(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជាដែលមាននិវេសដ្ឋាននៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍រវាងប្រទេសទាំងពីរ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារបុរីអង្គរ។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីកម្ពុជា និងកាហ្សាក់ស្ថាន មានទស្សនៈស្របគ្នាលើ គុណតម្លៃនៃមិត្តភាព និងសារៈសំខាន់របស់វិស័យទេសចរណ៍ដែលត្រូវការសន្តិភាព ភាពសុខដុមរមនា និងការឯកភាពគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ព្រមទាំងបានសំដែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិទេសចរណ៍នាពេលកន្លងមក តាមរយៈកំណើនប្រជាជនកាហ្សាក់ស្ថាន អញ្ជើញមកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំប្រមាណជិត៥,០០០នាក់។

ក្នុងឱកាសនៃជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានស្នើនូវគំនិតផ្តួចផ្តើមគោរពអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួមសន្និសីទអន្តរជាតិដែលគ្រោងរៀបចំ នៅសាធារណរដ្ឋកាហ្សាក់ស្ថានក្នុងឆ្នាំ២០២៦ ខាងមុខ ដែលក្នុងសន្និសីទអន្តរជាតិនោះ គ្រោងនឹងគោរពអញ្ជើញថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាចែករំលែកអំពី បទពិសោធដ៏មានតម្លែបំផុតរបស់កម្ពុជាគឺ ដំណើរស្វែងរកសន្តិភាព និងការកសាងនិងអភិវឌ្ឍប្រទេសមួយដែលចាប់ផ្តើមពីបាតដៃទទេ។

ជាការឆ្លើយតប រដ្ឋមន្រ្តី ហួត ហាក់ បានសាទរនូវគំនិតផ្តួចផ្តើមដ៏ល្អខាងលើ ដែលទទួលស្គាល់និងផ្តល់សារៈសំខាន់ដល់គុណតម្លៃនៃសន្តិភាព និងការលំបាកក្នុងការស្វែងរកសន្តិភាពដែលត្រូវការពេលរាប់ឆ្នាំទើបសម្រេចបាន ខណៈពេលដែលពិភពលោកកំពុងស្ថិតក្នុងភាពផុយស្រួយនៃជម្លោះ និងសង្រ្គាម។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត តាមរយៈលទ្ធភាពនៃការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី, ការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរវាងស្ថាប័នទេសចរណ៍នៃប្រទេសទាំងពីរ, ការជំរុញភាពយន្តទេសចរណ៍ (film tourism), និងការពិនិត្យលទ្ធភាពឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងជំរុញភ្ញៀវទេសចរវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕