ្តាញឧក្រិដ្ឋកម្មតាម អ៊ីនធឺណិតដ៏ពិតប្រាកដ

ភស្ថុតាងច្បាស់លាស់ដែលគេបានបង្ក្រាប និងអ្វីដែលកំពុងធ្វើការស៊ើបអង្កេតជាបន្ត បានបើករបាំងមុខប្រទេសថៃថា ជាចំណុចស្នូលនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលត្រូវបានគេរៀបចំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ភាពយន្តឯកសារ ដែលបានចាក់ផ្សាយនៅថ្ងៃទី២០ ខែមិថុនា ដោយ Channel News Asia របស់សិង្ហបុរី បានលាតត្រដាងយ៉ាងច្បាស់ថា ប្រទេសថៃ កំពុងក្លាយជាមជ្ឈមណ្ឌលសំខាន់នៃបណ្តាញជួញដូរមនុស្សឆ្លងព្រំដែន។ ក្នុងចំណោមករណីសំខាន់ៗ មានរួមទាំងករណីតារាសម្ដែងចិន Wang Xing ដែលត្រូវបានជួញដូរពីអាកាសយានដ្ឋាន Suvarnabhumi ទៅកាន់កន្លែងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិត។

លើសពីនេះទៅទៀត របាយការណ៍ថ្មីរបស់ប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) ក៏បានបញ្ជាក់ដែរថា មានជនបរទេសចំនួន ១៣នាក់ ត្រូវបានគេចាប់ខ្លួននៅជាយក្រុងបាងកក ដែលក្នុងចំណោមនោះ មានជនជាតិអូស្ត្រាលី ៥នាក់ និងអង់គ្លេស ៦នាក់ ដែលពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ បោកប្រាស់ជនរងគ្រោះនូវទឹកប្រាក់ជាង ១.៩លានដុល្លារអូស្ត្រាលី ក្នុងរយៈពេលតែពីរខែប៉ុណ្ណោះ។ សកម្មភាពទាំងនេះ បានប្រព្រឹត្តឡើងនៅក្នុងក្រុងបាងកកនៃប្រទេសថៃ ដែលជាតឹកតាងពិតប្រាដក ដែលថៃ មិនអាចបដិសេធបានឡើយ។

អ្វីដែលគួរឲ្យព្រួយបារម្ភជាបន្ថែមទៀតនោះ គឺការរកឃើញពីទំនាក់ទំនងដ៏ស្មុគស្មាញ និងជំពាក់ជំពិន រវាងអាជ្ញាធរថៃមួយចំនួន និងបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិទាំងនេះ។ ស្ថានភាព ជាប់ជំពាក់មួយនេះ បានបង្កើតនូវសំណួរដ៏ធ្ងន់ធ្ងរក្នុងការចង់ដឹងថា តើជនរងគ្រោះរាប់ពាន់នាក់ចាប់ពី ទេសចរចិន រហូតដល់អ្នកចូលនិវត្តន៍អឺរ៉ុប និងអាមេរិក, តើពួកគេទាំងនោះបានធ្លាក់ចូលក្នុងបណ្តាញបោកប្រាស់នេះ ក្រោមភ្នែក និងអំណាចរបស់អាជ្ញាធរនៃរាជរដ្ឋាភិបាលថៃ ដោយរបៀបណា? តើមានអ្វីខ្លះពីក្រោមតុដ៏គគ្រិចនាំទៅរកការបិទបាំងទង្វើឧក្រិដ្ឋកម្ម Cybercrime នៅលើទឹកដីថៃនោះ?

* ថៃមិនអាចយកក្រដាសទៅខ្ចប់ភ្លើងបានឡើយ

ប៉ុន្តែអ្វីដ៏គួរឱ្យអស់សំណើចនោះ គឺថា ទោះមានភាពអាស្រូវរបស់ខ្លួនជុំវិញឧក្រិដ្ឋកម្មសាយប័រអន្តរជាតិ យ៉ាងនេះក្តី មន្ត្រីថៃ បែរជាព្យាយាមលាបពណ៌ខ្លួនឯង ថាជាប្រទេសស្អាតស្អំ ដោយប្រឌិតរឿងរិះគន់ដាក់មកប្រទេសជិតខាង ដើម្បីគេចខ្លួនពីការទទួលខុសត្រូវ។ សកម្មភាពនេះមិនត្រឹមជាការបំពានលើគំនិតល្អ នៃសហគមន៍អាស៊ានទេ ប៉ុន្តែវាជារបៀបនយោបាយដែលគួរឲ្យបារម្ភ។

នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ 2025 រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើកម្ពុជា។ ប៉ុន្តែនៅយប់ដដែលនោះផងដែរ Channel News Asia របស់សិង្ហបុរី បានលាតត្រដាងការជាប់ពាក់ព័ន្ធយ៉ាងជ្រៅរបស់ប្រទេសថៃជាមួយនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដោយបង្វែរអ្វីដែលគេធ្លាប់ស្គាល់ថាជា «ត្រីកោណមាស» ក្លាយទៅជាអ្វី ដែលអ្នកជំនាញបានហៅថា «ត្រីកោណផ្លាទីន» នៃការក្លែងបន្លំជាសកល។

សម្តីប្រឌិតរឿងរិះគន់របស់រដ្ឋមន្ត្រីថៃ លោក ប្រាសឺត ចាន់ដារ៉ាធុង Prasert Jantararuangtong ដោយការនិយាយបន្ទោសដាក់ប្រទេសកម្ពុជា ដើម្បីព្យាយាមបិទបាំងកំហុសឱ្យប្រទេសថៃនោះ មិនត្រឹមតែជាព័ត៌មានមិនពិតប៉ុណ្ណោះទេ វាជាទង្វើប្រកបដោយពិសពុលផង និងជាជាការបង្ហាញដ៏ច្បាស់ក្រឡែតនូវទង្វើលាក់ពុតរបស់មន្ត្រីថៃរូបនេះថែមទៀត។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃប្រទេសកម្ពុជា លោក ជា វ៉ាន់ដេត បានចេញមុខថ្កោលទោស ការចោទប្រកាន់របស់រដ្ឋមន្ត្រីថៃរូបនោះ ដោយបញ្ជាក់តបមកវិញថា សម្តីនិយាយរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសថៃ ជាសម្តីគ្មានការទទួលខុសត្រូវ, គ្មានមូលដ្ឋាន បង្កើតការភាន់ច្រឡំយ៉ាងខ្លាំង និងឈានទៅបំផ្លិចបំផ្លាញទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានថ្លែងថា៖ «កម្ពុជាមិនដែលគាំទ្រ ឬបើកផ្លូវចំពោះសកម្មភាពឧក្រិដ្ឋកម្មសាយប័រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្តេជ្ញាយ៉ាងពេញទំហឹងចំពោះសុចរិតភាព តម្លាភាព និងការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងបទដ្ឋានអន្តរជាតិ»។ ជាការពិតណាស់ ដើម្បីរួមគ្នាជាមួយប្រទេសក្នុងតំបន់និងពិភពលោក រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទប់ស្កាត់ប្រឆាំងនិងបង្រ្កាបការឆបោកតាមប្រព័ន្ធអនឡាញ។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដដែល បានថ្លែងថា៖ «អាជ្ញាធរថៃគួរតែផ្តោតលើការប្រយុទ្ធប្រឆាំងបណ្តាញឧក្រិដ្ឋកម្មសាយប័រ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ជាជាងការចោទប្រកាន់គ្នាដោយមិនមានការទទួលខុសត្រូវ»។

គេនៅតែមានភស្តុតាងជាច្រើនបន្ថែមទៀត ដែលបង្ហាញពីតួនាទីរបស់ប្រទេសថៃក្នុងការជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មសាយប័រអន្តរជាតិ។ ក្នុងនោះរួមមានការប្រតិបត្តិការបង្ក្រាបក្នុងមូលដ្ឋាននៅខេត្ត Samut Prakan និង Dok Mai ដែលបានសហការជាមួយអាជ្ញាធរអូស្ត្រាលីក្នុងរយៈពេលច្រើនម៉ោងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ រួមទាំងការដោះស្រាយសង្គ្រោះជនរងគ្រោះជាង ៧,០០០នាក់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ដែលបានរងការជួញដូរមនុស្សពីប្រទេសថៃឆ្លងព្រំដែនទៅកាន់តំបន់បំពេញការងារឆបោកនៅ Myawaddy ប្រទេសមីយ៉ាន់ម៉ា តាមរយៈតំបន់ Mae Sot ប្រទេសថៃ និងការបង្ក្រាបនានាជាច្រើនទៀត។

* កម្ពុជា មិនមែនជាគន្លងឆ្លងកាត់ នៃអំពើឧក្រិដ្ឋកម្មសាយប័រទេ

មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលការងារសន្តិសុខជាតិ បានបង្ហើបឱ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នូវរបៀបល្បិចដ៏អាក្រក់មួយរបស់ថៃ នោះគឺការប្រើប្រាស់ដីធ្លីតំបន់ជិតព្រំដែន ជាគន្លងឲ្យក្រុមឧក្រិដ្ឋកម្មអន្តរជាតិ មានលទ្ធភាពធ្វើដំណើរការឧក្រិដ្ឋនៅទូទាំងតំបន់។ បណ្តាញទាំងនេះ អាចដំណើរការបាន ពីព្រោះថៃបានផ្តល់សេវាអ៊ីនធឺណិត ផ្គត់ផ្គង់អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលគាំទ្រជាប្រព័ន្ធផ្នែកខាងក្រោយ។ ប៉ុន្តែនៅពេលដែលអំពើឧក្រិដ្ឋកើតមានឡើង និងស្ថិតក្នុងការតាមដានជាអន្តរជាតិនោះ ពួកគេតែងតែប្តូរទិសដៅ ដោយរកលេសវិលចោទប្រកាន់ដាក់មកលើកម្ពុជា។

មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសន្តិសុខរបស់កម្ពុជាដដែល បានបញ្ជាក់ពីបំណងប្រាថ្នាដ៏មោះមុតថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តពង្រឹងវិធានការសន្តិសុខយ៉ាងតឹងរឹង ដើម្បីសម្អាត «សំរាម» ដែលលេចចេញពីប្រទេសថៃ និងទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្មអន្តរជាតិដែលកំពុងជ្រៀតជ្រែកមកលើទឹកដីជាតិ។ កម្ពុជាមិនមែនជាគន្លងឆ្លងកាត់ នៃអំពើឧក្រិដ្ឋកម្មសាយប័រទេ ប៉ុន្តែជាប្រទេសរងគ្រោះ និងជាប្រទេស ដែលមានបន្ទុក និងកាតព្វកិច្ចក្នុងការទប់ស្កាត់ បំបាត់ និងបញ្ចប់សកម្មភាពខុសច្បាប់ ដែលមានដើមកំណើតពីបរទេសនេះឱ្យអស់ចេញពីកម្ពុជា។

កម្ពុជាមិនមែនជាប្រទេស នៃជម្រកលាក់ខ្លួនរបស់ក្រុមបណ្តាញឧក្រិដ្ឋកម្មសាយប័រអន្តរជាតិឡើយ។ កម្ពុជា តែងចាត់វិធានការយ៉ាងសកម្ម និងប្រកបដោយតម្លាភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនថឺណិត ដោយអំពាវនាវឱ្យមានកិច្ចសហការក្នុងតំបន់ដោយផ្អែកលើការពិតជាក់ស្តែង មិនមែនគ្រាន់តែការចង្អុលម្រាមដៃដាក់លើប្រទេសដែលបរិសុទ្ធឡើយ។

ប្រទេសថៃខ្លួនឯង គប្បីត្រូវដឹងដោយខ្លួនឯងថា ប្រទេសរបស់អ្នក កំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់អន្តរជាតិកាន់តែខ្លាំងឡើង ដែលទាំងតំបន់ និងពិភពលោក បានមើលឃើញហើយថា ប្រទេសថៃរបស់អ្នក គឺជាទីតាំងស្នូលដ៏ធំមួយ នៃបណ្តាញឧក្រិដ្ឋកម្មសាយប័រអន្តរជាតិ។ នោះមិនមែនជាប្រទេសកម្ពុជា ដូចអ្វីដែលថៃបាននិយាយលាបពណ៌នោះឡើយ។ វាដល់ពេលហើយសម្រាប់សហគមន៍អន្តរជាតិ ដើម្បីមើលកាន់តែច្បាស់នូវអតីតកាលល្ខោននយោបាយ និងការឃោសនារបស់មន្ត្រីថៃ ដែលព្យាយាមលាបពណ៌ដល់ប្រទេសកម្ពុជានេះ។ កម្ពុជា នៅតែប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតតាមរយៈសុចរិតភាព កិច្ចសហប្រតិបត្តិការ និងនីតិរដ្ឋ៕