(កំពង់ស្ពឺ)៖ សហគមន៍តំបន់ការពារធម្មជាតិនានាទូទាំងប្រទេសកម្ពុជា ទទួលបានការពង្រឹងតួនាទីយ៉ាងសំខាន់ពីក្រសួងបរិស្ថាន ដើម្បីជួយបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍នៅទីនោះ ក៏ដូចជាឱ្យពួកគាត់ចូលរួមការពារ និងអភិរក្សព្រៃឈើផងដែរ។ សហគមន៍តំបន់ការពារធម្មជាតិដើរតួនាទីសំខាន់ក្នុងកិច្ចការងារការពារ និងអភិរក្សព្រៃឈើសហគមន៍ ហើយក៏ជាកន្លែងដែលសហគមន៍ត្រូវធ្វើជាម្ចាស់សម្រាប់ការអភិវឌ្ឍគោលដៅលម្ហែបៃតង ដែលត្រូវស្វាគមន៍ ភ្ញៀវទេសចរមកកម្សាន្ត និងទស្សនាទេសភាពធម្មជាតិ ទីតាំងវប្បធម៌ ប្រវត្តិសាស្ត្រសាសនា នៅក្នុងព្រៃសហគមន៍ទៀតផង។
ជាក់ស្តែងប្រជាសហគមន៍តំបន់ការពារធម្មជាតិចំបក់ មានទីតាំងនៅក្បែរឧទ្យានជាតិ គិរីរម្យ ខេត្តកំពង់ស្ពឺ មានចម្ងាយប្រហែល ១០៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ បានរៀបចំជាផ្ទះស្នាក់ ដើម្បីបម្រើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅតំបន់សហគមន៍អេកូទេសចរណ៍។ ផ្ទះស្នាក់ នៅសហគមន៍តំបន់ការពារធម្មជាតិចំបក់ មានចំនួនជាង៣០ផ្ទះ ដោយក្នុងនេះថ្លៃឈ្នួលស្នាក់នៅម្នាក់ ៤ដុល្លារ ក្នុងមួយថ្ងៃប៉ុណ្ណោះ។
បើតាមអ្នកស្រី ហួត ខេម រស់នៅភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឱ្យដឹងថាគិតចាប់តាំងតែពីចាប់ផ្តើមបង្កើតផ្ទះស្នាក់ អំឡុងឆ្នាំ២០០៣មក ផ្ទះស្នាក់របស់អ្នកស្រី ដំណើរការរលូនល្អ បើទោះបីពេលខ្លះខ្សត់ខ្សោយភ្ញៀវក៏ដោយ ប៉ុន្តែ ក៏អាចរកចំណូលសម្រាប់ពួកគាត់ រៀងរាល់ខែដែរ។
នៅក្នុងវ័យ ៤២ឆ្នាំ ដែលរស់នៅជាមួយម្តាយចាស់ម្នាក់ និងមានផ្ទះមួយខ្នងសង់ពីឈើអាចផ្តល់កន្លែងស្នាក់នៅរបស់អ្នកទេសចរបានចំនួន៥នាក់ អ្នកស្រី ហួត ខេម បានរៀបរាប់ប្រាប់ថា៖ «ក្រោយការបង្កើតផ្ទះស្នាក់បានជួយច្រើនដល់ប្រជាសហគមន៍ក្នុងនេះ ដែលកាលពីមុនធ្លាប់តែបរបាញ់សត្វ កាប់ព្រៃឈើ តែនៅពេលដែលបង្កើតតំបន់ទេសចរណ៍ចំបក់ និងពិសេសមានការបង្កើតផ្ទះស្នាក់ មកធ្វើឱ្យពលរដ្ឋមានចំណូលពីផ្ទះស្នាក់ លក់របស់របរហូបចុក នាំភ្ញៀវទេសចរ ធ្វើឱ្យម្នាក់ៗមានចំណូលប្រចាំថ្ងៃ ហើយព្រមជាមួយគ្នាជីវភាពបានលើកកម្ពស់។ហេតុនេះការដែលពួកអ្នកស្រុកធ្លាប់ តែចូលព្រៃកាប់ឈើ បរបាញ់សត្វ ពេលនេះត្រឡប់មកចូលរួមអភិរក្សជំនួសវិញទៀតផង»។
ស្រដៀងគ្នានេះដែរ អ្នកស្រី ហង្ស ភឿន ដែលមានផ្ទះស្នាក់នៅក្នុងភូមិនេះដែរ បានលើកឡើងថា ក្នុងការបើកបម្រើផ្ទះស្នាក់នេះពិតជាបានជួយច្រើនក្នុងការផ្តល់ប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ។ ក្នុងនេះអ្នកស្រីបានយកប្រាក់ឈ្នួលស្នាក់នៅមួយយប់តម្លៃ ៤ដុល្លារសម្រាប់ភ្ញៀវម្នាក់។បើភ្ញៀវចង់ឱ្យធ្វើម្ហូបឱ្យ ឬក៏ចង់បរិភោគជាមួយពួកគាត់គឺគិតលុយបញ្ចូលបន្ថែមទៀត។
ម្ចាស់ផ្ទះស្នាក់រូបនេះបានប្រាប់ដែរថា៖ «ពេលបើកដំបូងៗខ្ញុំមានការអៀនភ្ញៀវ តែពេលនេះលែងហើយ។ ពួកយើងស្និទ្ធស្នាលគ្នា ហើយភ្ញៀវបរទេសខ្លះមកស្នាក់នៅរាប់ខែប្រៀបដូចបងប្អូន។ ពួកគេមកទេសចរ និងមកស្រាវជ្រាវ ថ្ងៃខ្លះភ្ញៀវបរទេសមកចូលរួមធ្វើចំការ ធ្វើស្រែ ជួយធ្វើនំលក់ក៏មានដែរ។ គិតទៅសប្បាយ និងមានអនុស្សាវរីយ៍ល្អៗជាមួយពួកគាត់ ថ្ងៃខ្លះពួកខ្ញុំក៏នឹកពួកគាត់»។
សម្រាប់លោក ទូច ម៉ន ប្រធានសហគមន៍តំបន់ការពារធម្មជាតិចំបក់ បានឱ្យដឹងថា សហគមន៍នេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៣ នៅក្នុងផ្ទៃដីរបស់សហគមន៍គ្រប់គ្រងរាល់ថ្ងៃគឺមាន ៣,៣៨២ហិកតា។ ទីនេះមានទឹកធ្លាក់ដ៏ស្រស់ត្រកាលគ្មានគូប្រៀប។ នៅទីនេះទទួលបានភ្ញៀវទេសចរបរទេសពិសេសអឺរ៉ុបច្រើនបំផុតដោយក្នុងមួយខែអាចទទួលបានប្រមាណ ៥០០នាក់ ហើយបើគិតជាភ្ញៀវមួយខែគិតជាមធ្យម១ម៉ឺននាក់។
លោកបានប្រៀបធៀបប្រជាពលរដ្ឋក្នុងសហគមន៍នេះ កាលពីមិនទាន់ចងក្រងជាសហគមន៍ប្រៀបដូចជនជាតិភាគតិច ពោលគឺរស់នៅដាច់ដោយឡែកពីគេ តែបច្ចុប្បន្នស្ថានភាពគ្រួសាររបស់ប្រជាសហគមន៍ល្អប្រសើរមិនចាញ់ពីតំបន់ដទៃទៀតឡើយ។
លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន និងជាប្រធានគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បានឱ្យដឹងថាសហគមន៍តំបន់ការពារធម្មជាតិ បច្ចុប្បន្នមានចំនួន ១៩៤សហគមន៍ ក្នុងនេះមាន៥៣សហគមន៍ ដែលមានដំណើរការផ្តល់សេវាទេសចរណ៍ធម្មជាតិ ហើយក្នុងចំណោមសហគមន៍ទាំង៥៣នេះដែរ គឺមានចំនួន១៥សហគមន៍ ដែលទទួលបានការគាំទ្រទាំងទេសចរណ៍ ការដាំស្តារព្រៃឈើ ការរកអនុផលព្រៃឈើ ការកែច្នៃឬស្សី ក្រវាញ គម្រោងនេះគឺឆ្លើយតបនឹងយុទ្ធសាស្រ្តវិស័យចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។
ដោយឡែកលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា នាពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាកំពុងតែពេញនិយមក្នុងការធ្វើដំណើរកម្សាន្តតំបន់ការពារធម្មជាតិ ដូច្នេះ ហើយតំបន់ការពារធនធានធម្មជាតិ មានសក្តានុពលច្រើនសម្រាប់ពង្រីកគោលដៅលំហែបៃតង។ ក្រសួងបរិស្ថានតាមរយៈដៃគូផ្សេងៗទៀតបានជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងនេះមានទាំងទឹកស្អាត បង្គន់អនាម័យ ជួយរៀបចំកន្លែងបោះតង់ សម្រាប់សម្រាកកម្សាន្តនៅតាមតំបន់សហគមន៍ក្នុងគោលដៅសម្រាប់គោលដៅកម្សាន្តលំហែបៃតង ឬទីលំហែបៃតង តាមរយៈការជំរុញនេះ ប្រជាសហគមន៍មានចំណូលកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងអភិវឌ្ឍគោលដៅលម្ហែបៃតងនៅតាមសហគមន៍តំបន់ការពារធម្មជាតិ សំដៅជួយឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត រួមមាន ការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារផង ព្រមទាំងជួយរៀបចំបង្កើតជាអេកូទេសចរណ៍នៅក្នុងតំបន់សហគមន៍ជាដើម៕