(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរខួបលើកទី១៨ ទិវាសមាគមអតីតយុទ្ធជនកម្ពុជា អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា បានបរិច្ចាគថវិកាក្នុងការកសាងទីស្នាក់ការសមាគមអតីតយុទ្ធជននៅខេត្តចំនួន៤ រួមមាន បន្ទាយមានជ័យ បាត់ដំបង រតនគិរី និងស្ទឹងត្រែង ចំណាយថវិកាសរុបចំនួន ៥០ម៉ឺនដុល្លា ដើម្បីគាំទ្រសកម្មភាពអតីតយុទ្ធជន។
ការចូលរួមនេះធ្វើឡើងតបតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពដល់អតីតយុទ្ធជន ដែលបានពលី និងលះបង់ពេញមួយជីវិតរហូតខ្លះមានពិការភាព។
អ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយា មើលឃើញថា ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន គឺមិនអាចកាត់ផ្តាច់បានពីការតស៊ូ និងរួមចំណែករបស់អតីតយុទ្ធជននោះទេ។
អ្នកឧកញ៉ា ម៉ម វណ្ណឌី លើកឡើងថា ស្របពេលប្រទេសកម្ពុជាមានការអភិវឌ្ឍជាលំដាប់ ដល់ពេលវេលាដែលគួរតែរួមចំណែកក្នុងការតបស្នងសងគុណដល់អតីតយុទ្ធជន ដើម្បីឱ្យពួកគាត់ទទួលបានការគិតគូរលើជីវភាពរស់នៅមួយយ៉ាងសមរម្យ។
ក្នុងនាមសប្បុរសជន ដែលគាំទ្រដល់អតីតយុទ្ធជន អ្នកឧកញ៉ា ម៉ម វណ្ណឌី កាលពីកន្លងទៅបានបរិច្ចាគថវិកាសាងសង់ផ្ទះជូនអតីតយុទ្ធជននៅតាមបណ្តាខេត្តសរុបចំនួន ១៣០ខ្នងផងដែរ៕