(ភ្នំពេញ)៖ លោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក កៀង ល័ក្ស អភិបាលខណ្ឌចការមន នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៤ ដើម្បីដោះស្រាយសំណើ សំណូមពររបស់ប្រជាពលរដ្ឋ។

តាមរយៈវេទិកានេះប្រជាពលរដ្ឋនៅខណ្ឌចំការមន បានលើកឡើង ក្នុងវេទិកាសាធារណៈជាសំណើ សំណូមពរឱ្យអាជ្ញាធរជួយធ្វើការស្តារ និងដាក់លូបន្ថែម ព្រមទាំងជួសជុលផ្លូវដែលខូច ជួយបើកកំណាត់ផ្លូវ១៦៧ ជួយតបណ្តាញទឹកស្អាត ព្រមទាំងដាក់បន្ថែមបង្គោលភ្លើង សម្រាប់បំភ្លឺផ្លូវនៅពេលយប់ផងដែរ។

ឆ្លើយតប និងបញ្ហាសំណើ សំណូមពរខាងលើលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានសន្យាថា និងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ជាពិសេសក្នុងនាមរដ្ឋបាលខណ្ឌ លោកនឹងបន្តធ្វើឱ្យដូចជាភ្លៀងរលឹម មិនអាចដកដៃបានទេ តែទោះជាយ៉ាងណាលោកក៏បានសំណូមពរឱ្យមានការចូលរួមពីប្រជាពលរដ្ឋផងដែរ ដើម្បីសុខភាពកូនចៅផង សុខសុវត្ថិភាពក្នុងមូលដ្ឋានផង និងដើម្បីចូលរួមចំណែកដល់បរិស្ថានសង្គម ក្នុងមូលដ្ឋានផងដែរ។

ចំពោះករណីបើកកំណាត់ផ្លូវ១៦៧ សង្កាត់ទួលទំពូង២ លោកអភិបាលខណ្ឌ បានប្រគល់ជូនលោក អាំង សិរីពិសិដ្ឋ អភិបាលរង ដឹកនាំក្រុមការងារចុះសិក្សា ដើម្បីរកលទ្ធភាពបើក ប៉ុន្តែបើរាំងស្ទះដោយបញ្ហាណាមួយ ដោយផលប៉ះពាល់សំណងណាមួយ ត្រូវបញ្ជូនសំណើរទៅសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយបន្ត។

ចំពោះករណីការដ្ឋានសំណង់ ដែលស្ថិតនៅភូមិ៧ សង្កាត់ទន្លេបាសាក់ ដែលបង្កការរំខានដល់ប្រជាពលរដ្ឋរស់នៅជុំវិញ ដូចជាករណីធ្លាក់ដែកមកលើដំបូលផ្ទះ បណ្តាលអោយធ្លុះធ្លាយ ប៊ិះត្រូវកូនចៅប្រជាពលរដ្ឋនោះ ត្រូវបានលោកអភិបាលខណ្ឌ ចាត់លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌ ចុះពិនិត្យ និងដោះស្រាយភ្លាមៗ ដោយកំណត់ពិនិត្យការហ៊ុំព័ទ្ឋការដ្ឋាន បើឃើញថា មិនត្រូវតាមបទដ្ឋាននៃកិច្ចសន្យាទេនោះ ត្រូវបិទការដ្ឋានតែម្តង។

អាជ្ញាធរបានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឱ្យរដ្ឋបាលខណ្ឌ និងសង្កាត់ យកទៅពិចារណា ឆ្លើយតប និងធ្វើការកែទម្រង់ក្នុងការអនុវត្តន៍ សកម្មភាពរបស់ខ្លួន ដើម្បីលើកកំពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខណ្ឌ ពិសេសប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ឱ្យកាន់តែល្អប្រសើរ។ ការចូលរួមផ្តល់មតិយោបល់ សំណួរ និងសំណូមពររបស់អស់លោក លោកស្រី នាថ្ងៃនេះ បាននាំមកនូវសក្តានុពលដ៏ធំធេង ធ្វើឱ្យរដ្ឋបាលខណ្ឌ អាចឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលរដ្ឋបាលខណ្ឌបានអនុវត្តកន្លងមក និងអាចឱ្យគណៈអភិបាលខណ្ឌយកទៅពិចារណា ធ្វើការកែលម្អឡើងវិញ ឱ្យបានសមស្រប តាមសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។

ក្រុមប្រឹក្សាខណ្ឌ ក៏ដូចជារដ្ឋបាលខណ្ឌទាំងមូលបានយកចិត្តទុកដាក់ដល់ការអនុវត្តន៍ នូវគោលនយោបាយ កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាល តាមការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយបង្កលក្ខណៈឱ្យមានការចូលរួមយ៉ាងសកម្ម ពីប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីធ្វើការផ្លាស់ប្តូរ យោបល់ បទពិសោធន៍គ្នាទៅវិញទៅមក រកឱ្យឃើញនូវឫសគល់នៃបញ្ហា សិក្សាស្វែងយល់ពីតម្រូវការពិតប្រាកដ របស់ប្រជាពលរដ្ឋ និងរិះរកវិធានការដោះស្រាយឱ្យបាននូវបញ្ហាទាំងនោះ ជូនប្រជាពលរដ្ឋវិញ ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព ក្នុងនាមជាតំណាងសាធារណៈ ដែលទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋ។

តាមរយៈការពិភាក្សាពេញអង្គនៃវេទិកានាព្រឹកនេះ លោកសង្កេតឃើញថា មានការចូលរួមយ៉ាងផុលផុសពីសំណាក់អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ក្រុមប្រឹក្សាសង្កាត់ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ដែលជាមោទនភាពនៃក្រុមប្រឹក្សាខណ្ឌចំការមន ទទួលបាននូវមតិយោបល់ សំណួរ និងសំណូមពរ ផ្ទាល់មាត់ ចំនួន២ និងសំណើ សំណូមពរជាលាយលក្ខណ៍អក្សរចំនួន ១១ច្បាប់។

ក្នុងនាមក្រុមប្រឹក្សាខណ្ឌ និងរដ្ឋបាលខណ្ឌចំការមន លោកសូមជម្រាបជូនលោក លោកស្រី ដែលបានចូលរួមក្នុងវេទិកាទាំងអស់នាពេលនេះថា សំណួរ សំណូមពរ និងមតិយោបល់ មួយចំនួនរបស់អស់ លោក លោកស្រី អង្គវេទិកាបានបំភ្លឺ និងដោះស្រាយរួចហើយ ចំពោះសំណួរ សំណើ និងសំណូមពរជាលាយលក្ខណ៍អក្សរ ដែលនៅសល់មិនទាន់បានដោះស្រាយជូននាឱកាសនេះ ក្នុងនាមក្រុមប្រឹក្សាខណ្ឌ លោកនឹងយកសំណើ សំណួរ សំណូមពរ ទាំងនេះ ទៅដាក់ជូនគណៈអភិបាលខណ្ឌ ដើម្បីពិនិត្យ និងដោះស្រាយជូន ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់ អស់លោក លោកស្រី បងប្អូន ប្រជាពលរដ្ឋវិញ តាមរយៈក្រុមប្រឹក្សាសង្កាត់របស់អស់ លោក លោកស្រី ទាំងលទ្ធផល ជាវិជ្ជមាន ឬអវិជ្ជមាន ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនជ្រាប នៅពេលក្រោយ បន្ទាប់ពីវេទិកាផ្សផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌត្រូវបានបញ្ចប់៕